សវនាការ​​ក្តី​​ព្រហ្មទណ្ឌ​របស់​អ្នកស្រី Aung San Suu Kyi នៅ​មីយ៉ាន់ម៉ា​​​បាន​បន្ត​ទៅ​មុខ​​​

រូប​ឯកសារ៖ បាតុករ​កាន់​រូប​តំណាង​អ្នកស្រី Aung San Suu Kyi កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០២១ ក្នុង​ទី​ក្រុង​រង់ហ្គូន ក្នុង​អំឡុង​បាតុកម្ម​មួយ​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា។

មេដឹកនាំស៊ីវិលនៃ​ប្រទេស​មីយ៉ាន់ម៉ា​ដែល​ត្រូវ​បាន​ទម្លាក់​ចេញ​ពី​អំណាច​ដោយ​របបយោធានោះ​បាន​វិល​ត្រឡប់​មក​បន្ទប់​សវនាការកាត់​សេចក្តី​ក្នុង​រដ្ឋធានី​ណៃពិដោ​កាលពីថ្ងៃ​ចន្ទ​សម្រាប់សវនាការ​ជុំថ្មី​មួយ​ទៀត​ទាក់ទិន​នឹងការ​ចោទ​ប្រកាន់​រឿង​ពុករលួយដោយ​បាន​ធ្វើ​ឡើង​ដោយ​របប​យោធា​ដែល​បាន​ទម្លាក់​រដ្ឋាភិបាល​របស់​អ្នកស្រីក្នុង​រដ្ឋប្រហារ​យោធា​មួយ​កាល​ពី​ដើម​ខែ​កុម្ភៈ​កន្លង​ទៅ។

ក្រុម​មេធាវី​ការពារ​ក្តីរបស់​អ្នកស្រី Suu Kyi បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា តុលាការបាន​ស្តាប់​សក្ខីកម្ម​របស់សាក្សី​២នាក់ជុំវិញ​ការ​ចោទ​ប្រកាន់មួយ​ដែល​ថា អ្នកស្រី​បាន​រំលោភ​លើ​ច្បាប់គ្រប់​គ្រង​គ្រោះ​មហន្តរាយ​ជាតិរបស់​មីយ៉ាន់ម៉ា ដោយ​បំពាន​ទៅ​លើការ​រឹតបន្តឹង​ជំងឺ​កូវីដ១៩ក្នុង​អំឡុង​ពេល​នៃ​យុទ្ធនាការ​រក​សំឡេង​ឆ្នោតសម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​សភា​កាល​ពី​ឆ្នាំ​២០២០​កន្លង​ទៅ។

ក្នុង​សវនាការ​លើក​ទី​២​របស់​អ្នកស្រី​ដែល​ពាក់​ព័ន្ធ​នឹង​ការ​រំលោភ​ច្បាប់ទូរគមនាគមន៍​នោះ ក្រុម​មេធាវី​ទាំង​សង​ខាងបាន​ជជែក​តឹង​សរសៃ​ក​ដាក់​គ្នា​លើ​ការ​ផ្តល់​សក្ខីកម្ម​ពី​សាក្សី​ម្នាក់ក្នុង​ចំណោម​សាក្សី​បី​នាក់។ សវនាការ​ទី​៣​និង​ចុងក្រោយគឺ​ពាក់​ព័ន្ធនឹង​ករណី​ដែលអ្នកស្រី​បំពាន​ច្បាប់​អាហរណ៍នីហរណ៍​របស់​ប្រទេស​មីយ៉ាន់ម៉ា។ ពាក់ព័ន្ធ​នឹង​បទ​ចោទ​ប្រកាន់​នេះ​ឯកសារ​របស់​ប៉ូលិស​បង្ហាញ​ថា​ប៉ូលិស​រកឃើញ​វិទ្យុទាក់​ទង​ចំនួន​៦គ្រឿង​ក្នុង​លំនៅដ្ឋាន​របស់​អ្នកស្រី​ក្នុង​រដ្ឋធានី​ណៃពិដោដែល​គ្មាន​ចុះ​បញ្ជីនិង​នាំ​ចូល​ដោយ​ខុស​ច្បាប់។

មុន​សវនាការ​ដែល​ទាក់ទិន​អ្នកស្រី Suu Kyi សវនាការ​នោះ​បាន​ធ្វើ​ការចោទប្រកាន់​ប្រធានាធិបតីដែល​ទម្លាក់​ចេញ​ពី​តំណែង​លោក U Win Myint ចំពោះ​ការទាក់ទិននឹង​ការ​រំលោភ​ច្បាប់​គ្រប់គ្រង​ហន្តរាយ។

ក្រុម​មេធាវី​ការពារ​ក្តី​របស់អ្នកស្រីប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា​គេរំពឹង​ថា​សវនាក្តីនេះ​នឹង​អាច​ប្រើ​ពេល​រហូត​ដល់​ចុងខែ​កក្កដា​ទើប​បញ្ចប់៕