ប្រេង​ឆៅ​ចុះ​ថ្លៃ​ទៀត​ដល់​ក្រោម​៥០​ដុល្លារ​ក្នុង​មួយ​ធុង

  • Steve Herman

នាវា​ដឹក​ប្រេង និង​សារធាតុ​គីមី​ចូល​កំពង់​ផែ​ក្រុង​ New York។ ប្រេង​ឆៅ​ចុះ​ថ្លៃ​ទៀត​ដល់​ក្រោម​៥០​ដុល្លារ​ក្នុង​មួយ​ធុង។

ប្រាក់​ដុលា្លរ​អាមេរិកាំង​ ដែល​មាន​តម្លៃ​ខ្ពស់​ និង​ផែនការ​របស់​ប្រទេស​អ៊ីរ៉ង់​ក្នុង​ការ​ដឹក​ប្រេង​ទៅ​លក់​ឯ​ប្រទេស​ក្រៅ​នៅ​ពេល​មានប្រេង​លើស​សេចក្តី​ត្រូវ​ការ​រួច​ទៅហើយ​នោះ​ បានធ្វើឱ្យ​តម្លៃ​ប្រេង​ឆៅ​ចុះ​ដល់ក្រោម​៥០​ដុល្លារ​ក្នុង​មួយ​ធុង​កាល​ពី​ថ្ងៃ​អង្គារ។​

សេដ្ឋកិច្ច​មិន​សូវលូតលាស់​នៅ​ក្នុង​ទ្វីបអាស៊ី​ និង​ទ្វីបអឺរ៉ុប​ដែល​ត្រូវការ​ប្រេង​ច្រើន​ក៏​បាន​កាត់​បន្ថយ​សេចក្តី​ត្រូវការ​ប្រេង ដោយ​ធ្វើឱ្យ​ប្រេង​ធ្លាក់​តម្លៃ​ក្រោម​៥០​ដុល្លារ​ក្នុង​មួយ​ធុង​ជា​លើក​ដំបូង​ចាប់តាំង​ពី​ខែ​មេសា​មក។​

គេ​រំពឹង​ថា​ ធនាគារ​កណ្តាល​ស.រ.អា.​នឹង​បង្កើន​អត្រា​ការ​ប្រាក់​នៅ​ពេល​បន្ទាប់​មក​ទៀត​ក្នុង​ឆ្នាំ​នេះ។​ ហើយ​ប្រាក់​ដុល្លារ​ ដែល​ថ្លៃ​ជាង​មុន ​បាន​ធ្វើឱ្យ​ប្រេង​ឆៅ​មាន​តម្លៃ​ខ្ពស់​ជាង​មុន​សម្រាប់​ពួក​អ្នកទិញ​ដែល​ប្រើ​រូបិយបណ្ណ​ឯទៀតៗ​ក្រៅ​ពីប្រាក់​ដុល្លារ​អាមេរិកាំង​ ព្រោះ​តម្លៃ​ប្រេង​ឆៅ​គិត​ជា​ដុល្លារ​អាមេរិក។​

គេ​បាន​និយាយ​ថា​ ប្រទេស​អ៊ីរ៉ង់ ដែល​រំពឹង​ថា​ នឹង​រួចផុតពីការ​រាំង​ខ្ទប់​ការ​លក់​ប្រេង​របស់​ខ្លួន​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ទៀត ក្រោយពី​មាន​កិច្ច​ព្រមព្រៀង​ថ្មីៗ​អំពី​បរមាណូ​ជា​មួយ​ពួក​ប្រទេស​មហា​អំណាចបស្ចឹម​ប្រទេសនោះ​ បាន​បញ្ចូល​ប្រេង​រាប់សិប​លាន​ធុង​ទៅ​ក្នុង​មហា​នាវា​ដឹកប្រេង​នៅ​ក្នុង​ឈូង​សមុទ្រ​ពែក​ ដោយ​រង់ចាំ​ការ​បញ្ជា​ទិញ។

លោក​ Victor Shum ​ជា​អនុប្រធាន​ក្រុម​ហ៊ុន​ថាមពល​ IHS ​នៅក្នុង​ប្រទេស​សិង្ហបូរី។
«គេ​បាន​រាយការណ៍​ថា​ នាវា​មួយ​គ្រឿង​ក្នុង​បណ្តា​កប៉ាល់​ទាំង​នេះ​បាន​បើក​ទៅ​កាន់​ទ្វីបអាស៊ី​ហើយ។​ គេ​មិន​ដឹង​ទី​ដៅនៃ​នាវា​នេះ​ទេ។​ ក៏ប៉ុន្តែ​ខ្ញុំ​គិត​ថា ​ពួក​អ៊ីរ៉ង់

បញ្ជូន​ប្រេង​ឆៅទៅ​ជិត​ទីផ្សារ​ដើម្បី​ប្រុង​ប្រៀប​ផ្គត់ផ្គង់​ពួក​អតិថិជន»។​

កាល​ពីសប្តាហ៍​មុន​ ពួក​ប្រទេស​មហា​អំណាច​ពិភពលោក​ទាំង​៦​បាន​សម្រេច​កិច្ចព្រម​ព្រៀង​ជាមួយ​ប្រទេស​អ៊ីរ៉ង់ ​ដើម្បី​កាត់​បន្ថយ​កម្មវិធី​បរមាណូ​របស់​

សាធារណរដ្ឋ​ឥស្លាម​នេះ​ និង​រារាំង​កុំឱ្យប្រទេស​នេះ​ផលិត​គ្រាប់​បែក​បរមាណូ។

ប្រទេស​អ៊ីរ៉ង់មាន​ប្រេង​បម្រុង​ច្រើន​ទី​បួន​ក្នុង​ពិភពលោក ក៏​ប៉ុន្តែ​ការ​ដាក់​ទណ្ឌកម្ម​ដោយ​ស.រ.អា.​និង​ពួក​ប្រទេស​អឺរ៉ុប​ ព្រម​ទាំង​ប្រទេស​ឯទៀតៗ​ បាន​កាត់​បន្ថយ​សមត្ថភាព​របស់​ប្រទេស​នេះ​ក្នុង​ការ​រកបាន​ប្រាក់​ដុល្លារ​អាមេរិកាំង​ពី​ការ​ទិញ​ដូរ​ជាអន្តរជាតិ។

តម្លៃ​ប្រេង​ចុះថោក​នេះមាន​ផល​ប៉ះពាល់​ច្រើន​បំផុត​ដល់​ពួក​ប្រទេស​ផលិត​ប្រេង​ក្នុង​ភូមិភាគ​មជ្ឈឹមបូព៌ា​ និង​ប្រទេស​ជាតិ​នានា ​ដូចជា​ប្រទេសវេណេហ្សូអេឡា​ ​ជា​ដើម​ ដែល​មាន​បញ្ហា​សេដ្ឋ​កិច្ចរ៉ាំរៃ​រួច​ស្រេច​ហើយ​នោះ។​

ពួក​អ្នក​សេដ្ឋ​សាស្ត្រ​និយាយ​ថា​ ប្រទេសរុស្ស៊ី​ និង​ប្រទេសនីហ្សេរីយ៉ា​ក៏ត្រូវ​ការ​ឱ្យ​តម្លៃ​ប្រេង​ឆៅ​ឋិត​នៅត្រឹម​កម្រិត​បច្ចុប្បន្ន​ ឬខ្ពស់​ជាង​កម្រិត​បច្ចុប្បន្ន​ពីរ​ដង ​ដើម្បី​បញ្ចៀស​កុំឱ្យ​រដ្ឋាភិបាល​ពួក​គេ​មាន​ឱនភាព​ថវិកា។​ ក៏ប៉ុន្តែ​លោក Shum ​នៃក្រុម​ហ៊ុន​ថាមពល​ IHS ​និយាយ​ថា​ តម្លៃ​ប្រេង​ដែល​នៅ​ទាប​ត​ទៅ​ទៀត​គឺ​ជា​ដំណឹង​ដែលប្រទេស​ភាគ​ច្រើន​ក្នុង​ទ្វីបអាស៊ី​ស្វាគមន៍។​

«ប្រទេស​ខ្លះ ​ដែលនាំ​ចូល​ប្រេង​ច្រើន​បំផុត​គឺ​ជា​ប្រទេស​ឋិត​នៅ​ក្នុង​ទ្វីប​អាស៊ី។​ ប្រទេស​ចិន​ ឥណ្ឌា​ ជប៉ុន​និង​ប្រទេស​កូរ៉េ​ខាងត្បូង​ជា​ប្រទេស​ដែល​នាំប្រេង​ចូល​ក្នុង​ច្រើន​បំផុត។​ ​ដូច្នេះ​ប្រទេស​ទាំង​នេះ​ដែល​មាន​សេដ្ឋកិច្ច​ធំៗ​ក្នុង

ទ្វីប​អាស៊ី​នឹង​ទទួល​អត្ថ​ប្រយោជន៍​ពី​ប្រេង​ចុះ​ថ្លៃ​នេះ។​ តម្លៃប្រេង​ចុះ​ថោក​នេះនឹង​ជួយ​ដល់​សេដ្ឋកិច្ច​ក្នុង​ទ្វីប​អាស៊ី។​

ពួក​អ្នក​ធ្វើវិភាគនៅ​ឯ​ធនាគារធំៗ​មួយ​ចំនួន ​ដូចជា​ធនាគារ​ JP Morgan ​និង​ធនាគារ Barclays ​ជា​ដើម ​មិន​យល់​ឃើញ​ថា​ តម្លៃ​ប្រេង​នឹង​ឋិត​នៅ​ទាប​បែប​នេះ​នៅ​ចុង​ឆ្នាំ​នេះ​ទេ។ ​ពួក​គេ​ទស្សន៍ទាយ​ថា​ ប្រេង​ធុន​ Brent​ នឹង​ឡើង​ថ្លៃលើស​ពី៦០​ដុល្លារ​ក្នុង​មួយ​ធុង​នៅ​ក្នុង​ត្រីមាសទី​៣​នៃ​ឆ្នាំនេះ។​ កាលពី​ថ្ងៃអង្គារ​ទី២១​ខែ​កក្កដា​ ប្រេង​ Brent​ ​មាន​តម្លៃ​៥៦​ដុល្លារ​ក្នុង​មួយ​ធុង៕​

ប្រែសម្រួលដោយ ឈឹម សុមេធ