ប៉ូលិសនៅប្រទេសឥណ្ឌាភាគឥសាននិយាយថា ការវាយប្រហារដែលសង្ស័យថា មានការរៀបចំដោយក្រុមកុលសម្ព័ន្ធភ្នំបំបែកខ្លួននោះ បានធ្វើឲ្យចំនួនមនុស្សស្លាប់បានឡើងដល់៧២នាក់។
តំបន់ខ្លះរបស់រដ្ឋ Assam នៅតែមានការរឹតបន្តឹងបំរាមគោចរបានធ្វើឡើងនៅថ្ងៃព្រហស្បតិ៍នេះ ក្រោយពីមានអំពើហិង្សាកាលពីល្ងាចថ្ងៃអង្គារ ដែលលោកនាយករដ្ឋមន្ត្រី Narendra Modi ហៅថា អំពើកំសាក។ លោកប្រធានាធិបតី Pranab Mukherjee កាលពីថ្ងៃពុធបានថ្កោលទោសការវាយប្រហារនោះ។ លោកធ្វើការថ្កោលទោសនេះនៅតាមគេហទំព័រ Twitter របស់លោក ដោយសរសេរថា អំពើភេរវកម្ម និងអំពើហិង្សានេះត្រូវតែមានការបង្ក្រាបដោយធ្ងន់ដៃ។
អាជ្ញាធរបានបន្ទោសក្រុមបំបែកខ្លួនជនជាតិដើមដែលមានឈ្មោះថា រណសិរ្សជាតិប្រជាធិបតេយ្យរបស់ Bodoland ចំពោះអំពើឃោរឃៅនេះ។ ប្រទេសឥណ្ឌាបានកំណត់ថា ក្រុមនេះជាអង្គការភេរវកម្ម ហើយថ្មីៗរដ្ឋាភិបាលបានធ្វើការបង្ក្រាបប្រឆាំងនឹងក្រុមនេះ។
រណសិរ្សជាតិប្រជាធិបតេយ្យរបស់ Bodoland កំពុងស្វែករកឯករាជ្យភាពសម្រាប់ជានជាតិដើម Bodo នេះ។ ក្រុមនេះធ្លាប់បានប្រព្រឹត្តអំពើហិង្សាប្រឆាំងនឹងជនជាតិផ្សេងពីជនជាតិ Bodoនៅតំបន់នេះ តាំងពីត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៨។ ការវាយប្រហារចុងក្រោយរបស់ក្រុមនេះបានសម្លាប់អ្នកកាន់សាសនាមូស្លីមរាប់សិបនាក់៕