យោធាសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារបានឲ្យដឹងថា ទាហានរបស់ពួកគេម្នាក់ត្រូវបានសម្លាប់ និង៤នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការចូលរួមប្រយុទ្ធគ្នាមួយនៅភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន។ ការប្រយុទ្ធគ្នានេះកើតឡើងកាលពីថ្ងៃចន្ទ នៅក្នុងស្រុកAchin ខេត្តNangarhar ដែលមានព្រំប្រទល់ជាប់ប្រទេសប៉ាគីស្ថាន។
យោងតាមសេចក្តីថ្លែងការណ៍របស់យោធាបានឲ្យដឹងថា ទាហានដែលរងរបួសពីរនាក់កំពុងសម្រាកព្យាបាលនៅមន្ទីរព្យាបាលដែលនៅក្បែរនោះ ហើយពួកគេស្ថិតក្នុងស្ថានភាពនឹងនរ។ ចំណែកឯទាហានផ្សេងទៀតបានត្រឡប់ទៅបំពេញការងារវិញហើយ។ លោកឧត្តមសេនីយ៍ John Nicholson មេបញ្ជាការកងកម្លាំងសហរដ្ឋអាមេរិកប្រចាំនៅអាហ្វហ្គានីស្ថានបានថ្លែងថា៖ «យើងមានការសោកស្តាយយ៉ាងខ្លាំង ដែលត្រូវបាត់បង់សមាជិករបស់យើង។ នៅគ្រាដ៏លំបាកនេះ យើងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារ និងមិត្តភក្កិរបស់សមាជិកដែលបាត់បង់ជីវិត និងអ្នករងរបួសផ្សេងទៀត»។ គេនៅមិនទាន់ដឹងពីពត៌មានលម្អិតនៃគ្រោះថ្នាក់នេះនៅឡើយទេ។ យោធាសហរដ្ឋអាមេរិកបានបាត់បង់ជីវិតចំនួន១៧នាក់នៅក្នុងសមរភូមិប្រយុទ្ធ ក្នុងឆ្នាំ ២០១៧៕