មន្ត្រី​ជាន់​ខ្ពស់​កងទ័ព​ជើង​ទឹក​អាមេរិក​៖​ ការប៉ះ​​ទង្គិច​នាវា​​នៅ​តំបន់​ប៉ាស៊ីហ្វិក​ភាគ​ខាង​លិច​អាច​ពង្វាង​បាន

រូបឯកសារ៖ កងនាវា​ទ័ព​ជើង​ទឹក​អាមេរិក

នៅ​ក្នុង​របាយការណ៍​ ដែល​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​កាល​ពី​ដើម​ខែ​វិច្ឆិកា​ កង​ទ័ព​ជើង​ទឹក​អាមេរិក​បាន​សន្និដ្ឋាន​ថា​ «មាន​កំហុស​ជាច្រើន​»​ នៅ​លើ​ថ្នាក់​ដឹកនាំ​ និង​ក្រុម​នាវិក ដែល​នាំ​ឲ្យ​មាន​ព្រឹត្តិការណ៍មនុស្ស​ស្លាប់។​

នាវា​ចម្បាំង​ USS John S. McCain បាន​បុក​នឹង​នាវា​ដឹក​ប្រេង​កាល​ពី​ខែ​សីហា​ នៅ​ច្រក​សមុទ្រ​ប្រទេស​សិង្ហបុរី​ ដោយ​ធ្វើ​ឲ្យ​កង​នាវិក​អាមេរិក​ ១០​នាក់​ បាន​ស្លាប់​និង ​៥​នាក់​ទៀត​រង​របួស។​ នាវា​ចម្បាំង​មួយ​ទៀត​ គឺ​ នាវា USS Fitzgerald បាន​បុក​នឹង​នាវា​ដឹក​កុងតឺន័រ​ ​នៅ​ក្នុង​ដែន​សមុទ្រ​ប្រទេស​ជប៉ុន​កាល​ពី​ខែមិថុនា​ ហើយ​បាន​សម្លាប់​មនុស្ស ​៧​នាក់។

ករណី​ប៉ះទង្គិច​គ្នានេះ​ បាន​ធ្វើ​ឲ្យ​កងទ័ព​ជើង​ទឹក​អាមេរិក​ធ្វើការ​ត្រួត​ពិនិត្យ​ការប្រតិបត្តិការ​របស់​ខ្លួន​នៅ​ទូទាំង​ពិភពលោក​ឡើង​វិញ។​ មុន​នឹង​ការ​ត្រួត​ពិនិត្យ​នេះ​បាន​បញ្ចប់​ លោក​ Richardson បាន​បន្ទោស​លើ​ល្បឿន​ប្រតិបត្តិការ​ដ៏​ប្រញាប់ប្រញាល់​ ភាព​មិន​ច្បាស់​លាស់​នៃ​ថវិកា​ និង​ថ្នាក់​ដឹកនាំ​ក្នុង​កងទ័ព​ជើង​ទឹក​ ដែល​ឲ្យ​តម្លៃ​លើ​បេសកកម្ម​របស់​ខ្លួន​ ជា​ជាង​សុវត្ថិភាព ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ឧបទ្ទវហេតុ​ស្លាប់​មនុស្ស​នេះ​។

លោក​ Richardson បាន​ប្រាប់​ទៅ​គណៈកម្មាធិការ​ព្រឹទ្ធសភាផ្នែក​សេវាកម្ម​យោធា​ កាល​ពី​ខែ​កញ្ញា​ថា​ បរាជ័យ​នៃ​ភាព​ជា​អ្នក​ដឹកនាំ​ក្នុង​ប្រតិបត្តិការ​ គឺ​ជា​ កត្តា​ចម្បង​ដែល​ធ្វើ​ឲ្យ​កងទ័ព​ជើង​ទឹកខ្វះ​ការ​ត្រៀម​ខ្លួន។ ​

លោក​ Richardson បាន​ធ្វើ​សក្ខីកម្ម​ថា​៖​ «ខ្ញុំ​ដឹង​ច្បាស់​ពីបញ្ហានេះ​»។

ការត្រួត​ពិនិត្យ​រក​ឃើញ​ថា​ ក្នុង​អំឡុង​ពេល​នៃឧបទ្ទវហេតុ​នាវា​ USS John S. McCain នៅ​ក្នុង​ច្រក​សមុទ្រ​ប្រទេស​សិង្ហបុរី​ ក្រុម​នាវិក​បាន​បាត់បង់​ការ​យល់​ដឹង​ពី​ស្ថានភាព​នៅ​ក្នុង​តំបន់​ដែន​សមុទ្រ​ដ៏​មមា​ញឹក​មួយ​ ដោយ​សារ​តែ​កំហុស​ក្នុង​ប្រតិបត្តិការ​ប្រព័ន្ធ​ចង្កូត​ និង​ប្រព័ន្ធ​ជំរុញ​របស់​នាវា។ ក្រុម​នាវិក​ក៏​មិន​បាន​អនុវត្ត​តាម​នូវ​អ្វី​គេ​ហៅ​ថា​ «ច្បាប់​អន្តរជាតិ​នៃ​ផ្លូវ​ទឹក​» ដែល​ជា​ប្រព័ន្ធ​ច្បាប់​គ្រប់គ្រង​ភាព​បត់បែន​របស់នាវា នៅ​ពេល​មាន​ហានិភ័យការ​ប៉ះ​ទង្គិច​កប៉ាល់។ លើស​ពី​នេះ​ទៀត អ្នក​សង្គេត​ការណ៍​លើ​ប្រព័ន្ធ​ចង្កូត ​និង​ប្រព័ន្ធ​ជំរុញ​របស់​នាវា​ ត្រូវ​បាន​គេ​រក​ឃើញ​ថា​ មិន​មាន​សមត្ថភាព​ និង​ចំណេះដឹង​គ្រប់គ្រាន់លើ​ប្រព័ន្ធ​ទាំង​នោះ​ទេ។

នៅ​ក្នុង​អំឡុង​ពេល​ឧបទ្ទវហេតុ​នាវា​ USS Fitzgerald នៅ​ឯ​ភាគ​និរតីប្រទេស​ជប៉ុន​ កងទ័ព​ជើង​ទឹក​បាន​រក​ឃើញ​ថា​ «ក្រុម​សង្កេតការណ៍​»​ នៅ​លើ​នាវា Fitzgerald មិន​បាន​អនុវត្ត​នីតិ​វិធី​ដែន​សមុទ្រ​ជា​មូលដ្ឋាន​ឡើយ។​ ពួកគេ​ក៏​មិន​បាន​ជូន​ដំណឹង​ដល់​មន្ត្រី​បញ្ជា​នាវា​នេះ នៅ​ពេល​កំពុង​បើកបរ​កៀក​នឹង​នាវា​ក្បែរ​នោះ ដូច​ដែល​បទប្បញ្ញត្តិ​កង​ទ័ព​ជើង​ទឹក​តម្រូវ​ឲ្យ​រាយការណ៍​។ ហើយ​ពួកគេ​ក៏​មិន​បាន​ប្រកាន់​ខ្ជាប់​តាម​ច្បាប់​សមុទ្រ​អន្តរជាតិ​ នៃ​ការ​រក្សា​ផ្លូវ​ទឹក​ខាង​មុខឲ្យ​នៅ​ទំនេរ​សម្រាប់នាវា​ដែល​កំពុង​ខិត​មក​ជិត ហើយ​ប្រសិន​បើ​អាច​ចៀសវាង​មិន​ឆ្លង​កាត់​មុខ​នាវា​ដែល​កំពុង​ខិត​មក​ជិត​នោះ៕

ប្រែ​សម្រួល​ដោយ​ នូវ​ ពៅលក្ខិណា