នៅថ្ងៃពុធនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងប្រកាសអំពីការដាក់ទណ្ឌកម្មបន្ថែមទៀតលើប្រទេសវេ៉ណេស៊ុយអេឡា គុយបា និងនីការ៉ាហ្គា ដែលនេះជាវិធានការថ្មីចុងក្រោយបំផុតមួយដើម្បីប្រឆាំងនឹងរដ្ឋាភិបាលសង្គមនិយមទាំងនេះ។
រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump បានដាក់អាទិភាពនៅក្នុងការទម្លាក់ប្រធានាធិបតីវេ៉ណេស៊ុយអេឡាលោក Nicolas Maduro ចេញពីតំណែង និងទទួលស្គាល់ប្រធានរដ្ឋសភាវេ៉ណេស៊ុយអេឡាលោក Juan Guaido ជាប្រធានាធិបតី។ ប្រទេសជាង ៥០ ផ្សេងទៀតក៏ចាត់វិធានការបែបនេះផងដែរ។
នៅមុនពេលថ្លែងសុន្ទរកថានៅថ្ងៃពុធនេះនៅទីក្រុង Miami រដ្ឋ Florida ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក John Bolton បានសង្កត់ធ្ងន់ថា ជម្រើសទាំងអស់គឺអាចប្រើប្រាស់បានទាក់ទិននឹងវិបត្តិនៅប្រទេសវេ៉ណេស៊ុយអេឡា ដោយលោកបានអះអាងថា ប្រទេសនេះ «ជិតឈានដល់ដំណាក់កាលដាំក្បាលចុះក្រោមហើយ»។
លោក Bolton បាននិយាយថា៖
«សហរដ្ឋអាមេរិកចង់ឃើញការផ្ទេរអំណាចដោយសន្តិវិធី ប៉ុន្តែយើងប្ដេជ្ញាថានឹងមានការផ្ទេរអំណាចកើតឡើង។ ទុកឲ្យលោក Maduro និងបក្ខពួករបស់លោកគិតអំពីចំណុចនេះទៅចុះ»។
ជាផ្នែកមួយនៃកិច្ចប្រឹងប្រែងទម្លាក់លោក Maduro ចេញពីតំណែង មន្ត្រីរដ្ឋាភិបាលអាមេរិកក៏បានដាក់សម្ពាធតឹងតែងផងដែរលើប្រទេសគុយបា។
នៅថ្ងៃពុធនេះ រដ្ឋបាលលោក Trump នឹងប្រកាសថា ខ្លួននឹងអនុញ្ញាតជាលើកដំបូងឲ្យមានការប្ដឹងផ្ដល់នៅក្នុងសហរដ្ឋអាមេរិក ដើម្បីប្រឆាំងនឹងក្រុមហ៊ុនបរទេសទាំងអស់នៅក្នុងប្រទេសគុយបា ដែលបានប្រើអចលនទ្រព្យដែលរដ្ឋាភិបាលរបស់លោក Fidel Castro រឹបអូសពីពលរដ្ឋអាមេរិកាំងកាលពីទសវត្ស ១៩៦០៕