សវនាការ​ដំបូង​លើ​បណ្តឹង​បរិហារកេរ្តិ៍​ប្រឆាំង​នឹង​ចាង​ហ្វាង​រង​​កាសែត​ The Cambodia Daily​ ត្រូវ​បាន​លើក​ពេល​ដោយ​បញ្ហា​ភាសា

កាសែត​ The Cambodia Daily ​ព្រឹត្តិប័ត្រ​ចុងក្រោយ​បង្អស់​ រាជធានីភ្នំពេញ​ នៅថ្ងៃទី៤ ខែកញ្ញា​ ឆ្នាំ២០១៧។ កាសែត​ជា​ភាសាអង់គ្លេស​ The Cambodia Daily បាន​សម្រេច​បិទទ្វារ​ចាប់ពី​ច័ន្ទ​ ទី៤​ ខែកញ្ញា​នេះ​តទៅ​ បន្ទាប់​ពី​ប្រតិបត្តិការ​បោះពុម្ភផ្សាយ​អស់រយៈពេល​ ២៤ឆ្នាំ​និង​១៥ថ្ងៃ​ តាំងពី​ឆ្នាំ១៩៩៣​មក។  (ហ៊ាន សុជាតា/VOA)

មន្ត្រី​សិទ្ធិ​មនុស្ស​ថ្លែង​ថា យុត្តិធម៌​នឹង​​មិន​អាច​កើត​មាន​ឡើង​ចំពោះ​ម្ចាស់​កាសែត​ The Cambodia Daily នោះ​ទេ។ ចំណែក​ឯ​អ្នកស្រី​ Deborah ​ចាងហ្វាង​រង​នៃ​កាសែត​នេះ ក៏​រក្សា​ភាព​ស្ងប់ស្ងាត់​ ដោយ​មិន​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ជា​ច្រើន​របស់​សំឡេង​សហរដ្ឋ​អាមេរិក​តាម​សារ​ Email។​

សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​សប្តាហ៍​នេះ​បាន​បើក​សវនាការលើ​បណ្តឹង​បរិហារ​កេរ្តិ៍​ជា​សាធារណៈ​ជា​លើក​ដំបូង​ប្រឆាំង​នឹង​អ្នកស្រី Deborah Krisher-Steel ចាងហ្វាង​រង​នៃ​ការ​សែត​ The Cambodia Daily តាម​បណ្តឹង​របស់​អគ្គ​នាយក​ដ្ឋាន​ពន្ធដារ​ ប៉ុន្តែ​ការ​កាត់​ក្តីដែល​មាន​ការ​ឃ្លាំមើល​ពី​មន្ត្រី​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​ និងអង្គការ​សហ​ប្រជាជាតិ​ត្រូវ​បាន​ពន្យា​រ​ពេល។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ក្នុង​ស្រុក​លីកាដូ​និង​តាម​ការ​បញ្ជាក់​ពី​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

កាលពី​ខែ​កញ្ញា​ឆ្នាំ​២០១៧ ​អគ្គ​នាយកដ្ឋាន​ពន្ធដារ​របស់​រដ្ឋាភិបាល​ខ្មែរ​បាន​ដាក់​ពាក្យ​បណ្ដឹង​ពីរ​ផ្សេង​ពី​គ្នា​ប្រឆាំង​នឹង​ម្ចាស់​កាសែត The Cambodia Daily។ ក្នុង​ពាក្យ​បណ្ដឹង​នោះ​រដ្ឋ​អំណាច​បាន​ប្ដឹង​ម្ចាស់​កាសែត​នេះ​ពី​បទ​គេច​វេស​ពន្ធ ​រារាំង​ការ​អនុវត្ត​ពន្ធដារ​និង​បទ​បរិហារ​កេរ្តិ៍​ជាមួយ​នឹង​ការ​ទារសំណង​ជំងឺ​ចិត្ត​៨០០​លាន​រៀល​ ឬ​២០​ម៉ឺន​ដុល្លារ។​ បណ្តឹង​នេះ​ធ្វើ​ឡើង​បី​ថ្ងៃ​ក្រោយ​ការ​បិទ​កាសែត​ The Cambodia Daily

ការ​កាត់​ក្តី​បទ​ចោទ​«បរិហារកេរ្តិ៍​ជា​សាធារណៈ»​ប្រឆាំង​អ្នកស្រី​ Deborah​ កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​ធ្វើ​ឡើងដោយ​មិន​មាន​អ្នកស្រី​ចាងហ្វាង​កាសែត​ The Cambodia Daily​ នោះ​ទេ។ ហើយ​ការ​កាត់​ក្តី​ដ​ដែល​នេះ​ក៏​បាន​ធ្វើ​ឡើង​ ក្រោយ​ការ​បិទទ្វារ​របស់​កាសែត​ The Cambodia Daily ​អស់​រយៈ​ពេលជាច្រើន​ខែ ដោយសារ​ស្ថាប័ន​ព័ត៌មាន​មួយ​នេះ ខកខាន​មិន​បាន​បង់​ពន្ធ​ជូន​រដ្ឋាភិបាល​កម្ពុជា​ចំនួន​ជាង​៦លាន​ដុល្លារ​អាមេរិក​ដែល​បាន​នំាឲ្យ​មាន​ការ​ប្តឹង​ផ្តល់​អំពី​ការ​បរិហារកេរ្តិ៍​នេះ។

តាម​សេចក្តី​ប្រកាស​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​បាន​សរសេរ​ថា​ បទ​ចោទ​ប្រកាន់​អ្នកស្រី​ Deborah ​ត្រូវ​បាន​ប្ដឹង​ដោយ​អគ្គនាយកដ្ឋាន​ពន្ធដារ យោង​តាម​លិខិត​ចំហ​មួយ​ដែល​ចោទ​ប្រកាន់​នាយកដ្ឋាន​ពន្ធដារ​ថា​ ​បាន​ទម្លាយ​ព័ត៌មាន​សម្ងាត់​អំពី​បញ្ជី​ជាប់​ជំពាក់​ពន្ធ​ដ៏​ច្រើន​មហាសាល​ ​ទៅ​កាន់​សាធារណជន។​

សេចក្តី​ប្រកាស​របស់​អង្គការ​លីកាដូ​បាន​សរសេរ​បន្ត​ថា​ ​នៅ​ពេល​អ្នកស្រី​ ​Krisher-Steel​ ​មិន​បាន​បង្ហាញ​វត្តមាន​នៅ​ក្នុង​សវនាការ​នោះ​ មេធាវី​ការពារ​ក្ដី​របស់​អ្នកស្រី​បាន​ចូលរួម​សវនាការ​ ខណៈ​ដែល​តំណាង​មកពី​អគ្គ​នាយកដ្ឋាន​ពន្ធដារ​បាន​ផ្ដល់​ភស្ដុតាង​ ក្នុង​នាម​ជា​ភាគី​ដើមបណ្ដឹង​រដ្ឋប្បវេណី។

យ៉ាង​ណា​ក្តី​ លោក​ចៅក្រម​ សេង នាង នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ប្រកាសផ្អាក​សវនាការ ហើយ​លើក​ទៅ​ធ្វើ​នៅ​ខែ​មេសា​ ដើម្បី​អនុញ្ញាត​ឱ្យ​មានការ​បកប្រែ​នូវ​ភស្តុតាង​សំខាន់ៗ​ ទៅជា​ភាសាខ្មែរ។

លោក Simon Walker តំណាង​ការិយាល័យ​ឧត្តមស្នងការ​អ.ស.ប.​ ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ បាន​បញ្ជាក់​ប្រាប់​ VOA ​តាម​សារ​ Email ​កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ថា​ សវនាការ​ត្រូវ​បាន​ផ្អាក​ ហើយ​សវនាការ​ដដែល​នេះ​ នឹង​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃ​ទី​ ១២​ ខែ​ មេសា ឆ្នាំ​ ២០១៨។ តំណាង​ការិយាល័យ​ឧត្តមស្នងការ​អ.ស.ប.​ រូប​នេះ​ មិន​ផ្តល់​ការ​អធិប្បាយ​បន្ថែម​ នៅ​គ្រា​មាន​ការ​លើក​ពេល​ធ្វើ​សវនាការ​នេះ។

លោក Simon Walker​ ​បាន​ថ្លែង​ថា​ ទាក់ទិន​បញ្ហា​ជា​រួមនៃ​សេរីភាព​សារព័ត៌មាន​នេះ​ អ្នកស្រី​ ​Rhona Smith​ ​ប្រេសិត​របស់​អ.ស.​ប ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ បាន​ថ្លែង​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​ កាល​ពី​ពេល​ថ្មីៗ​ថា៖​

«សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញមតិ​ គឺ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​នៅ​ក្នុង​ដំណើរការ​បោះឆ្នោត​នានា ហើយ​អាជ្ញាធរ​មានការ​ទទួលខុស​ត្រូវ​ដើម្បី​ធានា​ថា​ រាល់​បុគ្គល​ រាល់​គណបក្ស​នយោបាយ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ អាច​ត្រូវ​បាន​ដំណើរ​ការ​ដោយ​គ្មាន​ការ​គំរាមកំហែង​ ឬ​ដាក់​ទណ្ឌកម្ម​ឡើយ»។​

លោក អំ សំអាត​ ​ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​ របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ក្នុងស្រុក​លីកាដូ​ យល់​ថា សវនាការ​លើ​បទ​ចោទ​ប្រកាន់​អ្នកស្រី​ Deborah នឹង​មិន​អាច​ធ្វើ​ឲ្យ​ម្ចាស់​កាសែត​រូប​នេះ​ បាត់​បង់​សេរីភាព​នោះ​ទេ ដោយហេតុ​ថា​ វា​ជា​បទ​ចោទ​រដ្ឋប្បវេណី។ តែ​លោក​ថា​ យុត្តិធម៌​ ទំនង​ជា​នឹង​មិន​អាច​ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ​ផ្តល់​ជូន​ ម្ចាស់​កាសែត​ដែល​មាន​លក្ខណៈ​ឯករាជ្យ​ និង​ល្បីល្បាញ​តាម​អត្ថបទ​ព័ត៌មាន​របស់​ខ្លួនរិះគន់​មន្ត្រី​រដ្ឋាភិបាល​កាល​ពី​ពេល​កន្លង​មក។​

លោក​មាន​ប្រសាសន៍​ថា៖​

«​បើ​យើង​មើល​ដំណើរ​រឿង​នៃ​ ការណ៍​ដែល​បិទ​កាសែត​ និង​កន្លងមក​វា​ យើង​ឃើញថា​ រឿងនេះ​វា​ ពិបាក​នឹង​ការ​សន្និដ្ឋាន​ណ៎ាស់​។ ប៉ុន្តែ​បើ​រឿងកន្លង​មក​ យើង​ឃើញ​ឲ្យ​តែ​ជាប់​ពាក់​ព័ន្ធ​ចឹង​គឺ​ ភាព​យុត្តិធម៌​ហ្នឹង​ គឺ​ពិបាក​ណាស់​បាទ»។

នៅ​មុន​ការបិទ​កាសែត​ដែល​ផ្សាយ​ជា​ភាសា​អង់គ្លេស​និង​បកប្រែ​ជា​ភាសាខ្មែរ​នោះ​ ម្ចាស់​កាសែត​ The Cambodia Daily បាន​អំពាវនាវ​ឲ្យ​អគ្គនាយកដ្ឋាន​ពន្ធដារ​គោរព​ទៅ​តាម​ច្បាប់​ពន្ធដារ​របស់​ប្រទេស​កម្ពុជា​ ហើយ​បាន​ចោទ​មេដឹកនាំ​អគ្គ​នាយកដ្ឋាន​នេះ​ថា ​បាន​បំពាន​ច្បាប់​ក្នុង​ការ​ទម្លាយ​ចំនួន​លុយ​ពន្ធ​ ដែល​កាសែត​នេះ​ត្រូវ​បង់​ដល់​សាធារណជន។​

អ្នកស្រី Deborah បាន​ច្រាន​ចោល​ទឹកប្រាក់​ជាង​ ៦​លាន​ដុល្លារ​ ដែល​កាសែត​ខ្លួន​ត្រូវ​បង់​ជូន​រដ្ឋ​ ដោយ​សារ​អគ្គនាយកដ្ឋាន​ពន្ធដារ​មិន​បាន​ផ្តល់​ហេតុផល​សម​ស្រប ហើយ​ស្រាប់​តែ​សុខៗ​ អគ្គនាយកដ្ឋាន​នេះ​បញ្ចេញ​ចំនួន​លុយ​នេះ​ឲ្យ​សាធារណជន​បាន​ដឹង​ ដែល​ជា​ទង្វើ​ប្រឆាំង​នឹង​ច្បាប់​ពន្ធដារ​ត្រង់​មាត្រា​៩៤។

អ្នកស្រី Deborah ​ចាងហ្វាង​រង​កាសែត ​The Cambodia Daily​ និង​ជាកូន​ស្រី​បង្កើត​របស់​ស្ថាបនិក​កាសែត​នេះ​ គឺ​លោក​ Bernad Krisher ​បាន​ផ្តល់​ហេតុផល​ផ្សេងៗ​គ្នា​ពី​ការ​ទារ​ពន្ធ​នេះ​ ដោយ​ម្តង​អ្នកស្រី​ចាត់​ទុក​ថា​ ការបង្ខំ​ឲ្យ​បង់​ពន្ធនេះ​មាន​លក្ខណៈ​នយោបាយ​ ហើយ​ក្រោយ​មក​ទៀត​នោះ​ ​អ្នកស្រី​យល់​ថា​ មន្ត្រី​ពន្ធដារ​មិន​បាន​ធ្វើ​ការ​ត្រឹម​ត្រូវ​ដោយ​គោរព​ទៅតាម​ច្បាប់​ពន្ធដារ​របស់​ប្រទេស​កម្ពុជា។ អ្នកស្រី​ ក៏​បាន​បញ្ជាក់​ថា​ ការ​បង្ខំ​របស់​រដ្ឋាភិបាល​ឲ្យ​កាសែត​The Cambodia Daily​ បង់​ពន្ធ​ប្រាក់​ចំនួន​ដល់​ទៅ​ជាង​ប្រាំមួយ​លាន​ដុល្លារ​នេះ ក៏​មាន​ចេតនា​ប៉ុនប៉ង​បិទ​កាសែត​ដែល​បាន​ដំណើរ​ការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ចាប់​ពីឆ្នាំ​ ១៩៩៣​ផង​ដែរ។

ក៏​ប៉ុន្តែ​លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គ​នាយកដ្ឋាន​ពន្ធដារ​ បាន​បដិសេធ​រាល់​ការ​អះអាង​របស់​ម្ចាស់​កាសែត​ The Cambodia Daily ហើយ​ក៏​បាន​ទាមទារ​ឲ្យ​កាសែត​ដែល​មាន​វ័យ​ចំណាស់​មួយ​នេះ​ បង់​ពន្ធ។

យ៉ាង​ណាក៏​ដោយ​ កាសែត​ដែល​ទទួល​ការ​គាំទ្រ​ពី​អ្នក​សង្កេតការណ៍​នយោបាយ​នៅ​កម្ពុជា​ បាន​បង្ខំ​ចិត្ត​បិទ​ទ្វារ​ការិយាល័យ​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​ ៤ ខែ​កញ្ញា​ ឆ្នាំ​ ២០១៧ ដោយ​បាន​ចេញ​ផ្សាយ​នូវ​អត្ថបទ​ទំព័រ​មុខ​ចុងក្រោយ​មាន​ចំណងជើង​ថា​ ​«ការ​ស្រុត​ចុះ​យ៉ាង​លឿន​ទៅ​ក្នុង​របប​ផ្តាច់​ការ​ពេញទី»ឬ Descent Into Outright Dictatorship។

អ្នកស្រី ​Deborah ​មិន​ទាន់​ឆ្លើយ​តប​សំណួរ​របស់​ VOA ​ដែល​បាន​ផ្ញើ​តាម​សារ​ Email ​មក​ដល់​ល្ងាច​ថ្ងៃ​សុក្រ​នេះ។

ការ​បិទទ្វារ​របស់​កាសែត​ The Cambodia Daily ត្រូវ​អ្នក​តាម​ដាន​ស្ថានការណ៍​កម្ពុជា​មើល​ឃើញ​ថា​ ជា​ព្រឹត្ត​ការណ៍​នៃ​ការផ្តាច់​ធាតុ​សំខាន់​មួយ​សម្រាប់​ដំណើរ​ការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា នៅ​គ្រា​ដែល​រដ្ឋាភិបាល​ក៏បាន​បង្រ្កាប​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ដែល​ទទួល​ថវិកា​ពី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ដើម្បី​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

មុន​ការ​បិទទ្វារ​កាសែត​ដដែល​នេះ​ ​អាជ្ញាធរ​កម្ពុជា​ បាន​ចាប់​ខ្លួន​ លោក​ កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ដែល​ត្រូវ​បាន​រំលាយ​តាម​បណ្តឹង​របស់​រដ្ឋាភិបាល​ហើយ​ក៏​បាន​ហាម​ឃាត់ការ​ផ្សាយ​បន្ត​ព័ត៌មាន​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ដែល​រួម​មាន វិទ្យុអាសេរី​ (RFA) សំឡេង​សហរដ្ឋ​អាមេរិក​ (VOA) និង​វិទ្យុសំឡេង​ប្រជាធិបតេយ្យ​ (VOD)។

លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន​ទាំង​យប់​អាធ្រាត្រ​ពី​បទ​សង្ស័យ​ថា​ លោក​បាន​រួមគំនិត​ជាមួយ​សហរដ្ឋ​អាមេរិក​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្របច្បាប់​ ដែល​ស្មើ​នឹងបទ​ល្មើស​ក្បត់​ជាតិ។

បន្ទាប់​ពីការ​បង្រ្កាប​យ៉ាង​ចាស់ដៃ​របស់​រដ្ឋាភិបាល​កម្ពុជា​ មក​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នេះ​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន​ (Reporters Without Borders) បាន​ចេញ​របាយការណ៍​មួយ​ដោយ​បាន​ចាត់​ទុក​ការ​បង្រ្កាប​របស់​រដ្ឋាភិបាល​កម្ពុជា​មក​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា ជា​ទង្វើ​នាំ​មក​នូវ​មហន្តរាយ​ដល់​សារព័ត៌មាន​ឯករាជ្យនៅ​កម្ពុជា។​

របាយ​ការណ៍​បាន​រិះគន់​រដ្ឋាភិបាល​កម្ពុជា​ ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ថា​បាន​ «យាយី​និង​ធ្វើ​ទុក្ខបុកម្នេញ​លើ​អ្នក​កាសែត​ដោយ​ការ​ចាប់​ខ្លួន​ចោទប្រកាន់​និង​ដាក់​សម្ពាធ​ដោយ​មិន​ផ្តល់​ប័ណ្ណ​សារព័ត៌មាន​ដើម្បី​ធ្វើ​ឲ្យ​ពួកគេ​ មិន​អាច​ឬ​ពិបាក​យក​ព័ត៌មាន​បាន​ជា​ដើម»៕