លោក Donald Trump មហាសេដ្ឋីអចលនទ្រព្យ បានទទួលការតែងតាំងជាផ្លូវការជាបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋរបស់សហរដ្ឋអាមេរិក នេះយោងតាមការរាប់ចំនួនប្រតិភូដោយទីភ្នាក់ងារព័ត៌មាន Associated Press។
គូប្រកួតប្រជែងនៅសេសសល់ចុងក្រោយរបស់លោកដែលកាលពីពេលមុនមានចំនួន១៧នាក់នោះនៅក្នុងគណបក្សសាធារណរដ្ឋនោះ បានដកខ្លួនចេញពីការប្រកួតប្រជែងតទល់ជាមួយលោក Trump កាលពីដើមខែឧសភា ហើយទីភ្នាក់ងារព័ត៌មាន Associated Press បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា អ្នករៀបចំកម្មវិធីទូរទស្សន៍កាលពីពេលមុនរូបនេះ ឥឡូវនេះ ប្រាកដជាទទួលបានប្រតិភូភាគច្រើនគឺ១.២៣៧នាក់នៅឯសន្និបាតជាតិរបស់គណបក្សសាធារណរដ្ឋនៅខែកក្កដា នៅពេលដែលលោក នឹងត្រូវបានទទួលការតែងតាំងជាផ្លូវការ។
លោក Trump ទំនងនឹងទទួលបានប្រតិភូរាប់រយនាក់ថែមទៀតនៅសន្និបាតគណបក្សនៅក្នុងការប្រកួតប្រជែងតែងតាំងជាបេក្ខជនប្រធានាធិបតីរដ្ឋចុងក្រោយនៅថ្ងៃទី៧ ខែកក្កដា។
លោក Trump បានប្រាប់ពួកអ្នកយកព័ត៌មាននៅឯសន្និសីទកាសែតក្នុងរដ្ឋ North Dakota ភាគខាងជើងសហរដ្ឋអាមេរិកថា «ខ្ញុំមានកិត្តិយសណាស់»។ លោកបានសន្យាថា នៅប៉ុន្មានថ្ងៃដំបូងនៃការកាន់តំណែងរបស់លោកជាប្រធានាធិបតី លោក នឹងច្រានចោលបញ្ជារបស់ប្រធានាធិបតីដែលត្រូវបានចុះហត្ថលេខាដោយលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ហើយនិងស្ថាបនាយោធាអាមេរិកឡើងវិញ។
លោក Trump បាននិយាយទៀតថា «គ្មានប្រទេសណាមួយហ៊ានប៉ះជាមួយយើងបានទៀតទេ។ យើងនឹងមានការសប្បាយរីករាយច្រើនក្នុងរយៈពេល១០០ថ្ងៃដំបូងនោះ»៕