ទឹកជំនន់​ដ៏​ប្រល័យ​នៅ​លីប៊ី​បាន​ធ្វើឱ្យ​មនុស្ស​ជាង​៣ម៉ឺន​នាក់​ខ្ចាត់​ពី​ផ្ទះសម្បែង

បុរស​ម្នាក់​ឈរ​ក្បែរ​រថយន្ត​ដែល​រង​ការខូចខាត បន្ទាប់ពី​ខ្យល់​ព្យុះ​ដ៏​ខ្លាំង និង​ភ្លៀង​ធ្លាក់​ខ្លាំង​បាន​បោកបក់​មកលើ​ប្រទេស​លីប៊ី ក្នុង​ក្រុង Derna ប្រទេស​លីប៊ី កាលពី​ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣។

អង្គការ​ទេសន្តរ​ប្រវេសន៍​អន្តរជាតិបាន​និយាយនៅ​ថ្ងៃ​ពុធ​នេះ​ថា​ ទឹកជំនន់ដ៏ប្រល័យ​នៅផ្នែក​ខាង​កើត​ប្រទេស​លីប៊ី​បានធ្វើ​ឱ្យមនុស្ស​ជាង៣០.០០០ ​នាក់​ខ្ចាត់​ពីផ្ទះ​សម្បែង។​

ទីភ្នាក់ងារ​របស់​អ.ស.ប.​នេះ​បាន​និយាយថា មនុស្ស​យ៉ាង​តិច​ណាស់៣០.០០០​នាក់​ក្នុង​បណ្តាក្រុមជន​ខ្ចាត់​ពី​ផ្ទះ​សម្បែង​ទាំង​នេះ​មក​ពីតំបន់​ Derna ​ហើយ​មាន​រាប់​ពាន់​នាក់​ទៀត​មក​ពី​តំបន់​ឯទៀតៗ​ មានរួម​ទាំង​ក្រុង Benghazi​ ផង​ដែរ។​

គេ​ជឿថា មនុស្ស​ជាង​ ៥.០០០​ នាក់បានស្លាប់ ហើយមាន​ការពិបាក​ក្នុង​ការបញ្ជាក់អំពី​តួលេខជាក់លាក់​នៅ​ក្នុង​ប្រទេស​នេះដែល​រដ្ឋាភិបាល​ជា​គូបដិបក្ខបាន​ប្រជែងគ្នា​ដើម្បី​គ្រប់គ្រងប្រទេស​មួយ​ទសវត្សរ៍មក​ហើយ។ មន្ត្រី​ខ្លះ​និយាយថា ​តួលេខ​មនុស្ស​ស្លាប់​អាច​មានច្រើន​ជាងនេះ​ពីរដង។

លោក Hichem Abu Chkiouat រដ្ឋមន្ត្រី​អាកាសចរណ៍​ស៊ីវិល​ក្នុង​រដ្ឋបាលដែល​គ្រប់គ្រង​ប៉ែកខាងកើតប្រទេស​លីប៊ី​ បាន​និយាយប្រាប់ទីភ្នាក់ងារ​សារព័ត៌មាន Reuters ​ថា​ គេ​បានរាប់ឃើញ​សាកសព​ជាង៥៣០០នាក់​នៅ Derna។ ក្រុងនេះបាន​រង​គ្រោះខ្លាំងជាងគេ​ក្រោយ​ពី​ខ្យល់ព្យុះ​សមុទ្រ​ម៉េឌីទែរ៉ាណេ Daniel ​បណ្តាល​ឱ្យ​មានភ្លៀង​ធ្លាក់ខ្លាំងហើយ​មាន​ទំនប់ទឹក​ពីរ​បានធ្លាយ។

សហព័ន្ធអន្តរជាតិ​នៃ​សមាគម​កាកបាទក្រហម​និង​អឌ្ឍច័ន្ទ​ក្រហម​បាននិយាយ​នៅ​ថ្ងៃពុធ​នេះ​ថា ​ស្ថានភាព​នៅ Derna ​អាក្រក់​ណាស់​ហើយថា​ គេត្រូវការ​ការគាំទ្រ​អន្តរជាតិ។

លោក Mey Al Sayegh នាយកខាង​សារគមនាគមន៍​នៃ​សហព័ន្ធអន្តរជាតិ​កាកបាទ​ក្រហមប្រចាំ​ការិយាល័យ​នៅ​មជ្ឈិមបូព៌ា​និង​អាហ្វ្រិក​ខាងជើងបានថ្លែង​តាម X ​ថាគ្មាន​ទឹកស្អាត​សម្រាប់​បរិភោគ​នៅ​ក្រុង Derna ​ទេ ​ហើយ​ក៏​មិនមានការផ្គត់ផ្គង់ខាង​វេជ្ជសាស្ត្រ​ដែរ ​ហើយ​ថា​មន្ទីរ​ពេទ្យតែមួយក្នុងក្រុង​នេះ​មិនអាចទទួលអ្នក​ជំងឺ​បាន​ទៀត​ទេ។

លោក​ Al Sayegh បាន​ពោល​ថា អ្វី​ដែល​គេត្រូវការ​នៅពេល​នេះគឺ​ទឹក ​ជម្រក ​ជំនួយ​វេជ្ជសាស្ត្រ ​ស្បៀង​អាហារ​និង​ការគាំទ្រខាងចិត្តសាស្ត្រ​និង​សង្គម៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP។