​មនុស្ស​២២​នាក់​ស្លាប់​និង​៤​នាក់​បាត់​ខ្លួន​ដោយសារ​ទឹកជំនន់​នៅ​កូរ៉េខាង​ជើង

ស្ត្រី​ពីរ​នាក់​ដើរ​ដោយ​មាន​បាំង​ឆ័ត្រ​ក្នុង​ពេល​ភ្លៀង​ធ្លាក់​នៅ​ទីក្រុង​ព្យុងយ៉ាង ប្រទេស​កូរ៉េ​ខាង​ជើង កាល​ពី​ថ្ងៃ​ទី៥ សីហា ២០២០។

ទឹកជំនន់​នៅ​ប្រទេស​កូរ៉េខាង​ជើង​បាន​សម្លាប់​មនុស្ស​អស់​យ៉ាង​តិច​ណាស់​២២​នាក់​និង​បាត់​ខ្លួន​៤នាក់។ នេះ​បើ​តាម​ការបញ្ជាក់​របស់​សហព័ន្ធ​អន្តរជាតិនៃអង្គការ​កាកបាទ​ក្រហម​និង​អឌ្ឍចន្ទ​ក្រហម​(IFRC)។

​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ដែ​ល​ផ្អែក​តួលេខ​ពី​មន្ត្រី​កូរ៉េ​ខាងជើង​ អង្គការ ​IFRC ​បាន​ថ្លែង​ថា​ ទឹក​ជំនន់​បាន​បង្ក​រ​ឲ្យ​ខូច​ខាត​ដំណាំ​កសិកម្ម​ ​យ៉ាង​ច្រើន​ ធ្វើ​ឲ្យ​តាន​តឹង​ព្រួយ​បារម្ភ​ផ្នែក​សេដ្ឋកិច្ច នៅ​ក្នុង​ប្រទេស​មួយ​ដែល​បាន​រងគ្រោះ​ស្រាប់​ហើយ​ដោយ​កង្វះ​ស្បៀង​អាហារ។

ទីភ្នាក់ងា​សារព័ត៌មាន​មជ្ឈិម​កូរ៉េ​ (KCNA) ​របស់​រដ្ឋ​បាន​រាយការណ៍​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​មាន​ដំណាំ​ជិត​៤ម៉ឺន​ហិកតា​បាន​ខូច​ខាត​និង​ផ្ទះ​ចំនួន​១៧០០០​ខ្នង​ត្រូវបាន​បំផ្លាញ​ឬ​លិច​លង់។

ទីភ្នាក់ងា​KCNA ​បាន​បន្ថែម​ថា៖ «ផ្លូវ ស្ពាន​ជាច្រើន​និង​ផ្នែក​ខ្លះ​នៃ​ផ្លូវ​រថភ្លើង​បាន​ខូចខាត ទំនប់​មួយ​របស់​រោង​ចក្រ​អគ្គិសនី​បាន​បាក់ធ្លុះ​ធ្លាយ​និង​ផ្នែក​ជាច្រើន​ទៀត​នៃ​សេដ្ឋកិច្ច​ជាតិ​បាន​រងការ​ខូច​ខាត​យ៉ាង​ដំណំ»៕