នៅក្នុងការបោះឆ្នោតដែលអវត្តមានគណបក្សភ្លើងទៀន ដែលជាគណបក្សជំទាស់ដ៏ធំ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រាប់វីអូអេថាគណបក្សកាន់អំណាចឈ្នះការបោះឆ្នោតនាថ្ងៃអាទិត្យនេះភ្លូកទឹកភ្លូកដី ដោយបានឈ្នះស្ទើរតែគ្រប់គ្រងអាសនៈរដ្ឋសភាទាំង ១២៥។ នេះបើតាមការសន្និដ្ឋានបឋមរបស់លោកដោយយោងតាមទិន្នន័យបឋមដែលគណបក្សទទួលបាន។
លោក សុខ ឥសាន បញ្ជាក់ថា ក្នុងចំណោមភាគរយ ៨៤% នៃចំនួនប្រជាពលរដ្ឋដែលបានចេញទៅបោះឆ្នោត គណបក្សប្រជាជនកម្ពុជាទទួលបានសន្លឹកឆ្នោតចន្លោះពី ៧៨% ទៅ ៨០%។
លោកប្រាប់វីអូអេកាលពីយប់ថ្ងៃអាទិត្យថា៖ «ក្នុងចំណោម ៨៤,៥៨% [ដែលមកបោះឆ្នោត] គឺគណបក្សប្រជាជនបានពី ៧៨% ទៅ ៨០%»។ «ដូច្នេះវាអាចមានគណបក្សខ្លះបាន ១ ឬ ២[អាសនៈ]»។
លោកបន្ថែមថា៖ «ជោគជ័យត្រចះត្រចង់ណាស់ បានសេចក្តីថា ប្រជាជនកម្ពុជារួមចំណែកនៅក្នុងការពង្រឹងពង្រីកលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា»។
លោកបន្ថែមថា ការបោះឆ្នោតនេះបង្ហាញឆន្ទៈរបស់ប្រជាពលរដ្ឋដែលចង់បានសន្តិភាពនិងការអភិវឌ្ឍ។ បើតាមលោក សុខ ឥសាន ចំនួនសន្លឹកឆ្នោតមិនបានការមានប្រមាណ ៣០ ម៉ឺនសន្លឹកតែប៉ុណ្ណោះ។
អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច ញឿន រ៉ាដែន ប្រាប់វីអូអេថា គណបក្សទទួលបានលទ្ធផលល្អ ហើយកំពុងផ្ទៀងផ្ទាត់។ ប៉ុន្តែមិនទាន់អាចប្រាប់ថា តើឈ្នះអាសនៈឬយ៉ាងណានោះទេ។
បើតាមលទ្ធផលក្រៅផ្លូវការដែលផ្សាយដោយស្ថាប័នសារព័ត៌មាន Fresh News ដែលស្និទ្ធនឹងរដ្ឋាភិបាល ដែលបានដកស្រង់សម្តីរបស់អភិបាលរាជធានីភ្នំពេញ និងអភិបាលខេត្តព្រៃវែងថា នៅរាជធានីភ្នំពេញ គណបក្សប្រជាជនកម្ពុជាឈ្នះ១១ លើ ១២ អាសនៈ។ ចំណែកនៅខេត្តព្រៃវែង គណបក្សប្រជាជនកម្ពុជាទទួលបាន ១០ លើ ១១ អាសនៈ។
គួរបញ្ជាក់ថា កាលពីការបោះឆ្នោតជាតិអាណត្តិមុន ក្នុងឆ្នាំ ២០១៨ ដែលអវត្តមានគណបក្សសង្គ្រោះជាតិ គណបក្សប្រជាជនកម្ពុជាបានឈ្នះទាំង ១២៥ អាសនៈ ហើយគ្រប់គ្រងរដ្ឋសភាដោយឯកបក្ស៕
ភ្នំពេញ —