អ្នក​រិះគន់​ថា អនុក្រឹត្យ​បន្ទាន់​ថ្មី​មួយ​របស់​តួកគី​អាច​បង្ក​ឲ្យ​មាន​ការ​ចោទប្រកាន់​លើ​ក្រុម​ណា​មួយ

លោក Abdullah Gul អតីត​ប្រធានាធិបតី​តួកគី​ចាកចេញ​ពី​កម្មវិធី​រំឭក​វិញ្ញាណក្ខន្ធ​សម្រា់ប​ជនរងគ្រោះ​នៅ​ក្នុង​រដ្ឋប្រហារ​មួយ​នៅ​ក្នុង​ក្រុង Istanbul កាលពី​ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦។

មេធាវី​និង​អ្នក​នយោបាយ​នៅ​ក្នុង​ប្រទេស​តួកគី កំពុង​តែ​ព្រមាន​ថា អនុក្រឹត្យ​បន្ទាន់​ថ្មី​មួយ​នឹង​លើក​ឡើង​ពី​អំពើ​ហិង្សា​និង​លើក​ទឹកចិត្ត​ឲ្យ​មាន​ព័ត៌មាន​ចោទប្រកាន់​ទៅ​លើ​ក្រុម​ណាមួយ។

សមាគម​សហភាព​មេធាវី​តួកគី​ដែល​ជា​ក្រុម​មេធាវី​សំខាន់ៗ​នៃ​ប្រទេស​តួកគីនិយាយ​ថា អនុក្រឹត្យ​នេះ​ត្រូវ​បាន​សរសេរ​ឡើង​ដោយ​មិន​ច្បាស់លាស់ ហើយ​អាច​នាំ​ឲ្យ​មាន​អំពើ​ហិង្សា​បាន។

ច្បាប់​ថ្មី​នេះ ដែល​ត្រូវ​បាន​អនុម័ត​កាល​ពី​ថ្ងៃ​អាទិត្យ ផ្តល់​អភ័យឯកសិទ្ធិ​ដល់​ជនស៊ីវិល​ដែល​ធ្វើ​សកម្មភាព​បញ្ឈប់​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៦។ កាល​ពី​មុន​នេះ រដ្ឋាភិបាល​បាន​ផ្តល់​អភ័យឯកសិទ្ធិ​ដល់​មន្ត្រី​អនុវត្ត​ច្បាប់​និងមន្ត្រី​រដ្ឋាភិបាល ដែល​ចាត់​វិធានការ​ដើម្បី​កម្ចាត់​រដ្ឋប្រហារ។ ​

លោក​អតីត​ប្រធានាធិបតី​តួកគី Abdullah Gul ដែល​ជា​សម្ព័ន្ធមិត្ត​យូរអង្វែង​របស់​លោក​ប្រធានាធិបតី Tayyip Erdogan ក៏​បាន​សម្តែង​ការ​ព្រួយបារម្ភ​ទៅ​លើ​វិធានការ​នេះ​ផង​ដែរ នៅ​ក្នុង​ការ​បង្ហាញ​ការ​ប្រឆាំង​ដ៏​កម្រ​មួយ។ លោក Gul បាន​មាន​ប្រសាសន៍​ថា ច្បាប់​នេះ​គឺ «គួរ​ឲ្យ​បារម្ភណាស់» ហើយ​លោក​និយាយ​ទៀត​ថា ច្បាប់​នេះ​គួរ​តែ​ត្រូវ​បាន​វាយតម្លៃ​ជាថ្មី​ឡើង​វិញ។ ​

កាល​ពី​ថ្ងៃ​ចន្ទ គណបក្ស​ប្រជាជន​សាធារណរដ្ឋ ដែល​ជា​គណបក្ស​ប្រឆាំង​ធំ​បំផុត​នៅ​ក្នុង​ប្រទេស​តួកគី​បាន​និយាយ​ថា ខ្លួន​នឹង​ប្តឹង​ឧទ្ធរណ៍​ទៅ​លើ​អនុក្រឹត្យ​នេះ​នៅ​តុលាការ​ធម្មនុញ្ញ។

គណបក្ស Ivi Parti ដែល​ជា​គណបក្ស​ប្រឆាំង​ថ្មី​មួយ និយាយ​ថា អនុក្រឹត្យ​នេះ​អាច​បង្ក​ឲ្យ​មាន​ការ​វាយប្រហារ​ទៅ​លើ​អ្នក​តវ៉ា​របស់​គណបក្ស​ប្រឆាំង ដោយ​ចោទប្រកាន់​ថា ពួកគេ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ដែល​បរាជ័យ៕