បក្ស​កាន់​អំណាច​នឹង​យក​អាសនៈ​ឃុំ-សង្កាត់​និង​ក្រុម​ប្រឹក្សា​របស់​បក្ស​ជំទាស់​ក្រោយ​រំលាយ

រូបឯកសារ៖ សមាជិកគណបក្សប្រជាជនកម្ពុជា ចូលរួមការប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៦៦ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

ការ​អនុម័ត​សេចក្តី​ស្នើ​វិសោធន​កម្ម​ច្បាប់​ទាំង​បួន​យ៉ាង​​ប្រញាប់​ប្រញាល់​នេះ​ ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​តុលាការ​កំពូល​កំពុង​ចាត់​ការ​បណ្តឹង​របស់​ក្រសួង​មហាផ្ទៃ​ ​ដែល​បាន​ប្តឹង​​សុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដោយ​ចោទ​ថា​ ​គណបក្ស​នេះ​បាន​ឃុបឃិត​ជាមួយ​បរទេស​ដើម្បី​ផ្តួល​រំលំ​រដ្ឋា​ភិបាល។

គណបក្ស​គ្រប់គ្រង​ប្រទេស​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​នឹង​ដឹកនាំ​ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់​ទាំង​អស់​ទូទាំង​ប្រទេស​ ​នៅ​ពេល​ដែល​វិសោធនកម្ម​ច្បាប់​ពាក់ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​ ដើម្បី​កំណត់​ឲ្យ​មាន​ការ​បែង​ចែក​អាសនៈ​របស់​គណបក្ស ​ដែល​ត្រូវ​រំលាយ​ ​ទៅ​ឲ្យ​គណបក្សផ្សេង​ទៀត​ចូល​ជា​ធរមាន។​ ​នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ។​

នាយ​ឧត្តម​សេនីយ៍​ ​ខៀវ សុភ័គ​ ​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ប្រាប់​ ​VOA​ ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ​នៅ​ពេល​ដែល​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ចំនួន​បួន​ ​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត​ដែល​កំពុង​ត្រូវ​បាន​ស្ថាប័ន​នីតិប្បញ្ញត្តិ​អនុម័ត​ជា​បន្ត​បន្ទាប់ ​ចូល​ជា​ធរមាន ​នោះ​គណ​បក្ស​កាន់​អំណាច​នឹង​ទទួល​បាន​អាសនៈ​ខ្ពស់​ជាង​គណ​បក្ស​ផ្សេងៗ​ទៀត​នៅ​គ្រប់​ឃុំ-សង្កាត់។​

លោក​ពន្យល់​ថា​ ​ក្នុង​ករណី​ដែល​ឃុំ-សង្កាត់​ណា​មាន​សំឡេង​គណបក្ស​កាន់​អំណាច​ច្រើន​ស្រាប់ នោះ​គណបក្ស​កាន់​អំណាច​នឹង​មិន​ទទួល​យក​អាសនៈ​ ​ដែល​យក​មក​ពី​គណបក្ស​ដែល​ត្រូវ​រំលាយ​នោះ​ទេ។​ ​ក្នុង​ករណី​ដែល​គណបក្ស​កាន់​អំណាច​ទទួល​បាន​សំឡេង​ក្នុង​ឃុំ​សង្កាត់​តិច​ ​នោះ​គណ​បក្ស​កាន់​អំណាច​នឹង​ទទួល​យក​ការ​បែង​ចែក​អាសនៈ​របស់​បក្ស​ដែល​ត្រូវ​រំលាយ​នោះ​ ​ដើម្បី​ធ្វើឲ្យ​សំឡេង​របស់​គណបក្ស​កាន់​អំណាច​ខ្ពស់​ជាង​សំឡេង​របស់​គណបក្ស​ផ្សេងៗ​ទៀត។​ អ្នក​នាំពាក្យ​រូប​នេះ​បន្ថែម​ថា​ ​ការ​ទទួល​បាន​អាសនៈ​ខ្ពស់​នេះ​ ​នឹង​ធ្វើ​ឲ្យ​គណបក្ស​កាន់​អំណាច​ក្លាយ​ជា​គណបក្ស​ដឹកនាំ​គ្រប់​ឃុំ​សង្កាត់​ទាំងអស់។​

នាយ​ឧត្តម​សេនីយ៍​ ខៀវ សុភ័គ​ ​បញ្ជាក់​ប្រាប់​ ​VOA​ ​ថា៖​

​«ក្នុង​ករណី​បើ​សិន​គណបក្ស​ហ្នឹង​ទទួល​ប៉ុណ្ណឹង គណ​បក្ស​ហ្នឹង​បាន​សំឡេង​លើស​ ​CPP​ ​អាហ្នឹង​ ​CPP​ ត្រូវ​តែ​បង្ខំ​ចិត្ត​យក​ ​ព្រោះ​មិនអាច​ឲ្យ​គណបក្ស​មាន​សំឡេង​ភាគ​តិច​ដឹកនាំ​បាន​ទេ។​ ​ត្រូវ​តែ​ដឹកនាំ​ឃុំ​សង្កាត់​ទាំង​អស់​ ​មិន​អាច​ឲ្យ​អ្នក​បាន​សំឡេង​តិច​ជាង​ ​CPP​ ​ឡើង​ធ្វើ​មេឃុំ​ទេ»។​

ទោះ​ជា​យ៉ាង​ណា​ ​នាយ​ឧត្តម​សេនីយ៍​ ​ខៀវ សុភ័គ​ ​លើក​ឡើង​ថា​ ​នីតិវិធី​លម្អិត​ក្នុង​ការ​រៀបចំ​បែងចែក​អាសនៈ​ឃុំ​សង្កាត់ គឺជា​សមត្ថកិច្ច​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ។​

VOA មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​ពី​លោក ហង្ស ពុទ្ធា អ្នក​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ​(គ.ជ.ប)​ ​បានទេ​រហូត​ដល់​ល្ងាច​ថ្ងៃសុក្រ​នេះ។​ ​ចំណែក​អ្នកស្រី​ ​ម៉េង សុភារី​ ​ប្រធាន​នាយក​ដ្ឋាន​កិច្ចការ​បោះឆ្នោត​និង​នីតិកម្ម​របស់​គណបក្ស​សង្គ្រោះជាតិ​ ​មិន​ទទួល​ទូរស័ព្ទ។​

កាលពី​សប្តាហ៍​មុន ក្រុម​តំណាង​រាស្រ្ត​គណបក្ស​កាន់​អំណាច​ បាន​ស្នើ​ទៅ​រដ្ឋសភា​សុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ចំនួន​បួន​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត ដែល​កំណត់​ឲ្យ​មាន​ការ​បែង​ចែក​អាសនៈ​សភា​ ​និង​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ ​ក្រុង​ ស្រុក​ ខណ្ឌ​របស់​គណបក្ស​ដែល​ត្រូវ​រំលាយ​ទៅ​ឲ្យ​គណបក្ស​ផ្សេង។​

នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ ​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត​ទាំង​៤​នោះ​ ​ត្រូវ​បាន​ព្រឹទ្ធ​សភា​ដែល​មាន​តែ​ក្រុម​សមាជិក​គណបក្ស​កាន់​អំណាច​អនុម័ត​ដោយ​គ្មានការ​ពិភាក្សា​ ​បន្ទាប់​ពី​ក្រុម​តំណាង​រាស្រ្ត​គណបក្សកាន់​អំណាច​ក្នុង​រដ្ឋសភា​អនុម័ត​កាល​ពី​ថ្ងៃ​ច័ន្ទ​ទាំង​ប្រញាប់​ប្រញាល់​ ​ដោយ​អវត្ត​មាន​ក្រុម​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ។

រូបឯកសារ៖ ក្រុម​តំណាង​រាស្រ្ត​គណបក្ស​កាន់អំណាចលើកដៃ​អនុម័តសេចក្តី​ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ពាក់ព័ន្ធ នឹង​ការ​បោះ​ឆ្នោត ក្នុង​សំឡេង​៦៧ លើ​៦៧ នៅ​ថ្ងៃទី​១៦ ខែ​តុលា ឆ្នាំ២០១៧។ (កាន់​ ​វិច្ឆិកា/VOA)

ការ​អនុម័ត​សេចក្តី​ស្នើ​វិសោធន​កម្ម​ច្បាប់​ទាំង​បួន​យ៉ាងប្រញាប់​ប្រញាល់​នេះ​ ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​តុលាការ​កំពូល​កំពុង​ចាត់​ការ​បណ្តឹង​របស់​ក្រសួង​មហាផ្ទៃ​ ​ដែល​បាន​ប្តឹងសុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដោយ​ចោទ​ថា​ ​គណបក្ស​នេះ​បាន​ឃុបឃិត​ជាមួយ​បរទេស​ដើម្បី​ផ្តួល​រំលំ​រដ្ឋា​ភិបាល។

លោក​ ​កន សាវាង្ស​ ​មន្ត្រី​សម្រប​សម្រួល​ផ្នែក​អង្កេត​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​ ​ហៅ​កាត់​ថា​ខុម​ហ្វ្រែល​លើក​ឡើង​ថា​ ​ចាប់​តាំង​ពី​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​របស់​គណបក្ស​ប្រឆាំង​ជាច្រើន​បាន​កាន់​តួនាទី​ដឹក​នាំ​ឃុំ​សង្កាត់​ ​គេ​ឃើញ​ទាំង​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​របស់​បក្ស​កាន់អំណាច​ ​និង​បក្ស​ប្រឆាំង មាន​ភាព​សកម្ម​យ៉ាង​ខ្លាំង​ក្នុង​ការ​បំពេញ​ការងារ​ជូន​ប្រជា​ពល​រដ្ឋ។​ ​លោក​បន្ថែម​ថា​ ​ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​រំលាយ​ ​នោះ​គណបក្ស​កាន់​អំណាច​នឹង​ឡើង​កាន់​តំណែង​ ​ហើយ​ដឹកនាំ​ឃុំ​សង្កាត់​ដោយ​គ្មាន​ការ​ប្រកួត​ប្រជែង​ដូច​មុន។​

លោក​ ​កន សាវាង្ស​ បញ្ជាក់​ថា៖​

«ក្នុង​ករណី​ដែល​គណបក្ស​មួយ​ត្រូវ​រំលាយ​ ​ហើយ​មាន​តែ​គណបក្ស​មួយ​ក្នុង​ការ​គ្រប់​គ្រង​ក្នុង​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ ​ហាក់​ដូច​ជិះសេះ​លែង​ដៃ​អញ្ចឹង​ ​គឺថា​អត់​មាន​អី​ដែល​ធ្វើការ​ប្រកួត​ប្រជែង​គ្នា​ ​ការ​ដណ្តើម​ប្រជាប្រិយភាព​គ្នា​ទេ។​ ​យើង​ដឹងហើយ​ថា​ ​រាប់​សិប​ឆ្នាំ​មកហើយ​ ​ក្នុងការ​គ្រប់​គ្រង​ហ្នឹង​មាន​តែ​គណបក្ស​មួយ​ហ្នឹង​ គឺ​ហៃ​អើ​កន្លែង​ហ្នឹង​ ​យើង​អត់​សូវ​ឃើញ​ការ​អភិវឌ្ឍ​អីទេ។​ ​ទាំង​ការ​អភិវឌ្ឍ​ ទាំង​ការ​ទំនាក់​ទំនង​ខាង​រដ្ឋបាល​អី​ផ្សេងៗ»។​

លោក​ ​កន សាវាង្ស​ ​បន្ថែម​ថា​ ​ប្រសិនបើ​ក្រុម​ប្រឹក្សា​ ​និង​មេឃុំ​ចៅ​សង្កាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បោះឆ្នោត​គាំទ្រ​ដោយ​ប្រជា​ពលរដ្ឋ​ជិត​ពាក់​កណ្តាល​ត្រូវ​រំលាយ​ ​នោះ​នឹង​បង្ហាញ​ពី​ការ​រឹតត្បិត​ និង​រំលោភ​លើ​ការ​សម្រេច​ចិត្ត​របស់​ប្រជាពលរដ្ឋ។​

លោក​មាន​ប្រសាសន៍​ថា៖​

«គណបក្ស​ផ្សេងៗ​ ទោះបី​ថា​ចែក​កៅអីឲ្យ​ក៏​ដោយ​ ​ប៉ុន្តែ​មិនមែន​ជា​អ្វី​ដែល​គាត់​បោះឆ្នោត​ឲ្យទេ​ ​មិន​មែន​អ្វី​ដែល​គាត់​ពេញ​ចិត្ត​ទេ។​ ​អញ្ចឹង​មនុស្ស​ ​ឬក៏​តំណាង​ដែល​គាត់​ពេញ​ចិត្ត​ហ្នឹង​ ​គឺ​គាត់​បាន​បោះ​ហើយៗ​ ​ហើយ​បើ​ត្រូវ​រំលាយ​គាត់​ទៀត​ ​គាត់​មិន​សប្បាយ​ចិត្ត​ទេ។​ ​ហើយ​យើង​មិន​អាច​ព្យាករណ៍​ទុក​ទេ​ ​ថាតើ​ខាងមុខ​ហ្នឹង​វា​នឹង​មានអីកើត​ឡើង​ ​គ្រាន់​តែ​ថា​សំឡេង​របស់​គាត់​ត្រូវ​បាន​គេ​បំបិទ​ ​ត្រូវ​បាន​គេ​បោះបង់​ចោល​ ​ដោយ​គេ​លែង​គិត​ពី​សំឡេង​របស់​គាត់។​ ​អញ្ចឹង​វា​ជា​រឿង​មួយ​ដែល​អយុត្តិធម៌​ណាស់​សម្រាប់​គាត់»។​

កាល​ពី​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ ​ខែ​មិថុនា​ ​ឆ្នាំ២០១៧​ ​គណបក្ស​ប្រជាជន​កម្ពុជា​ ​ទទួល​បាន​តំណែង​មេឃុំ​ចៅ​សង្កាត់​ចំនួន​១​,១៥៦​ ​ដែល​មាន​អាសនៈ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ទូទាំង​ប្រទេស​ ​សរុប​ចំនួន​៦,៥០៣​អាសនៈ។​ ​ចំណែក​គណបក្ស​សង្រ្គោះ​ជាតិ​ទទួល​បាន​៤៨៩​ឃុំ​សង្កាត់​ ដែល​មាន​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​សរុប​ចំនួន​៥,០០៧​អាសនៈ។​

អង្គការ​សង្គម​ស៊ីវិល​ ​ស្ថាប័ន​ជាតិ​ ​អន្តរជាតិ​ ​ព្រមទាំង​អ្នក​ឃ្លាំ​មើល​ស្ថាន​ការណ៍​សង្គម​ ​និង​នយោ​បាយ​ជាច្រើន​បាន​រិះ​គន់​រដ្ឋា​ភិបាល​លោក​ ​ហ៊ុន សែន​ ​ជុំវិញ​ការ​ត្រៀម​រំលាយ​គណបក្ស​ប្រឆាំងថា​ នឹងធ្វើ​ឲ្យ​ដំណើរការ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឈាន​ទៅ​រក​ភាព​ខ្ទេចខ្ទី​ ​ហើយ​ថា​ ​ការ​រំលាយ​គណ​បក្ស​ប្រឆាំង​ដែល​មាន​អ្នក​គាំទ្រ​ជាង​៤០​ភាគរយ​នៅ​ទូទាំង​ប្រទេស​នេះ​ ​នឹង​ជះ​ឥទ្ធិពល​ដល់​ដំណើរ​ការ​បោះឆ្នោត​ក្នុង​ឆ្នាំ​២០១៨​ខាង​មុខ។​

ចំណែក​ឯកអគ្គរាជ​ទូត​ស៊ុយអែត​ប្រចាំ​កម្ពុជា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ប្រកាស​ថា​ ​រដ្ឋាភិបាល​ប្រទេស​ស៊ុយ​អែត​ នឹង​ពិចារណា​ឡើង​វិញ​ពី​ទំនាក់​ទំនង​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ ​ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​រំលាយ៕