គ្រាប់បែក​ដ៏​ខ្លាំង​មួយ​បាន​ផ្ទុះ​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​​បន្ទាប់ពី​អនុ​ប្រធានាធិបតី​ទីមួយ​បាន​វិល​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ

លោក Abdul Rashid Dostum អនុប្រធានាធិបតី​អាហ្វហ្គានីស្ថាន​ទៅ​ដល់​ព្រលានយន្តហោះ​អន្តរជាតិ Hamid Karzai​ នៅ​ក្នុង​ក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន កាលពី​ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨។

អាជ្ញាធរ​អាហ្វហ្គានីស្ថាន​បាន​និយាយ​ថា គ្រាប់បែក​ដ៏ខ្លាំង​មួយ​បានផ្ទុះ​នៅ​ក្បែរ​អាកាស​យានដ្ឋាន​អន្តរជាតិ​ក្រុង​កាប៊ុល​កាលពី​ថ្ងៃ​អាទិត្យ​ ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​១៤​ នាក់​និងរង​របួសជាង​៥០​នាក់ផ្សេង​ទៀត។ ​ការ​ផ្ទុះ​នេះ​កើត​មាន​ឡើង​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះបន្ទាប់ពី​លោក Abdul Rahid Dostum ​អនុប្រធានាធិបតី​ទីមួយ​បាន​វិល​ត្រឡប់​ពីការ​និរទេស​ខ្លួន​ ទៅ​ប្រទេស​កំណើត​វិញ។​

លោក ​Hashamtullah Satnikzai អ្នកនាំ​ពាក្យ​ប៉ូលិស​ក្រុង​បាន​ប្រាប់​ VOA ថា ​អ្នក​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​បាន​ធ្វើ​ការ​វាយ​ប្រហារ​នេះ។ ​លោក Dostum ​មិន​បាន​រងរបួស​ទេ។ ​មិន​មាន​ក្រុម​ណាមួយ​ប្រកាស​ទទួលខុស​ត្រូវ​ភ្លាមៗ​ទេ។ ​លោក Dostum ដែល​ជា​អតីត​មេបញ្ជា​ការ​កងទ័ព​ Uzbek បាន​វិល​ត្រឡប់​ទៅ​អាហ្វហ្គានីស្ថាន​វិញ​បន្ទាប់ពី​រស់នៅក្នុង​ប្រទេស​តួកគី​ជាងមួយ​ឆ្នាំ។​ លោក​បាន​ចាក​ចេញពីប្រទេស​នេះ​កាលពី​ឆ្នាំ ២០១៧​ ក្រោម​កាលៈទេសៈ​ដ៏​ចម្រូង​ចម្រាស។

រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​បាន​ទទូច​ថា លោក​ Dostum ​ត្រូវ​ការ​ការ​ព្យាបាល​នៅ​ពេល​ល្អៗនៅ​បរទេស​ហើយ​លោក​នឹង​ចូល​បម្រើ​ការងារ​ឡើង​វិញ​បន្ទាប់​ពី​បាន​ធូរស្រាល​ពី​ជំងឺ។​ ប៉ុន្តែ​មេដឹក​នាំ​ Uzbek ​នេះ​កំពុង​ប្រឈម​នឹង​ការ​ស៊ើប​អង្កេត​ពី​បទ​ធ្វើ​ទារុណកម្ម​និង​ការរំលោភ​បំពាន​ផ្លូវភេទ​លើគូប្រជែង​នយោបាយ​ជើង​ចាស់នៅ​ពេល​ដែល​គាត់បាន​ចាកចេញ​ពីទីក្រុង​កាប៊ុល​ទាំង​កណ្តាល​យប់។​ លោក Dostum បាន​ប្រឈម​នឹង​រឿង​ចម្រូង​ចម្រាស​ជាយូរ​មក​ហើយ។ ​

អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទាំង​ក្នុង​ស្រុក និង​អន្តរជាតិ​បាន​ចោទ​ប្រកាន់​លោក​ពីបទ​ឧក្រិដ្ឋកម្ម​សង្រ្គាម​ប្រឆាំង​នឹង​សមាជិក​តាលីបង់​បន្ទាប់ពី​យោធា​អាហ្វហ្គានីស្ថាន​ដឹកនាំ​ដោយ​អាមេរិក​បាន​បណ្តេញ​ក្រុម​ឥស្លាម​និយម​ចេញ​ពីអំណាច​នៅ​ក្រុង​កាប៊ុល។ ​គេនៅ​មិន​ច្បាស់​ទេ ​ថា​តើលោក​ Dostum​ នឹង​នៅ​តែ​ប្រឈម​នឹង​ការ​ស៊ើប​អង្កេត​ឬ​យ៉ាងណា៕