អគ្គនាយករដ្ឋពន្ធដារកម្ពុជាបានលើកឡើងថា ខ្លួនមិនបានធ្វើទុក្ខបុកម្នេញអង្គការសង្គមស៊ីវិលនិងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជាទេ ហើយការពារសកម្មភាពកន្លងមករបស់ខ្លួនថា គឺជាការប្រមូលពន្ធតាមច្បាប់ប៉ុណ្ណោះ។
នៅក្នុងសេចក្តីបំភ្លឺជាសាធារណៈមួយកាលពីថ្ងៃសុក្រ ស្ថាប័នប្រមូលពន្ធមួយនេះបានបញ្ជាក់ថាការកាត់ផ្តាច់ជំនួយរបស់សហរដ្ឋអាមេរិកមកកម្ពុជាមិនប៉ះពាល់នឹងសកម្មភាពរបស់ខ្លួនទេដោយសារតែគម្រោងដែលក្រសួងរតនាគារអាមេរិកាំងបានឧបត្ថម្ភបានចប់សព្វគ្រប់តាំងពីដំណាច់ឆ្នាំ២០១៦ម្ល៉េះ។
សេចក្តីបំភ្លឺនោះបានបន្ថែមថា៖
«ការលើកឡើងថា អគ្គនាយកដ្ឋានពន្ធដារមានជាប់ពាក់ព័ន្ធនឹងការធ្វើទុក្ខបុកម្នេញទៅលើអង្គការសង្គមស៊ីវិលនិងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជាគឺជាការចោទប្រកាន់បង្ខូចមកលើស្ថាប័នរដ្ឋមួយនេះក៏ដូចជាមកលើរាជរដ្ឋាភិបាលកម្ពុជាដោយមិនឈរលើមូលដ្ឋានការពិតនោះឡើយ»។
កាលពីថ្ងៃអង្គារ សេតវិមានបានប្រកាសកាត់បន្ថយឬព្យួរជំនួយទៅប្រទេសកម្ពុជាក្នុងនោះមានជំនួយយោធា រដ្ឋបាលមូលដ្ឋាន និងអគ្គនាយកដ្ឋានពន្ធដារដោយលើកឡើងថា ស្ថាប័នទាំងនេះមានជាប់ពាក់ព័ន្ធនឹងការធ្វើឱ្យធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ការសម្រេចនេះធ្វើឡើងក្រោយពីគណបក្សប្រជាជនកម្ពុជារបស់លោកហ៊ុន សែន បានឈ្នះអាសនៈព្រឹទ្ធសភាទាំង៥៨ ហើយសហរដ្ឋអាមេរិកចាត់ទុកថា«មិនបានតំណាងឱ្យឆន្ទៈពិតប្រាកដរបស់ពលរដ្ឋកម្ពុជា» ពីព្រោះគណបក្សកាន់អំណាចបានរំលាយគណបក្សសង្គ្រោះជាតិនៅមុនពេលបោះឆ្នោត។
លិខិតរបស់លោក William Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាជម្រាបទៅអគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃព្រហស្បតិ៍ពីការផ្អាកជំនួយនេះ ក៏សម្តែងការព្រួយបារម្ភដែរ៖
«មានការព្រួយបារម្ភខ្លាំងអំពីសកម្មភាពថ្មីៗនេះរបស់អគ្គនាយកដ្ឋានពន្ធដារដែលសំដៅលើបុគ្គលនិងស្ថាប័នមួយចំនួននៅកម្ពុជាដែលអាចមើលឃើញថា ត្រូវបានជំរុញដោយហេតុផលនយោបាយ។ ជាលទ្ធផល រដ្ឋាភិបាលសហរដ្ឋអាមេរិកបានព្យួរការគាំទ្រដល់ការកសាងសមត្ថភាពអគ្គនាយកដ្ឋានពន្ធដារនិងមន្ត្រីនានា»។
សារព័ត៌មានជាភាសាអង់គ្លេស The Cambodia Daily បានបិទទ្វារដោយសារតែអគ្គនាយកដ្ឋានពន្ធដារបានចោទថា ជំពាក់ប្រាក់ពន្ធជាង៦,៣លានដុល្លារ។ រដ្ឋាភិបាលក៏បានហាមឃាត់ស្ថានីយវិទ្យុក្នុងស្រុកមួយចំនួនមិនឱ្យផ្សាយកម្មវិធីរបស់វិទ្យុសំឡេងសហរដ្ឋអាមេរិក វិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងប្រជាធិបតេយ្យផងដែរ។ ការណ៍នេះបង្ខំឱ្យវិទ្យុអាស៊ីសេរីដែលផ្តល់ថវិកាដោយសហរដ្ឋអាមេរិកត្រូវបិទការិយាល័យក្នុងប្រទេសកម្ពុជា។
លោក គង់ វិបុល អគ្គនាយកនៃស្ថាប័នពន្ធដារនេះបានបញ្ជាក់ថា លោក«តក់ស្លុកនិងខកចិត្ត»និងចោទថាស្ថានទូតសហរដ្ឋអាមេរិកបានផ្តល់«ព័ត៌មានលម្អៀងនិងខុសទៅក្រសួងការបរទេសនិងរដ្ឋាភិបាលសហរដ្ឋអាមេរិក»អំពីស្ថានការណ៍នៅកម្ពុជា។
លិខិតរបស់លោក គង់ វិបុល កាលពីថ្ងៃសុក្រដែលបានបង្ហោះលើគេហទំព័ររបស់អគ្គនាយកដ្ឋានពន្ធដារបានចោទសួរថា៖
«ខ្ញុំក៏សូមសួរលោកឯកអគ្គរដ្ឋទូតថា តើព័ត៌មានដែលលោកផ្តល់ទៅរដ្ឋាភិបាលសហរដ្ឋអាមេរិកជាព័ត៌មានខុសឬវាជាចេតនារបស់លោកក្នុងការបង្កើតការពិតខុសអំពីប្រទេសកម្ពុជា»។
ស្ថានទូតសហរដ្ឋអាមេរិកនៅមិនទាន់ឆ្លើយតបយ៉ាងណាទេចំពោះលិខិតរបស់លោក គង់ វិបុល៕