បំណែក​យន្តហោះ​អេហ្ស៊ីប​ដែល​បាន​បាត់​ខ្លួន​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ឆ្នេរ​សមុទ្រ​អេហ្ស៊ីប

នៅ​ក្នុង​រូបភាព​វីដេអូ​ដែល​ចេញ​ផ្សាយ​ដោយ​ក្រសួង​ការពារ​ជាតិ​អេហ្ស៊ីប យន្តហោះ​របស់​អេហ្ស៊ីប​មួយ​ហោះ​ពី​លើ​កប៉ាល់​របស់​អេហ្ស៊ីប​ក្នុង​ពេល​រុករក​បំណែក​យន្តហោះ​នៅ​ក្នុង​សមុទ្រ​មេឌីទែរ៉ាណេ​ កាលពី​ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦។

យោធា​របស់​អេហ្ស៊ីប​បាន​ថ្លែង​ថា ខ្លួន​បាន​រកឃើញ​បំណែក​យន្តហោះ​អេហ្ស៊ីប​ដែល​បាន​បាត់​ខ្លួន នៅ​ចម្ងាយ​ប្រមាណ​៣០០​គីឡូម៉ែត្រ​ពី​ទីក្រុង Alexandria នៅ​ក្នុង​សមុទ្រ​មេឌីទែរ៉ាណេ។ ​

លោក​ឧត្ដមសេនីយ៍​ត្រី Mohammed Samir អ្នកនាំពាក្យ​របស់​យោធា​អេហ្ស៊ីប បាន​សរសេរ​នៅ​ក្នុង​សារ​មួយ​បង្ហោះ​លើ​គេហទំព័រ​ហ្វេសប៊ុក​ថា «ឥវ៉ាន់​របស់​អ្នក​ដំណើរ​ទាំង​នោះ និង​បំណែក​យន្តហោះ​ត្រូវ​បាន​គេ​ឃើញ​អណ្តែត​ទឹក»។

ក្រុម​អ្នក​ស្វែង​រក​កំពុង​តែ​ចុះ​រុករក​នៅ​ក្នុង​សមុទ្រ​មេឌីទែរ៉ាណេ ដើម្បី​ស្វែង​រក​គ្រោង​ឆ្អឹង​យន្តហោះ​អេហ្ស៊ីប ដែល​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​សមុទ្រ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ខណៈ​ដែល​យន្តហោះ​នេះ​កំពុង​ហោះ​ហើរទៅ​ជិត​ដល់​ទីក្រុង​គែរ​ក្នុង​ដំណើរ​ពី​ទីក្រុង​ប៉ារីស​មក។ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ អ្នក​ស៊ើប​អង្កេត​បារាំង​៣​នាក់​និង​អ្នក​ជំនាញការ​បច្ចេកទេស​ម្នាក់​បាន​មក​ដល់​ទីក្រុង​គែរ ដើម្បី​ជួយ​ដល់​បេសកកម្ម​ស៊ើបអង្កេត​នេះ។

ប្រទេស​អេហ្ស៊ីប​ និង​ក្រិក​បាន​ជញ្ជូន​យន្តហោះ និង​នាវា​ជើងទឹក​មួយ​ចំនួន ដើម្បី​ស្វែង​រក​យន្តហោះ​ដែល​បាន​បាត់​ខ្លួន​នោះ ហើយ​គេ​រំពឹង​ថា ក្រុម​ការងារ​របស់​បារាំង​នឹង​ចូលរួម​នៅ​ក្នុង​ប្រតិបត្តិការ​ស្វែង​រក​នេះ។ សហរដ្ឋ​អាមេរិក​ក៏​បាន​បញ្ជូន​យន្តហោះ​ឈ្លប​យកការណ៍​មួយ​គ្រឿង​ដើម្បី​ជួយ​ដល់​បេសកកម្ម​ស្វែង​រក​នេះ​ដែរ។

យន្តហោះ​ខ្នាត​តូច​ដែល​ដឹក​អ្នកដំណើរ​ចំនួន​៦៦​នាក់ បាន​បាត់​ខ្លួន​ពី​លើ​ផ្កាយរណប​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ រយៈពេល​មួយ​សន្ទុះ​បន្ទាប់​ពី​យន្តហោះ​នោះ​បាន​ហោះ​ចូល​ក្នុង​ដែនអាកាស​របស់​អេហ្ស៊ីប​ក្នុង​ជើង​ហោះហើរ​រយៈពេល​៤​ម៉ោង​ពី​ប្រទេស​បារាំង​មក៕​