ភ្លៀង​ធ្លាក់​មិន​ទាន់​ពេល​ធ្វើ​ឲ្យ​កសិករ​នៅ​ប្រទេស​​កាមេរូន​មាន​ការ​ព្រួយ​បារម្ភ

លោក Goodluck Jonathan (រូប​កណ្តាល) ប្រធានាធិបតី​នីហ្សេរីយ៉ា ឆ្លើយ​សំណួរ​ជាមួយ​នឹង​ប្រធានាធិបតី Paul Biya របស់​ប្រទេស​កាមេរូន (រូប​ឆ្វេង) និង​សមភាគី​បារាំង​របស់​លោក​គឺ លោក​ប្រធានាធិបតី Francois Hollande ក្នុង​សន្និសីទ​កាសែត​បញ្ចប់​កិច្ចប្រជុំ​ក្រុង​ប៉ារីស​សម្រាប់​សន្តិសុខ​នៅ​ក្នុង​ប្រទេស​នីហ្សេរីយ៉ា ក្នុង​ក្រុង​ប៉ារីស ប្រទេស​បារាំង កាលពី​ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៤។

រដ្ឋាភិបាល​នៃ​ប្រទេស​កាមេរូន​ (Cameroon) បាន​ស្នើ​កសិករ​មិន​ឲ្យ​ធ្វើ​ការ​ដាំដុះ​នៅ​ក្នុង​រដូវ​ដាំដុះ​ខាង​មុខ​នេះ រហូត​ដល់​ពេល​រដ្ឋាភិបាល​អាច​ធានា​ដល់​ពួកគេ​ថា នឹង​មាន​ភ្លៀង​ធ្លាក់​គ្រប់គ្រាន់។

រដ្ឋាភិបាល​នៃ​ប្រទេស​កាមេរូន​ (Cameroon) បាន​ស្នើ​កសិករ​មិន​ឲ្យ​ធ្វើ​ការ​ដាំដុះ​នៅ​ក្នុង​រដូវ​ដាំដុះ​ខាង​មុខ​នេះ រហូត​ដល់​ពេល​រដ្ឋាភិបាល​អាច​ធានា​ដល់​ពួកគេ​ថា នឹង​មាន​ភ្លៀង​ធ្លាក់​គ្រប់គ្រាន់។ របត់​ធាតុ​អាកាស​មិន​ទៀង​នៅ​ពេល​ថ្មីៗ​នេះ​បាន​បណ្តាល​ឲ្យ​មាន​ការ​រាំងស្ងួត​រយៈ​ពេល​យូរ និង​បាន​ប៉ះ​ពាល់​ដល់​ការ​ដាំ​ដុះ។

កសិករ ​Ndukong Kennedy ​អាយុ​៤២ឆ្នាំ​ ចិញ្ចឹម​សត្វ​មាន់​នៅ​ក្នុង​ក្រុង​ Santa ​នៅ​ជាយ​ក្រុង​ Bamenda​ ដែល​ស្ថិត​នៅ​ទិស​ពាយព្យ​នៃ​ប្រទេស​កាមេរូន។ លោក​បាន​បោះបង់​ចោល​ចំការ​សណ្តែក​ដី​របស់​លោក​បន្ទាប់​ពី​មាន​ភ្លៀងធ្លាក់​មិន​ទាន់​ពេល​ និង​មិន​គ្រប់គ្រាន់​ដែល​បាន​បណ្តាល​ឲ្យ​ដំណាំ​ទាំង​នោះ​ក្រៀម​អស់​រយៈ​ពេល​ពីរ​ឆ្នាំ​ជាប់ៗ​គ្នា។​

ជា​ធម្មតា​ ភ្លៀង​ធ្លាក់​នៅ​ក្នុង​តំបន់​នោះ​ក្នុង​ខែ​មីនា។

លោក ​Ndukong Kennedy ​និយាយ​ថា៖ ​«នៅ​ទី​បំផុត ​ភ្លៀង​ធ្លាក់​មក​នៅ​ចុង​ខែ​មេសា​ ហើយ​ថ្ងៃ​ក៏​ក្តៅ​ខ្លាំង ​ធ្វើ​ឲ្យ​សណ្តែក​ដី​នៅ​ក្នុង​ចំការ​របស់​ខ្ញុំ​ក្រៀម​អស់។ យើង​ធ្លាប់​ត្រៀម​ធ្វើ​ចំការ​របស់​យើង​នៅ​ក្នុង​រដូវ​ប្រាំង ​ដោយ​រំពឹង​ថា​ភ្លៀង​នឹង​ធ្លាក់​មក​ ហើយ​យើង​ដឹង​ថា ​នៅ​ថ្ងៃ​ទី​១៥ ​ខែ​មីនា​នឹង​មាន​ភ្លៀង​ធ្លាក់​ជា​លើក​ដំបូង​ ប៉ុន្តែ​សព្វ​ថ្ងៃ​នេះ ​យើង​មិន​ទាំង​ដឹង​ថា​ វា​នឹង​ភ្លៀង​ពេល​ណា​ផង»។

លោក Henry Mumah Awah ដែល​ជា​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​ម្នាក់​ទទួល​បន្ទុក​ផ្នែក​បរិស្ថាន​នៅ​ក្នុង​ក្រុង Bamenda​ បាន​ស្នើ​កសិករ​កុំ​ឲ្យ​ប្រញាប់​ដាំ​ដំណាំ​នៅ​ក្នុង​ឆ្នាំ​២០១៦​ រហូត​ដល់​ពេល​លោក​ប្រាប់​ពី​ព័ត៌មាន​ច្បាស់​លាស់​ពី​ទឹក​ភ្លៀង​ជា​មុន​សិន។

លោក​និយាយ​ថា៖ «មាន​ការ​យល់​ច្រឡំ​ចំពោះ​របត់​ទឹក​ភ្លៀង។ យើង​ហៅ​វា​ថា ​ជា​របត់​ទឹក​ភ្លៀង​មិន​ទៀង។ កាល​ពី​មុន ​យើង​ធ្លាប់​ដឹង​ថា​ យើង​មាន​ពេល​វេលា​ជាក់​លាក់​សម្រាប់​រដូវ​ប្រាំង ​ហើយ​យើង​មាន​ពេល​ជាក់លាក់​សម្រាប់​រដូវ​វស្សា​ ប៉ុន្តែ​ពេល​នេះ​ វា​មិន​ច្បាស់​នោះ​ទេ។ ការ​ដាំ​ដុះ​មួយ​ចំនួន​កំពុង​តែ​ធ្លាក់​ចុះ​ ដោយសារ​តែ​របត់​ទឹក​ភ្លៀង​មិន​ទៀង​នេះ។ សីតុណ្ហភាព​បាន​កើន​ឡើង​ខ្លាំង​ដោយសារ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​មាន​កាន់​តែ​ច្រើន​ ហើយ​ឧស្ម័ន​កាបូនិច​មាន​កាន់​តែ​ច្រើន​នៅ​ក្នុង​បរិយាកាស»។

របាយការណ៍​របស់​កម្មវិធី ​«ការ​សម្រប​ខ្លួន​របស់​ទ្វីប​អាហ្វ្រិក»​ ដែល​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​អភិវឌ្ឍន៍​របស់​អង្គការ​សហប្រជាជាតិ​ចេញ​ផ្សាយ​ថា​ សីតុណ្ហភាព​ជា​មធ្យម​ប្រចាំ​ឆ្នាំ​នៅ​ក្នុង​ប្រទេស​កាមេរូន​បាន​កើន​ឡើង​០,៧​អង្សាសេ​ ចាប់​តាំង​ពី​ទសវត្សរ៍​១៩៦០​មក។ នៅ​ក្នុង​អំឡុង​ពេល​ដូច​គ្នា​នេះ​ ទឹក​ភ្លៀង​ជា​មធ្យម​ប្រចាំ​ឆ្នាំ​បាន​ធ្លាក់​ចុះ​២,២​ភាគរយ​ក្នុង​មួយ​ទសវត្សរ៍។

សកម្មជន​បរិស្ថាន ​លោក​ Nestor Buma បាន​ស្តី​បន្ទោស​ទៅ​លើ​សកម្មភាព​របស់​មនុស្ស​ចំពោះ​ការ​ប្រែ​ប្រួល​នេះ។​

សកម្មជន​រូប​នេះ​និយាយ​ថា៖ «ពលរដ្ឋ​ក្នុង​ស្រុក​ប្រមាណ​ជា​៨០ ​ទៅ​៩០ភាគរយ​ប្រើប្រាស់​អុស ដែល​ជំរុញ​ឲ្យ​ពលរដ្ឋ​ក្នុង​ស្រុក​កាប់​ដើម​ឈើ ​ដូច្នេះ​មាន​ការ​កាប់​ដើម​ឈើ​យ៉ាង​ច្រើន​ដើម្បី​ប្រើប្រាស់​នៅ​ក្នុង​ផ្ទះ​»។

ការ​ដាំ​ដំណាំ​នៅ​ក្នុង​ប្រទេស​កាមេរូន ​អាច​នឹង​ធ្វើ​ឡើង​បាន​ពី​ពាក់​កណ្តាល​ខែ​មីនា​ ដល់​ខែ​មិថុនា​ ដោយ​អាស្រ័យ​ទៅ​តាម​តំបន់។ វា​ពិបាក​នឹង​ប៉ាន់​ស្មាន​ណាស់​ ថាតើ​កសិករ​ប៉ុន្មាន​នាក់​នឹង​រង​ផលប៉ះពាល់​ពី​ការ​ស្នើ​ឲ្យ​ផ្អាក​ដាំ​ដំណាំនេះ​ ប៉ុន្តែ​៧០​ភាគរយ​នៃ​ប្រជាជន​២២លាន​នាក់​របស់​ប្រទេស​នេះ​ ពឹង​ផ្អែក​លើ​កសិកម្ម​ ហើយ​ភាគ​ច្រើន​ពឹង​ផ្អែក​លើ​វិស័យ​នេះ​ដើម្បី​ចិញ្ចឹម​ក្រពះ។

ប្រទេស​កាមេរូន​មិន​ទាន់​មាន​របាយការណ៍​អំ​ពី​ការ​ខ្វះ​ខាត​ស្បៀង​អាហារ​ធ្ងន់ធ្ងរ​នៅ​ពេល​នេះ​នៅ​ឡើយ​ទេ​ ក៏​ប៉ុន្តែ​ មាន​ការ​ធ្លាក់​ចុះ​ផលិតផល​ធញ្ញជាតិ​ចំនួន​២០០.០០០​តោន​កាលពី​ឆ្នាំ​មុន។ យោង​តាម​របាយការណ៍​របស់​រដ្ឋាភិបាល​ តម្លៃ​សណ្តែក ​ដំឡូង ​និង​ពោត​ បាន​កើន​ឡើង​២៥​ភាគរយ​កាលពី​ពីរ​ឆ្នាំ​មុន​ នៅ​ស្រប​ពេល​ដែល​ផលិតកម្ម​នៅ​តំបន់​មួយ​ចំនួន​ស្ថិត​ក្នុង​បរិមាណ​ដដែល។

លោក Paul Biya ដែល​ជា​ប្រធានាធិបតី​របស់​ប្រទេស​នេះ​ បាន​លើក​ឡើង​ពី​ក្តី​បារម្ភ​អំពី​ការ​ធ្លាក់​ភ្លៀង​តិច​តួច​នេះ​ នៅ​ក្នុង​សុន្ទរកថា​របស់​លោក នៅ​ពេល​ចាប់​ផ្តើម​កិច្ច​ប្រជុំ​ស្តី​ពី​ការ​ប្រែប្រួល​អាកាសធាតុ​ដែល​បាន​បញ្ចប់​កាលពី​ពេល​ថ្មីៗ​នេះ​ក្នុង​ទីក្រុង​ប៉ារីស។ ​លោក Biya​ បាន​និយាយ​ថា ប្រទេស​កាមេរូន​បាន​តាំង​ចិត្ត​ក្នុង​ការ​ដាំ​ដើម​ឈើ​ឡើង​វិញ​ក្នុង​តំបន់ និង​កាត់​បន្ថយ​បរិមាណ​កាបូន​ឲ្យ​នៅ​ត្រឹម​៣២ភាគរយ​នៅ​ត្រឹម​ឆ្នាំ២០៣៥៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ