តួលេខ​អ្នក​ស្លាប់​ក្នុង​ទឹក​ជំនន់​នៅ​រដ្ឋ Kerala ប្រទេស​ឥណ្ឌា កើន​ឡើង​ដល់​៣៥០​នាក់

រថយន្ត​ដឹក​មនុស្ស​ម្នា​កាត់​ផ្លូវ​លិច​ទឹក​មួយ​នៅ​ក្នុង​ក្រុង Thrissur រដ្ឋ Kerala កាលពី​ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨។

តួលេខ​អ្នក​ស្លាប់​នៅ​ក្នុង​រដ្ឋ Kerala ដែល​ស្ថិត​នៅ​ប៉ែក​ខាង​ត្បូង​ប្រទេស​ឥណ្ឌា បាន​កើន​ឡើង​ដល់​៣៥០​នាក់​ហើយ ខណៈ​ដែល​ក្រុម​អ្នក​ជួយ​សង្គ្រោះ​រាប់​ពាន់​នាក់​បន្ត​ស្វែងរក​អ្នក​នៅ​រស់រាន​មាន​ជីវិត​នៅ​តាម​តំបន់​នានា​ដែល​ត្រូវ​ជន់​លិច​កាល​ពី​ថ្ងៃ​អាទិត្យ។ ​

ចាប់​តាំង​ពី​រដូវ​វស្សា​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​ទី២៩ ខែ ឧសភា មក មនុស្ស​ជាង​៣៥០​នាក់​នៅ​ក្នុង​រដ្ឋ Kerala ត្រូវ​បាន​រក​ឃើញ​ថា​បាន​ស្លាប់​បាត់បង់​ជីវិត ដែល​ក្នុង​នោះ​មនុស្ស​៤៦​នាក់​ទើប​តែ​បាន​រក​ឃើញ​ថា​ស្លាប់​ក្នុង​រយៈពេល​២៤​ម៉ោង​នេះ​ប៉ុណ្ណោះ។ នេះ​បើ​យោង​តាម​បណ្តាញ​សារព័ត៌មាន​បារាំង AFP។

ទិដ្ឋភាព​នេះ​គឺ​សោកសៅ​ពិបាក​ពណ៌នា​ណាស់​នៅ​ក្នុង​រដ្ឋ​ដែល​ស្ថិត​នៅ​តាម​ឆ្នេរ​សមុទ្រ​និង​មាន​សោភណ្ឌភាព​ស្រស់​បំព្រង​មួយ ដែល​ជា​គោលដៅ​សម្រាប់​ភ្ញៀវ​ទេសចរ​នេះ។ ទន្លេ ទំនប់ទឹក និង​អាង​ស្តុក​ទឹក​នានា​បាន​ពេញ​ហៀរហូរ​ក្រោយ​ពី​មាន​ភ្លៀង​ធ្លាក់​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ដែល​បាន​ធ្វើ​ឲ្យ​លិចលង់​ផ្លូវថ្នល់​និង​ផ្ទះ​សម្បែង​នានា។ មនុស្ស​ជាង​៧សែន​នាក់​ត្រូវ​ផ្លាស់ប្ដូរ​ទីលំនៅ​ទៅ​កាន់​ជម្រក​បណ្តោះ​អាសន្ន​នៅ​ទូទាំង​រដ្ឋ​នេះ។

ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ទ្រង់ទ្រាយ​ធំ​និង​កិច្ច​ខិតខំ​ប្រឹងប្រែង​ផ្ដល់​ជំនួយ​មនុស្សធម៌​ត្រូវ​បាន​ធ្វើ​ឡើង ខណៈ​ដែល​គ្រោះ​មហន្តរាយ​នេះ​កាន់​តែ​ធំឡើង ហើយ​សារ​ដង្ហើយ​សុំ​ការ​ជួយ​សង្គ្រោះ​ពី​ប្រជាពលរដ្ឋ​ដែល​ជាប់​នៅ​លើ​ដំបូល​ផ្ទះ​និង​នៅ​តាម​ភូមិ​ដាច់ស្រយាល​បន្ត​កើន​ឡើង។

ក្រុម​អ្នក​ជួយ​សង្គ្រោះ​ភ័យខ្លាច​ថា តួលេខ​អ្នក​ស្លាប់​នឹង​បន្ត​កើន​ឡើង​ ខណៈ​ដែល​ពួកគេ​ទៅ​ដល់​ភូមិ​នានា​ដែល​លិចលង់​ទាំងស្រុង ហើយ​ក្រុម​អ្នក​ឧត្តុនិយម​ទស្សន៍ទាយ​ថា ភ្លៀង​នឹង​បន្ត​ធ្លាក់​បន្ថែម​ទៀត៕