ខ្យល់​ព្យុះ​បាន​សម្លាប់​មនុស្ស​១៥០​នាក់​នៅ​ភាគ​អាគ្នេយ៍​ប្រទេស​អាហ្វ្រិក

មនុស្សម្នា​ដើរ​កាត់​គំនរ​បាក់បែក​នៅ​លើ​ផ្លូវ​នៃ​ក្រុង Beira ប្រទេស​ម៉ូសំប៊ិក បន្ទាប់​ពី​ព្យុះ Idai បាន​ធ្វើ​ឲ្យ​បាក់​ដី កាលពី​ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩។

មាន​មនុស្ស​ចំនួន​ជាង​១៥០នាក់​បានស្លាប់ ​និង​រាប់រយ​នាក់​ត្រូវបាត់​ខ្លួន​បន្ទាប់​ពី​ខ្យល់​ព្យុះ​ Idai ​បាន​វាយ​បោកបក់​កាត់​តំបន់​អាគ្នេយ៍​ប្រទេស​អាហ្វ្រិក ​ហើយ​ទីក្រុង​បេរ៉ា ​ប្រទេស​ម៉ូសំប៊ិកត្រូវវាយ​ប្រហារ​ធ្ងន់ធ្ងរ​ជាង​គេ​បំផុត។

ក្រុម​បុគ្គលិក​សង្គ្រោះ​បន្ទាន់​របស់​អង្គការ​កាកបាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម​អន្ដរ​សហព័ន្ធ (IFRC)​ បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង​ដែល​មាន​មហន្តរាយ​នោះ​ហើយ កាលពី​ថ្ងៃអាទិត្យ​ដើម្បី​វាយ​តម្លៃ​ស្ថាន​ការណ៍។​ នេះ​បើតាម​សេចក្តី​ថ្លែងការណ៍​របស់​អង្គការ​នេះ​កាលពី​ថ្ងៃចន្ទ។

អ្នក​ដឹកនាំ​ក្រុម​របស់​អង្កការ​ IFRC លោក Jamie LeSueur ​បានថ្លែង​ថា​បន្ទាប់​ពីបាន​ធ្វើ​ការ​វាយ​តម្លៃពី​លើ​យន្តហោះ​ បាន​បង្ហាញថា ​តំបន់​នៃ​ទីក្រុង​បេរ៉ា​ប្រមាណ​៩០ភាគរយ​ត្រូវ​បំផ្លាញ​ខ្ទេចខ្ទី។ ​ស្ថានការណ៍​នេះ​អាក្រក់​ណាស់ ​ទំហំ​នៃ​ការ​ខូចខាត​មាន​ធំធេង​ណាស់។

​អង្គការ​សហ​ប្រជាជាតិ​បាន​ប៉ាន់​ប្រមាណ​ថាពលរដ្ឋ​ជាង​១លាន​៥សែន ​នាក់​នៅក្នុង​ប្រទេស​ ម៉ូសំប៊ិក ​ម៉ាឡាវី​ ស៊ីមបាវ៉េ​ រងគ្រោះ​ដោយ​ខ្យល់​ព្យុះ​នេះ។ ​ពលរដ្ឋ​រាប់​ម៉ឺន​នាក់​ត្រូវ​រងគ្រោះ​ដោយសារ​មានកាត់​ផ្តាច់​ផ្លូវ​ថ្នល់​ បណ្តាញ​ទូរសព្ទ​ ជាពិសេស​នៅ​តំបន់​ក្រីក្រ​និង​ជនបទ។​

ខ្យល់​ព្យុះ​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​បាក់ដី​កាលពី​ថ្ងៃព្រហស្បតិ៍​នៅ​ជិត​ទីក្រុង​បេរ៉ា​ជាប់​មាត់​សមុទ្រ ​នៃ​ប្រទេស ​ម៉ូសំប៊ិក ​ដែល​បាន​រងការវាយ​បោកបក់​ដោយ​ខ្យល់ព្យុះ​ដែល​មាន​ល្បឿន​ជិត ​២០០​គីឡូម៉ែត្រ​ក្នុង​១ម៉ោង។ ​ខ្យល់​ព្យុះ​នេះ​ក្រោយ​មក​បាន​បក់បោក​ឆ្ពោះ​ទៅ​កាន់​ប្រទេស​ម៉ាឡាវី ​និង​ស៊ីមបាវ៉េ៕