មនុស្ស​ ៥ នាក់​បាន​ស្លាប់​ក្នុង​ការ​បាញ់​បោះ​នៅ​សាលារៀន​ឯកជន​គ្រិស្ត​សាសនា​មួយ​ក្នុងរដ្ឋ Wisconsin

រថយន្តសង្គ្រោះបន្ទាន់ត្រូវបានចតនៅខាងក្រៅសាលា Abundant Life Christian School ក្នុងទីក្រុង Madison រដ្ឋ Wisconsin ដែលជាកន្លែងដែលអ្នករងរបួសជាច្រើនត្រូវបានរាយការណ៍បន្ទាប់ពីការបាញ់ប្រហារកាលពីថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០២៤។

មនុស្ស​៥នាក់​បាន​ស្លាប់​និង​អ្នកដទៃបាន​រងរបួសក្រោយ​មាន​ការបាញ់​បោះ​មួយ​នៅថ្ងៃចន្ទ នៅឯ​សាលា​រៀនឯកជន​គ្រិស្តសាសនា​មួយ​ក្នុង​រដ្ឋ Wisconsin រួមបញ្ជូន​ទាំង​អនិតិជន​ម្នាក់ដែល​បាន​បង្ក​ការវាយប្រហារ​នេះ​ផងដែរ។ នេះបើយោងតាម​ក្រុម​អាជ្ញាធរ។

ស្នងការប៉ូលិស​ក្រុង Madison លោក Shon Barnes បានថ្លែង​ទៅ​កាន់​ក្រុម​អ្នកសារព័ត៌មាន​ នៅពេល​ដែល​ចំនួន​នៃ​អ្នកស្លាប់​បាន​កើនពី​៣ដល់​៥នាក់។ លោក​មិនបាន​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​ជនរងគ្រោះនោះទេ ប៉ុន្តែ​បាន​ថ្លែងថា​អ្នកដទៃ​ទៀត​បាន​រងរបួស​នៅក្នុងការបាញ់បោះ​នៅឯ​សាលា Abundant Life Christian School នេះ។

លោក Barnes ថ្លែងថា មន្ត្រីប៉ូលិស​ដែល​បាន​ទៅដល់​កន្លែង​កើតហេតុ​នោះ​មិន​បាន​ប្រើ​អាវុធ​ពួកគេទេ។ ប៉ូលិសបាន​បិទផ្លូវ​នៅជុំវិញសាលា​នោះ​នៅរសៀលថ្ងៃ​ចន្ទ​នេះ។

ភ្នាក់ងារ​ពីការិយាល័យ​សហព័ន្ធ​ខាង​គ្រឿងស្រវឹង ថ្នាំជក់ កាំភ្លើង​និងគ្រឿងផ្ទុះ​បាន​ទៅ​កាន់​កន្លែង​កើតហេតុ​ដើម្បី​ជួយ​ដល់​ប៉ូលិស​មូលដ្ឋាន។

អភិបាលរដ្ឋ Wisconsin លោក Tony Evers បានថ្លែងក្នុង​សេចក្តី​ថ្លែងការណ៍​ថា «យើង​បន់ស្រន់​ដល់​កុមារ ក្រុមគ្រូបង្រៀន និង​សហគមន៍​សាលា Abundant Life School ទាំងអស់​ ខណៈ​យើង​រង់ចាំ​ព័ត៌មាន​បន្ថែម ហើយយើង​ដឹងគុណ​ដល់​ក្រុម​ប៉ូលិស​ដែលធ្វើការយ៉ាង​ឆាប់រហ័ស»។

សាលា Abundant Life Christian School គឺជា​សាលា​រៀន​គ្រិស្ត​មិនប្រកាន់​និកាយ​ហើយ​មានសិស្សប្រមាណ ៣៩០នាក់ តាំងពីថ្នាក់មតេយ្យដល់​វិទ្យាល័យ។ នេះបើយោង​តាម​គេហទំព័រ​សាលារៀននេះ៕