រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Yoav Gallant បាននិយាយនៅថ្ងៃចន្ទនេះថា អ៊ីស្រាអែលបានតាំងចិត្តពង្រីកប្រតិបត្តិការវាយប្រហារថ្មើរជើងរបស់ខ្លួនលើទីក្រុង Rafah ភាគខាងត្បូងតំបន់ហ្កាហ្សា ខណៈលោកបានជួបជាមួយទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកលោក Jake Sullivan។
លោក Gallant បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកបានប្រាប់ដល់ទីប្រឹក្សាសន្តិសុខជាតិសេតវិមានអាមេរិករូបនេះថា កិច្ចប្រឹងប្រែងក្នុងទីក្រុង Rafah គឺដើម្បីតាមកម្ទេចក្រុមសកម្មប្រយុទ្ធហាម៉ាស់ និងដើម្បីធ្វើឱ្យមានការដោះលែងក្រុមជនចំណាប់ខ្មាំង ដែលកំពុងត្រូវបានឃុំឃាំងក្នុងតំបន់ហ្កាហ្សានៅឡើយ។
លោក Gallant ក៏បាននិយាយផងដែរថា លោកនិងលោក Sullivan បានពិភាក្សាទៅលើវិធីជាច្រើន ដើម្បីពង្រឹងគោលជំហររបស់អ៊ីស្រាអែលក្នុងតំបន់មជ្ឈិមបូព៌ា។
លោក Sullivan បានជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃអាទិត្យម្សិលមិញ ដើម្បីពិភាក្សាលើគោលដៅប្រតិបត្តិការវាយប្រហាររបស់យោធាអ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស់ក្នុងតំបន់ហ្កាហ្សា ដែលអាចធ្វើឱ្យមានហានិភ័យតិចតួចលើជនស៊ីវិល។
ទីប្រឹក្សាសន្តិសុខជាតិអាមេរិករូបនេះក៏បានបញ្ជាក់ឡើងវិញពី គោលជំហរក្នុងពេលកន្លងទៅរបស់លោកប្រធានាធិតបីអាមេរិក Joe Biden លើទីក្រុង Rafah ផងដែរ។ នេះបើតាមការឱ្យដឹងរបស់សេតវិមាន ដោយចង់សំដៅទៅលើការអំពាវនាវរបស់លោក Biden ដើម្បីបញ្ជៀសការវាយប្រហារទ្រង់ទ្រាយធំមួយទៅលើក្រុង Rafah ដោយសារតែការភ័យខ្លាចអាចបណ្តាលឱ្យមានគ្រោះមហន្តរាយមនុស្សធម៌។
លោក Sullivan ក៏បានជម្រាបដល់លោក Netanyahu ពីការពិភាក្សារបស់លោកជាមួយរជ្ជទាយាទ ប្រទេសអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Mohammed bin Salman នៅក្នុងប្រទេសអារ៉ាប់ប៊ីសាអូឌីតផងដែរ។ នេះបើតាមការឱ្យដឹងរបស់សេតវិមានដដែល។ ផែនការរបស់អាមេរិកគឺថា ចង់ឱ្យអារ៉ាប៊ីសាអូឌីតទទួលស្គាល់ប្រទេសអ៊ីស្រាអែល និងជួយដល់អាជ្ញាធរប៉ាឡេស្ទីនគ្រប់គ្រងតំបន់ហ្កាហ្សា ដែលជាថ្នូរមួយឆ្ពោះទៅរកការបើកផ្លូវជាសន្សឹមៗទៅរកការមានរដ្ឋប៉ាឡេស្ទីនមួយនៅក្នុងជ្រោយឧបទ្វីបមួយនេះ។
សេចក្តីថ្លែងការណ៍ពីខុទ្ធកាល័យនាយករដ្ឋមន្ត្រី Netanyahu ជុំវិញកិច្ចប្រជុំកាលពីថ្ងៃអាទិត្យ ផ្តោតលើប្រតិបត្តិការយោធាអ៊ីស្រាអែលក្នុងទីក្រុង Rafah ជំនួយមនុស្សធម៌និងចំណាប់ខ្មាំង ដែលកំពុងត្រូវបានឃុំឃាំងក្នុងតំបន់ហ្កាហ្សា៕
ព័ត៌មានខ្លះសម្រាប់សេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន Reuters, The Associated Press និង Agence France-Presse។