មនុស្ស​ស្លាប់​៦៨​នាក់ និង​បាត់​ខ្លួន​៤​នាក់ ក្រោយ​ធ្លាក់​យន្តហោះ​នៅ​ទីក្រុង​រមណីយដ្ឋាន​នេ​ប៉ាល់

ក្រុម​ជួយ​សង្គ្រោះ​កំពុង​ស្ថិត​នៅ​កន្លែង​ធ្លាក់​យន្ដហោះ​ក្នុង​ទីក្រុង Pokhara ប្រទេស​នេប៉ាល់ ថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២៣។

យន្តហោះ​ដែល​ហោះហើរ​រយៈពេល ​២៧​ នាទី​ទៅកាន់​ទីក្រុង​ទេសចរណ៍​នេប៉ាល់​បាន​ធ្លាក់​ចូល​ទៅក្នុង​ជ្រលងភ្នំ​មួយ​កាលពី​ថ្ងៃអាទិត្យ​ខណៈពេល​ដែល​ព្យាយាម​ចុះចត​នៅ​អាកាសយានដ្ឋាន​ដែល​ទើប​បើក​ដំណើរការ​ថ្មី​ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាងហោច​ណាស់​ ៦៨​ នាក់​ក្នុង​ចំណោម​៧២​ នាក់​នៅលើ​យន្តហោះ។ យ៉ាងហោចណាស់មាន​សាក្សី​ម្នាក់​បាន​រាយការណ៍​ថា​បាន​ឮ​ការស្រែក​រក​ជំនួយ​ពី​ក្នុង​គំនរ​បាក់បែកដែល​ឆាបឆេះ​ ដែល​ជា​ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ​ដ៏​សាហាវ​បំផុត​របស់​ប្រទេស​នេះ​ក្នុង​រយៈពេល​បី​ទសវត្សរ៍​មកនេះ។ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ AP។​

ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​មេឃ​ងងឹត​ ​ពលរដ្ឋ​ជាច្រើន​បាន​ប្រមូល​ផ្តុំ​គ្នា​ជុំវិញ​កន្លែង​ធ្លាក់​យន្តហោះ​នៅជិត​អាកាស​យានដ្ឋាន​ក្នុង​ទីក្រុង​រមណីយដ្ឋាន​ Pokhara​ ខណៈដែល​ក្រុម​អ្នក​ជួយ​សង្គ្រោះ​រុករក​តាម​បំណែក​យន្តហោះ​បែកបាក់​នៅលើ​ច្រាំង​ថ្ម​ចោទ​ និង​ក្នុង​ជ្រោះ​ខាងក្រោម។ មន្ត្រី​បាន​ផ្អាក​ការ​ស្វែង​រក​អ្នក​បាត់​ខ្លួន​ទាំង​បួន​នាក់​ពេញ​មួយ​យប់ ​ហើយ​បន្ត​តាម​រក​នៅ​ថ្ងៃ​ចន្ទ។

អ្នកស្រុក​ម្នាក់​ឈ្មោះ​ Bishnu Tiwari ​ដែល​បាន​ប្រញាប់​ប្រញាល់​ទៅកាន់​កន្លែង​ធ្លាក់​នៅជិត​ទន្លេ Seti ​ដើម្បី​ជួយ​ស្វែងរក​សាកសព​បាន​និយាយ​ថា​ កិច្ចខិតខំ​ប្រឹងប្រែង​ជួយ​សង្គ្រោះ​ត្រូវបាន​រារាំង​ដោយ​ផ្សែង​ក្រាស់​ និង​ភ្លើងឆេះ​យ៉ាង​សន្ធោសន្ធៅ។

អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​នេប៉ាល់​បាន​និយាយ​ថា ​គេ​មិន​ទាន់​ដឹង​ច្បាស់​លាស់​ភ្លាមៗ​ពី​អ្វី​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​នេះ​ទេ។

អាជ្ញាធរ​អាកាសចរណ៍​បាន​និយាយ​ថា​ យន្តហោះ​នេះ​បាន​ទាក់ទង​ចុងក្រោយ​ជាមួយ​អាកាស​យានដ្ឋាន​ពី​ក្បែរ​តំបន់​ជ្រលង​ភ្នំ​ Seti ​នៅ​ម៉ោង​១០:៥០​ ព្រឹក​ មុនពេល​ធ្លាក់។

យន្តហោះ​ម៉ាស៊ីន​ភ្លោះម៉ាក​ ATR 72 ​ដំណើរការ​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​ Yeti​ របស់​នេប៉ាល់​ បាន​ហោះហើរ​ពី​រដ្ឋធានី​ Kathmandu ​ទៅ ​ទីក្រុង​Pokhara ​ដែល​មាន​ចម្ងាយ​២០០​ គីឡូម៉ែត្រ​ភាគ​ ខាងលិច។ អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​នេប៉ាល់​បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​ យន្តហោះ​នេះ​បាន​ដឹក​អ្នកដំណើរ​ចំនួន​៦៨​ នាក់​ រួមទាំង​ជនបរទេស​ចំនួន​១៥​ នាក់ ​ក៏ដូចជា​ក្រុម​អ្នកបើកបរ​និង​បម្រើ​យន្តហោះ​ចំនួន​៤​នាក់​ផងដែរ។ ជនបរទេស​ទាំងនោះ​មាន​ជនជាតិ​ឥណ្ឌា ៥​នាក់ រុស្ស៊ី ៤​នាក់ កូរ៉េខាងត្បូង ២​នាក់ និង​ម្នាក់​ៗ​មកពី​អៀរឡង់ ​អូស្ត្រាលី ​អាហ្សង់ទីន ​និង​បារាំង៕