ចំនួនមនុស្សស្លាប់ពីការរញ្ជួយដីនៅក្នុងប្រទេស ណេប៉ាល់ បានឡើងលើសពី ៦ ពាន់ ២ រយនាក់នៅថ្ងៃសុក្រនេះ ដែលរំពឹងថានឹងឡើងច្រើនទៀត នៅពេលដែលក្រុមអ្នកជួយសង្គ្រោះពីជុំវិញពិភពលោក បានបន្តរកឃើញសាកសពនៅក្រោមកំទេចអាគារ ដោយសារការរញ្ជួយដីកាលពីថ្ងៃសៅរ៍មុន។
រដ្ឋាភិបាល ណេប៉ាល់ បានផ្តល់ប្រាក់ ១ ពាន់ដុល្លារទៅឲ្យគ្រួសារមនុស្សស្លាប់ និង ៤ រយដុល្លារទៀតសម្រាប់តម្លៃបញ្ចុះសព។
នៅរដ្ឋធានី Kathmandu ក្លិនសពយ៉ាងខ្លាំងបានរារាំងមិនឲ្យអ្នកស្រុកជាច្រើននាក់ដែលបានដេកនៅកណ្តាលវាលតាំងពីថ្ងៃសៅរ៍មក មិនអាចត្រឡប់ទៅផ្ទះរបស់ខ្លួនវិញបាន។
អសប បាននិយាយថា មនុស្សជាង ៨ លាននាក់បានទទួលផលប៉ះពាល់ពីការរញ្ជួយដីនេះ និងមានមនុស្សជាង ២ លាននាក់គ្មានទីលំនៅជ្រកកោន។
នៅរដ្ឋធានីកាលពីថ្ងៃព្រហស្បត៍អ្នកជួយសង្គ្រោះបានទាញយកមនុស្សនៅរស់ជីវិត ២ នាក់ចេញពីកំទេចអាគារ ដែលធ្វើឲ្យពួកគេមានការត្រេកអរមួយរយៈខ្លីនៅក្នុងប្រតិបត្តិការស្វែងរកអ្នករងគ្រោះដ៏ខ្លោចផ្សារនេះ។
មនុស្សនាំគ្នាស្រែកហ៊ោនៅពេលដែលអ្នកជួយសង្គ្រោះបានទាញយកក្មេងជំទង់ម្នាក់អាយុ ១៥ ឆ្នាំចេញពីកំទេចអាគារផ្ទះសំណាក់មួយ។ ប៉ុន្មានម៉ោងក្រោយមកទៀត គេបានជួយស្រីម្នាក់ អាយុជាង ៣០ ឆ្នាំដែលជាអ្នកធ្វើការនៅចង្ក្រានបាយក្នុងសណ្ឋាគារមួយឲ្យផុតពីគ្រោះថ្នាក់ដែរ៕