ក្រុមមន្ត្រីនៅក្នុងខេត្ត Nangarhar នាផ្នែកខាងកើតនៃប្រទេសអាហ្វហ្គានីស្ថាន បាននិយាយថា ចំនួនមនុស្សស្លាប់ ដោយសារការបំផ្ទុះគ្រាប់បែកអត្តឃាតកាលពីថ្ងៃអង្គារបានកើនឡើងដល់៦៨នាក់ហើយ ដោយមានច្រើនជាងតួលេខពីពេលមុនចំនួន៣២នាក់។
ការវាយប្រហារនោះបានកើតមានឡើងនៅក្នុងស្រុកដាច់ស្រយាល Mohmand Dara នៅពេលអ្នកស្រុកបានធ្វើបាតុកម្មនៅក្នុងភូមិ Daka ទាមទារឱ្យមានការដកតំណែងពីមេបញ្ជាការប៉ូលិសក្នុងមូលដ្ឋានម្នាក់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃពុធនេះ លោក Attahullah Khogyani អ្នកនាំពាក្យអភិបាលខេត្តបាននិយាយថា មានមនុស្ស១៦៥នាក់ទៀតបានត្រូវរបួសនៅក្នុងការផ្ទុះគ្រាប់បែកនោះ។ ក្រុមតាលីបង់បានបដិសេធថា ពួកគេគ្មានទាក់ទិននឹងការវាយប្រហារនោះទេ។
កាលពីប៉ុន្មានម៉ោងមុននោះ មានការផ្ទុះគ្រាប់បែកនៅក្នុងសាលារៀនក្នុងក្រុង Jalalabad ដែលជាទីរូមខេត្តនោះ។ យ៉ាងហោចណាស់មានកុមារម្នាក់បានបាត់បង់ជីវិត ហើយមានមនុស្សមួយចំនួនទៀតបានត្រូវរបួស នេះបើតាមការប្រាប់ឱ្យដឹងពីអ្នកនាំពាក្យម្នាក់នៃនាយកដ្ឋានសិក្សាអប់រំប្រចាំខេត្ត ដែលបាននិយាយប្រាប់ VOA។
គ្មានការអះអាងទាមទារការទទួលខុសត្រូវដល់ការវាយប្រហារនៅក្នុងក្រុង Jalalabad ទេ ដែលនៅទីនោះការបំផ្ទុះគ្រាប់បែកនិងការឆ្មក់វាយប្រហារសឹងតែទាំងអស់កាលពីពេលថ្មីៗនេះប្រឆាំងនឹងអាគារស៊ីវិលនិងអាគារខាងការសិក្សាអប់រំបានត្រូវអះអាងទាមទារដោយពួករដ្ឋឥស្លាម។
បណ្តាញពួករដ្ឋឥស្លាមនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលគេស្គាល់ថា ពួករដ្ឋឥស្លាម នៅក្នុងខេត្ត Khorasan ហៅកាត់ថា ISK-P និងក្រុមបះបោរតាលីបង់បានធ្វើកិច្ចប្រតិបត្តិការពីមូលដ្ឋាននៅក្នុងខេត្ត Nangarhar ដែលនៅជិតព្រំដែនជាមួយប្រទេសប៉ាគិស្ថាន ដែលនៅជិតខាង៕