ប្រេសិតពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការប្រទេសស៊ីរីបានសុំដល់ប្រទេសរុស្ស៊ីឱ្យអនុញ្ញាតឱ្យអ.ស.ប.ទទួលបន្ទុកតំបន់របៀងខាងមនុស្សធម៌នៅខាងក្នុងនិងជុំវិញក្រុង Aleppo អនុញ្ញាតឱ្យពួកជនស៊ីវិលរត់គេចខ្លួនចេញពីក្រុងមានការប្រយុទ្ធគ្នានេះក្នុងប្រទេសស៊ីរី។
ថ្លែងទៅកាន់ពួកអ្នកកាសែតកាលពីថ្ងៃសុក្រ នៅក្នុងក្រុងហ្សឺណែវ ប្រទេស ស្វ៊ីស លោក Staffan de Mistura បានសម្តែងការគាំទ្រជាគោលការណ៍ដល់តំបន់របៀងខាងមនុស្សធម៌ នៅក្រោមកាលៈទេសៈត្រឹមត្រូវ ហើយលោកបាននិយាយថា នៅពេលនេះក្រុង Aleppo ឋិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរដែលម្ហូបអាហារជិតអស់ហើយសម្រាប់មនុស្ស៣សែននាក់ដែលជាប់គាំងនៅក្នុងក្រុងនេះ។
លោក de Mistura ក៏បាននិយាយជាថ្មីទៀតអំពីការអំពាវនាវដោយលោក Stephen O'Brien ប្រធានផ្នែកជំនួយមនុស្សធម៌របស់អ.ស.ប.ដែលសុំឱ្យមានការផ្អាកការប្រយុទ្ធគ្នា៤៨ម៉ោង ដើម្បីអនុញ្ញាតឱ្យមានការផ្តល់ម្ហូបអាហារនិងគ្រឿងផ្គត់ផ្គង់ឯទៀតៗសម្រាប់គ្រាមានអាសន្នទៅកាន់ក្រុងនេះដែលត្រូវបានកាត់ផ្តាច់ដោយកងកម្លាំងលម្អៀងទៅខាងរដ្ឋាភិបាល ចាប់តាំងពីថ្ងៃទី១៧ ខែកក្កដាមកនោះ។
ដូចដែលលោក O'Brien បានធ្វើកាលពីមួយថ្ងៃមុននេះដែរ លោក de Mistura មានប្រតិកម្មដល់សំណើមួយរបស់រុស្ស៊ីសម្រាប់ការបើកតំបន់របៀងបួនដើម្បីជម្លៀសពួកជនស៊ីវិលនិងពួកយុទ្ធជនដែលចង់ទម្លាក់អាវុធចេញពីផ្នែកខាងកើតនៃក្រុង Aleppo ដែលកាន់កាប់ដោយពួកឧទ្ទាម។ លោ de Mistura បានសួរអំពីលទ្ធភាពដែលអាចមានខណៈការប្រយទ្ធគ្នានៅតែមាន។
លោកបាននិយាយថា៖ «តើលោកអ្នកគិតថាមនុស្សរាប់ពាន់នាក់ដើរតាមតំបន់របៀងមួយដោយរបៀបណាទៅ នៅពេលមានការបាញ់ផ្តក់ ការទម្លាក់គ្រាប់បែក និងការប្រយុទ្ធគ្នានៅតែមាននោះ?»។លោក de Mistura ក៏បានសរសើរសេចក្តីថ្លែងការណ៍មួយដោយអង្គការកាកបាទក្រហមអន្តរជាតិដែលបានស្វាគមន៍ដល់សេចក្តីស្នើរបស់រុស្ស៊ី ក៏ប៉ុន្តែបានថ្លែងថាតំបន់របៀងបែបនេះគួរមាន «ការយល់ព្រមពីភាគីទាំងអស់»៕