កិច្ច​ចរចា​សន្តិភាព​​​សំខាន់បំផុត​កំពុង​កើត​ឡើង​រវាង​ស.រ.អា.និងពួក​តាលីបង់

រូបភាពឯកសារ៖​ អ្នក​តំណាង​ពិសេសរបស់សហរដ្ឋ​អាមេរិក​សម្រាប់​ការ​ចរចា​ជាមួយ​ Zalmay Khalilzad នៃ​ប្រទេស​អាហ្វហ្គានីស្ថានចូល​រួម​ពិភាក្សា​ Afghan Dialogue នៅ​រដ្ឋ​ធានី​ Doha ប្រទេស​កាតាកាលពីថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ២០១៩។

ស.រ.អា.និង​ពួក​តាលីបង់​អាហ្វហ្គានីស្ថាន​បាន​ធ្វើកិច្ច​ចរចាសន្តិភាព​ជា​ថ្មីនៅក្នុង​ប្រទេសកាតាដើម្បី​ខិតខំព្យាយាមធ្វើឱ្យមានកិច្ច​ព្រមព្រៀង​គ្នា​មួយ​ដែល​អាច​បញ្ចប់​អន្តរាគមន៍​យោធា​ស.រ.អា.យូរ​បំផុត​នៅ​ក្រៅ​ប្រទេស។

កិច្ចចរចា​ជុំ​ទី​៩ដ៏​សំខាន់នៅ​ក្នុង​ដំណើរការ​ចរចា​គ្នា​ដែល​មានរយៈពេល​មួយ​ឆ្នាំ​មក​ហើយ​នោះកំពុងមានធ្វើកាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍នៅ​ក្នុង​រាជធានី Doha នៃ​ប្រទេស​កាតា នៅ​ពេលមាន​ការរំពឹង​ថា​កិច្ច​ចរចា​គ្នា​នេះ​នឹង​នាំឱ្យមានកិច្ច​ព្រមព្រៀង​សន្តិភាព​មួយ​ដែល​គេ​រង់ចាំយូរ​មក​ហើយ​រវាង​គូ​សត្រូវ​ទាំង​ពីរនេះ។​

កិច្ចចរចា​គ្នា​នេះមានឡើង​មួយ​ថ្ងៃ​ក្រោយពី​មានការប៉ះទង្គិច​គ្នា​ជាមួយ​ពួកបះបោរ​តាលីបង់​នៅ​ក្នុង​ភាគ​ខាងជើង​នៃ​ប្រទេស​អាហ្វហ្គានីស្ថានបាន​បណ្តាល​ឱ្យ​ទាហាន​អាមេរិកាំង​ពីរ​នាក់​ស្លាប់ ហើយ​ការណ៍​នេះ​នាំ​ឱ្យ​ចំនួន​ទាហាន​ស.រ.អា.​ដែល​បាត់​បង់ជីវិត​ក្នុង​ប្រទេស​នេះក្នុង​ឆ្នាំ​នេះ​កើនឡើង​ដល់​១៤នាក់​ហើយ ដែល​មាន​លើស​ពី​ចំនួនទាហាន​ស្លាប់ទាំងអស់​កាលពី​ឆ្នាំ​២០១៨។​

អ្នកនាំ​ពាក្យ​ម្នាក់​របស់​ពួក​តាលីបង់​បាននិយាយថា​លោក Zalmay Khalilzad ប្រេសិតពិសេស​ស.រ.អា.ទទួល​បន្ទុកកិច្ច​ការ​ប្រទេសអាហ្វហ្គានីស្ថានដឹកនាំ​ភាគីអាមេរិកាំង​ ចំណែកឯលោក Sher Muhammad Abbas Stanekzai ដឹក​នាំ​អ្នក​ធ្វើការ​ចរចា​របស់​ពួក​បះបោរ។

លោក Zabihullah Mujahid បាននិយាយ​ថា​«លោក​ Scott Miller អគ្គមេបញ្ជាការ​នៃ​កងកម្លាំង​បរទេស​កាន់កាប់ប្រទេស​អាហ្វហ្គានីស្ថានក៏​មានវត្តមាន​ក្នុង​កិច្ច​ចរចា​គ្នា​នេះ​ដែរ» ដោយ​លោក​និយាយ​យោង​ដល់​អគ្គមេបញ្ជាការ​អាមេរិកាំង​នៃកង​កម្លាំងស.រ.អា.​និង​អូតង់​នៅក្នុង​ប្រទេសអាហ្វហ្គានីស្ថាន។

លោក Khalilzad នឹង​ធ្វើដំណើរ​ទៅ​កាន់​ក្រុង​កាប៊ុលដើម្បី​ជួបជាមួយពួក​មេដឹកនាំ​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​នៅ​ក្រោយ​ការបញ្ចប់​ការ​ប្រជុំគ្នានៅ​ក្នុងក្រុង​ ​Doha៕