ខណៈ​មាន​ស្នាដៃ​កសាង​សន្តិភាព លោក ហ៊ុន សែន ប្រឈម​ការ​រិះ​គន់​បំផ្លាញ​ប្រជាធិបតេយ្យ មុន​ចាក​ចេញ​ពី​អំណាច

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ជ្រលក់ម្រាមដៃ ក្រោយបោះឆ្នោតហើយនៅមណ្ឌលបោះឆ្នោតក្នុងខេត្តកណ្តាល សម្រាប់ការបោះឆ្នោតជាតិអាណត្តិទី ៧ នាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣។ (Photo by TANG CHHIN SOTHY / AFP)

ការ​ប្រកាស​ចុះ​ចេញ​ពី​តំណែង​ជា​នាយក​រដ្ឋមន្រ្តី​របស់​លោក ហ៊ុន សែន ធ្វើ​ឡើង​មិន​ដល់​មួយ​សប្តាហ៍​ផង ក្រោយ​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ការ​បោះ​ឆ្នោត​មួយ​ដែល​មិន​មាន​វត្តមាន​គណបក្ស​ជំទាស់​ដ៏​ចម្បង គឺ​គណ​បក្ស​ភ្លើង​ទៀន។ ការណ៍​នេះ​នាំ​ឱ្យ​មាន​ការ​រិះ​គន់​ពី​ប្រទេស​លោក​ខាង​លិច​មួយ​ចំនួន​អំពី​ការ​បន្ត​ធ្លាក់​ចុះ​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស ដែល​រៀបចំ​ការ​បោះ​ឆ្នោត​ពីរ​ដង​ជាប់​គ្នា​ចុង​ក្រោយ​នេះ មិន​មាន​វត្តមាន​គណបក្ស​ជំទាស់​ដ៏​ចម្បង។

លោក ហ៊ុន សែន អាយុ​៧០​ឆ្នាំ ដែល​កាន់​អំណាច​៣៨​ឆ្នាំ​មក​នេះ ពោល​គឺ​ចាប់​ពី​ឆ្នាំ​១៩៨៥ ត្រូវ​បាន​មើល​ឃើញ​ថា​មាន​ស្នាដៃ​បញ្ចប់​សង្រ្គាម​ស៊ីវិល​ក្នុង​ប្រទេស​កម្ពុជា និង​ការ​កសាង​ប្រទេស​មួយ​នេះ​ក្នុងរយៈ​ពេល​ជិត​៤០​ឆ្នាំ​មក​នេះ។ ប៉ុន្តែ​ការ​ដឹកនាំ​របស់​លោក​រង​ការ​រិះគន់​ថា​បំផ្លាញ​លទ្ធិ​ប្រជាធិប​តេយ្យ​ដែល​កម្ពុជា​បាន​ប្តេជ្ញា​តាម​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ រំលោភ​បំពាន​ការ​គោរព​សិទ្ធិ​មនុស្ស ហើយ​ប្រទេស​មួយ​នេះ​កាន់​តែ​ខិត​ជិត​ប្រទេស​ចិន ដែល​លោក ហ៊ុន សែន បាន​ពឹង​អាស្រ័យ​ជា​ច្រើន ដើម្បី​បាន​ប្រាក់​មក​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ប្រទេស។

លោក Volker Türk ឧត្តមស្នងការ​ជាន់​ខ្ពស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស កាល​ពី​ថ្ងៃ​ទី​២៦​ ខែ​កក្កដា បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ ដោយ​លើក​ឡើង​ថា​ ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កក្កដា ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​បរិយា​កាស​រឹត​ត្បិត​ខ្លាំង ហើយ​វា​ប៉ះ​ពាល់​ដល់​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​កម្ពុជា។

លោក​បញ្ជាក់​ថា៖ «វា​ជា​ការ​ព្រួយបារម្ភ​មួយ​ដែល​កម្ពុជា​មាន​ការ​រួម​តូច​នៃ​លំហ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ដែល​វា​ធ្វើ​ឱ្យ​ប៉ះ​ពាល់​សេរី​ភាព​ជា​មូលដ្ឋាន និង​សិទ្ធិ​ក្នុង​ការ​ចូលរួម​កិច្ច​ការ​សាធារណៈ»។

លោក​បន្ថែម​គណបក្ស​នយោបាយ​ជំទាស់ សកម្មជន និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បាន​ប្រឈម​នឹង​ការ​រឹត​បន្តឹង​ជា​ច្រើន។


លោក Phil Robertson នាយក​រង​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​ប្រចាំ​តំបន់​អាស៊ី ប្រាប់​វីអូអេ​តាម​សារ​អ៊ីម៉ែល​ថា​លោក ហ៊ុន សែន នឹង​មិន​ទៅ​ណា​ឆ្ងាយ​ទេ បើ​ទោះ​លោក​ឈប់​ធ្វើជា​នាយករដ្ឋមន្រ្តី ហើយ​លោក​នឹង​បន្ត​មើល​ពី​លើ​ស្មា​របស់​លោក ហ៊ុន ម៉ាណែត ដែល​នឹង​ទទួល​តំណែង​នាយករដ្ឋមន្រ្តី​ចាប់​ពី​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០២៣។

លោក Phil Robertson ថ្លែង​ថា៖ «លោក ហ៊ុន សែន បាន​បំពាន​ជា​ប្រព័ន្ធលើ​ការ​សន្យា​នៃ​ប្រជាធិបតេយ្យ​ដែល​មាន​គណបក្ស​ច្រើន ចាប់​តាំង​ពី​ថ្ងៃ​នៃ​អាជ្ញាធរ​បណ្តោះអាសន្ន​របស់​អង្គការ​សហប្រជាជាតិ ហៅ​កាត់​ថា​អ៊ុនតាក់…»។ លោក​បន្ថែម​ថា​ក្នុង​រយៈ​ពេល​ជិត​៤០​ឆ្នាំ​មក​នេះ បញ្ហា​ជា​ច្រើន​បាន​កើត​ឡើង​ក្នុង​ប្រទេស​កម្ពុជា ដូច​ជា​ការ​បំពាន​សិទ្ធិ​មនុស្ស មន្រ្តី​គណបក្ស​កាន់​អំណាច​ប្រព្រឹត្ត​អំពើ​ពុក​រលួយ បញ្ហា​អភិបាល​កិច្ច​ល្អ ការ​បំផ្លាញ​ធនធាន​ធម្មជាតិ គម្លាត​រវាង​អ្នក​មាន​និង​អ្នក​ក្រ និង​បញ្ហា​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ជាដើម។

ក្រៅ​ពី​ដឹកនាំ​ប្រទេស​មក​រក​សន្តិភាព លោក ហ៊ុន សែន ត្រូវ​បាន​គេ​មើល​ឃើញ​ថា​បាន​កសាង​ប្រទេស កាត់​បន្ថយ​ភាព​ក្រីក្រ កសាង​ហេដ្ឋារចនាសម្ព័ន្ធ រៀបចំ​ប្រព័ន្ធ​សុខាភិបាល និង​អប់រំ​ជាដើម។ លោក ហ៊ុន សែន បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ថា​ការ​ចាក​ចេញ​របស់​លោក គឺ​ដើម្បី​«រៀប​ចំ​ដំណើរ​ផ្លូវ​វែង​ឆ្ងាយ​ទៅ​មុខ​ទៀត»។

លោក សម រង្ស៊ី អតីត​មេដឹកនាំ​គណ​បក្ស​សង្រ្គោះ​ជាតិ​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស ថ្លែង​ថា​ការ​បោះ​ឆ្នោត​កាល​ពី​ពេល​ថ្មីៗ​នេះ មិន​បាន​ឆ្លុះ​បញ្ចាំង​ឆន្ទៈ​របស់​ប្រជា​ពល​រដ្ឋ ហើយ​ការ​បោះ​ឆ្នោត​នេះ ជា​ការ​បោះ​ឆ្នោត​«លេង​សើច»។

លោក​បញ្ជាក់​ថា៖ «ដូច្នេះ​លោក ហ៊ុន ម៉ាណែត អត់​មាន​មូលដ្ឋាន អត់​មាន​មូលដ្ឋាន​អ្វី​ទាល់​តែ​សោះ ចង់​មក​ធ្វើ​នាយករដ្ឋមន្រ្តី​ជំនួស​ឪ​គាត់»។

លោក​បន្ថែម​ថា៖ «ប៉ុន្តែ​លោក ហ៊ុន ម៉ាណែត មក​កាន់​តំណែង ចង់​ធ្វើ​ជា​នាយករដ្ឋមន្រ្តី​ជំនួស​ឪ​នោះ គឺ​ឈរ​លើ​អី ដោយ​សារ​អ្វី ពឹង​ពាក់​អ្វី សម្អាង​អ្វី សម្អាង​ខ្យល់»។

បើ​ទោះ​មាន​ការ​រិះគន់លោក ហ៊ុន ម៉ាណែត អាយុ​៤៥​ឆ្នាំ ដែល​នឹង​ក្លាយ​ជា​នាយករដ្ឋមន្រ្តី​ចាប់​ពី​ខែ​ក្រោយ លើក​ឡើង​ថា​ប្រជាពលរដ្ឋ​ខ្មែរ​បាន​បង្ហាញ​នូវ​ឆន្ទៈ​របស់​ខ្លួន​យ៉ាង​ច្បាស់​តាម​រយៈ​ការ​អញ្ជើញ​ទៅ​បោះ​ឆ្នោតជាង​៨៤%។ លោក​បញ្ជាក់​ថា​លោក​នឹង​«ប្តេជ្ញា​ចិត្ត​បន្ត​ចូលរួម​បម្រើ​ប្រទេសជាតិ​និង​ប្រជាជន​ឱ្យ​បាន​កាន់​តែ​ល្អ​ប្រសើរ​ទៅ​ថ្ងៃ​អនាគត»។

អ្នក​តាម​ដានសង្គម​មួយ​ចំនួន​កត់​សម្គាល់​ថា​បញ្ហា​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស គឺ​រដ្ឋាភិបាល​កម្ពុជា​មិន​ទាន់​បំពេញ​បាន​ល្អ​ប្រសើរទេ។

នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ លោក អំ សំអាត យល់​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា​មាន​ចំណុច​ល្អ​ គឺ​ការ​រក្សា​សន្តិភាព ប៉ុន្តែ​រដ្ឋាភិបាល​មិន​ទាន់បំពេញបាន​ល្អ​ប្រសើរ​នៅ​ឡើយ​ទេ ទាក់​ទង​បញ្ហា​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស។

លោក​ថ្លែង​ថា៖ «ចំណុច​ល្អ ​យើងទទួល​ស្គាល់​ទាំង​អស់​គ្នា​ក្នុង​ការ​ដឹកនាំ​ប្រទេសរបស់​សម្តេច​នាយក​រដ្ឋ​មន្ត្រី​៣៨​ឆ្នាំ​កន្លង​មក ​គឺការ​កសាង​សន្តិ​ភាព​ដែល​បញ្ចប់​សង្គ្រាម​ស៊ីវិល អាហ្នឹង​ជា​ចំណុច​ល្អ​មួយ​ដែល​យើង​មើល​ឃើញ​និង​អភិវឌ្ឍ​ប្រទេស​ជាតិ​មួយ​ចំនួន​ទៀត។ ក៏​ប៉ុន្តែ​អ្វី​ជា​ការ​កត់​សម្គាល់​ថា​វា​នៅ​ខ្វះ​ចន្លោះ ហើយ​យើង​[កម្ពុជា]មិន​បាន​បំពេញ​ឱ្យ​បាន​ពេញ​លេញ​នោះ គឺ​ទាក់​ទង​ជាមួយ​នឹង​បញ្ហា​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា»។ ​

បើ​តាម​លោក អំ សំអាត បញ្ហា​លទ្ធិ​ប្រជា​ធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្សនៅ​កម្ពុជា គឺ​ជា​បញ្ហា​ដ៏​ចម្រូង​ចម្រាសជាមួយ​សហគមន៍​អន្តរ​ជាតិ ជា​ពិសេស​ចម្រូង​ចម្រាស​ខ្លាំងក្នុង​មួយ​រយៈពេល​ចុង​ក្រោយ​នេះ។

សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា កត់​សម្គាល់​ថា​នៅ​ពេល​បច្ចុប្បន្ន​នេះ ប្រជា​ពល​រដ្ឋក្នុង​ប្រទេស​មិន​ហ៊ាន​និយាយ​ចំៗ​រិះគន់​រដ្ឋាភិបាល និង​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ឡើយ ដោយ​បារម្ភ​ប្រឈម​នឹង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ។

លោក​ថ្លែង​ថា៖ «ការ​អភិវឌ្ឍ យើង​ឃើញ​មាន​ការ​រីក​ចម្រើន ក៏​ប៉ុន្តែ​ធ​នធា​ន​ជាតិ​យើង​ក៏​អស់​ច្រើន​ដែរ។ អាហ្នឹង​បើ​យើង​ធៀប​វាយ​តម្លៃ​មើល​ថា​តើ​តម្លៃ​មរតក​នយោបាយ​ដែល​នៅ​សល់ ​វា​អាច​ឆ្លើយ​តប​នឹង​សេចក្តី​ត្រូវ​ការ​របស់​ពលរដ្ឋ ឬ​ពល​រដ្ឋមាន​ការពេញ​ចិត្ត​ក្រប​ខណ្ឌ​ណា។ អា​នេះ​ជា​កិច្ចការ​មួយ​ដែល​ពលរដ្ឋ​កម្ពុជា​ដឹង​ច្បាស់​ ពីព្រោះ​ពលរដ្ឋ​កម្ពុជា​មិន​ហ៊ាន​សម្តែង​ទស្សនៈ​មតិ​ត្រង់​ទេ ប៉ុន្តែ​បាន​គិត​ក្នុង​ចិត្ត​ បាន​ទទួល​ស្គាល់ ឬក៏​យល់​ពី​តម្លៃ​នយោបាយ​មួយ​នៅក្នុង​ការ​ដឹក​នាំ​កន្លង​មក​ហើយ។ តែ​គ្រាន់​ថាឱ្យ​ហ៊ាន​និយាយ​ចំ ​វា​មាន​បញ្ហា​រសើប​ដែល​អ្នក​នៅ​ក្នុង​ប្រទេស​ពិបាក​និយាយ រួម​ទាំង​ខ្ញុំ​ផង​ដែរ»។

ព័ត៌មាន​ទាក់ទង៖ មន្ត្រី​បក្ស​ភ្លើងទៀន​ថា ​​អាជ្ញាធរ​​សួរ​រក​អ្នក​​មិន​ទៅ​បោះ​ឆ្នោត​ និង​​អ្នក​គូស​បំផ្លាញ​​សន្លឹក​ឆ្នោត


ក្រោយ​ការ​ប្រកាស​ឈប់​ធ្វើ​នាយករដ្ឋមន្រ្តី​របស់​លោក ហ៊ុន សែន ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​ដែល​អ្នកសារព័ត៌មាន​វីអូអេ​បាន​សម្ភាស​ហាក់​ស្ទាក់​ស្ទើរ​មិន​ហ៊ាន​លើក​ឡើង​អំពី​ចំណុច​អវិជ្ជមាន​របស់​រដ្ឋាភិបាល ជា​ពិសេស​ពាក់​ព័ន្ធ​នឹង​ការ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ។

យុវជន គីន សុគាន ​អាយុ​២០ឆ្នាំ ​និស្សិត​ឆ្នាំ​ទី​១​ដែល​សិក្សា​ជំនាញ​អក្សរ​សាស្រ្ត​ខ្មែរ​ ប្រាប់​វីអូអេ​ថា​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ប្រទេស​មាន​ការ​រីក​ចម្រើន​ច្រើន ដូចជា​ការ​សាង​សង់​សាលា​រៀន មន្ទីរ​ពេទ្យ​ ផ្លូវ​ថ្នល់​ជា​ដើម។ ប៉ុន្តែយុវជន​រូប​នេះ​ចង់​ឃើញ​រដ្ឋាភិបាល​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​នៅតំបន់​ជន​បទ​ដាច់​ស្រយាល​បន្ថែម​ទៀត ដើម្បី​បង្ក​ភាព​ងាយ​ស្រួល​ដល់​ប្រជាពលរដ្ឋ។

លោក​ថ្លែង​ថា៖ «ខ្ញុំ​ចង់​ឱ្យ​មាន​ការ​អភិវឌ្ឍ​ទៅ​លើ​តាម​បណ្តាខេត្ត​ដាច់​ស្រយាល​ ដូច​ជា​ផ្លូវ​ សាលា​រៀន ​គ្រូ​បង្រៀន និង​ភ្លើង[អគ្គិសនី] ទាក់​ទង​នឹង​ខ្វះខាត​គ្រូ​បង្រៀន។ និយាយ​រួម​ទៅ​រឿង​ប្រាក់​ខែ ហ្នឹង ក៏​អាច​ត្រូវ​ដំឡើង​ឱ្យ​តិច​តួច​អ៊ីចឹង ហើយ​ជួយ​ពង្រឹង​ខាង​គ្រូបង្រៀន ​ឱ្យ​មាន​ការ​ពង្រឹង​សមត្ថ​ភាព​របស់​គាត់​ឱ្យ​កាន់​តែ​ខ្លាំង»។

ចំណែក​លោក ស៊ុន ធី អាយុ​៧០​ឆ្នាំ អ្នក​រត់​កង់​បី​ខ្មែរ ក្នុង​រាជធានី​ភ្នំពេញ ប្រាប់​វីអូអេ​ថា​ ការ​ដឹក​នាំ​របស់​លោក​នាយករដ្ឋមន្រ្តី ​ហ៊ុន សែន ​កន្លង​ទៅ ប្រទេស​កម្ពុជា​មាន​ការ​រីក​ចម្រើន​ស្ទើរ​តែ​គ្រប់​វិស័យ។

លោក​ប្រាប់​វីអូអេ​ថា៖ «សូម្បី​តែ​ប្រទេស​ជាតិ​យើង ​គឺ​លូត​លាស់​ យើង​មើល​សម័យ​ណា​ដែល​ខ្ញុំ​ទាន់​ អត់​លូត​ដូច​សម័យ​ ហ៊ុន សែន​ ទេ»។

មុន​ចាក​ចេញ​ពី​តំណែង លោក ហ៊ុន សែន ក៏​ផ្តាំ​ឱ្យ​លោក ហ៊ុន ម៉ាណែត កូន​ប្រុស​របស់​លោក​ឱ្យ​បន្ត​ការពារ​សន្តិភាព​ឱ្យ​ខាន​តែ​បាន។ ការ​ការ​ពារ​សន្តិភាព​នេះ ត្រូវ​បាន​លោក ហ៊ុន សែន ប្រើ​ប្រាស់ ដើម្បី​វាយ​កម្ទេច​ក្រុម​ប្រឆាំង ដែល​លោក​ថា​មាន​បំណង​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក ហើយ​នាំ​កម្ពុជា​ទៅ​រក​សង្រ្គាម។

ឆ្លើយ​តប​នឹង​បណ្តាំ​នេះ លោក ហ៊ុន ម៉ាណែត បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​នា​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា៖ «បណ្តាំ​របស់​ពុក​ដែល​កូន​នឹង​ចង​ចាំ​ជានិច្ច និង​ប្តេជ្ញា​អនុវត្ត​ឱ្យបានដាច់​ខាត​នៅ​ក្នុង​គ្រប់​កាលៈទេសៈ»៕