មនុស្សយ៉ាងហោចណាស់២២នាក់ត្រូវបានសម្លាប់ ហើយអ្នកផ្សេងទៀតនៅកំពុងបាត់ខ្លួននៅឡើយ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងដែលបណ្តាលមកពីព្យុះស៊ីក្លូននៅអាហ្វ្រិក។
មនុស្សយ៉ាងហោចណាស់ចំនួន១៥នាក់ត្រូវបានសម្លាប់នៅក្នុងតំបន់ Awdal ដែលស្ថិតក្នុងសាធារណរដ្ឋ Somaliland ដែលប្រកាសឯករាជ្យដោយខ្លួនឯង។ នេះបើយោងតាមលោក Abdirahman Ahmed Ali ដែលជាអភិបាលតំបន់នេះ ខណៈដែលមនុស្សផ្សេងទៀតត្រូវបានសម្លាប់នៅក្នុងក្រុង Berbera នៃតំបន់ Sahil។
លោក Ali បាននិយាយថា របាយការណ៍នោះគឺជារបាយការណ៍បឋមនៅឡើយទេ ហើយតួលេខរបស់អ្នកស្លាប់អាចនឹងកើនឡើងបន្តទៀត ខណៈដែលពួកគេព្យាយាមទៅកាន់តំបន់ដាច់ស្រយាលដែលរងផលប៉ះពាល់ពីភ្លៀងធំនោះ។
ជនរងគ្រោះភាគច្រើនត្រូវបានគេជឿថា ត្រូវបានទឹកជំនន់កួចយកទៅ។ នេះបើយោងតាមសម្តីរបស់ពលរដ្ឋរស់នៅទីនោះ។
ពលរដ្ឋរស់នៅក្នុងក្រុង Baki នៃតំបន់ Awdal និយាយថា ពួកគេបានកត់ត្រាអ្នកស្លាប់ចំនួន៤នាក់ ដែលក្នុងនោះ៣នាក់ត្រូវបានទឹកជំនន់កួចយកទៅបាត់ ខណៈដែលជនទី៤បានស្លាប់ដោយសារតែផ្ទះបាក់សង្កត់ពីលើ។
លោក Mohamed Aw Ahmed Ateye គឺជាប្រធានក្រុមប្រឹក្សាឃុំសង្កាត់ក្នុងក្រុង Baki។ លោកបានថ្លែងប្រាប់ VOA សូម៉ាលីថា «មានការបាត់បង់ជីវិតមនុស្សយ៉ាងច្រើន ហើយទ្រព្យសម្បត្តិក៏ត្រូវបានបំផ្លិចបំផ្លាញផងដែរ»។
លោក Ateye បានរាយការណ៍ថា ផ្ទះចំនួន៤១ខ្នងនៅក្នុងក្រុងបានរលំ ខណៈដែលផ្ទះ៣០ខ្នងផ្សេងទៀតត្រូវបានបំផ្លិចបំផ្លាញក្នុងក្រុង Harirad។ លោកបាននិយាយថា កសិដ្ឋានចំនួន១៤០ក៏ត្រូវបានបំផ្លិចបំផ្លាញផងដែរ៕