អគ្គលេខាធិការ​អ.ស.ប.អំពាវ​នាវ​ឲ្យឈប់បាញ់​គ្នា​ក្នុង​ការ​ប្រឈម​នឹង​ការ​រាតត្បាត​ជំងឺកូវីដ១៩

រូបឯកសារ៖ លោកអគ្គលេខាធិការ​អ.ស.ប. ​Antonio ​Guterres ថ្លែងទៅកាន់ទីភ្នាក់ងារសារព័ត៌មាន AP នៅ​ក្រុង Lahore ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០។

លោកអគ្គលេខាធិការ​អ.ស.ប. ​Antonio ​Guterres ​បាន​និយាយ​ប្រាប់​ពួក​អ្នក​កាសែត​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​តាម​វីដេអូ​ថា៖​

«ដល់​ពេល​វេលា​ហើយ​ត្រូវ​បញ្ឈប់​ជម្លោះ​ដោយ​ប្រើ​អាវុធ​ ​ហើយ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​រួម​គ្នា​លើ​ការ​ប្រយុទ្ធ​ពិត​ប្រាកដ​ដើម្បី​ជីវិត​របស់​យើង»។​

រហូត​មក​ដល់ថ្ងៃ​ច័ន្ទ​ ទី​២៣​ ខែ​មីនា​មាន​ករណី​អ្នក​មាន​ជំងឺកូវីដ​ (COVID-19) ​ជាង​៣​សែន​៥​ម៉ឺន​នាក់​នៅទូទាំង​ពិភព​លោក​ដែល​បណ្តាល​មក​ពី​មេរោគ​វីរុស​កូរ៉ូណា។​មនុស្ស​ជាង​១​ម៉ឺន​៥ពាន់​នាក់​បាន​ស្លាប់​ទៅ​ហើយ។​

លោក ​Guterres ​បាន​សុំ​ឲ្យ​ភាគី​ច្បាំង​គ្នា​បញ្ឈប់​ការ​បាញ់គ្នា ​ បញ្ចប់​ការ​វាយ​ប្រហារ​តាម​អាកាស ​ បង្កើត​ច្រកមនុស្ស​ធម៌ និង​បើក​ចំហ​សម្រាប់​ការទូត។​

លោក​ Guterres​ បាន​មាន​ប្រសាសន៍​ថា៖​

«ត្រូវ​បញ្ចប់សង្គ្រាម​ ហើយ​បែរ​មក​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ដែល​កំពុង​រាល​ដាល​ក្នុង​ពិភព​លោក​យើង​នេះ។​ យើង​អាច​ធ្វើ​ដូច្នេះ​ដោយ​ចាប់​ផ្តើម​បញ្ឈប់​ការ​ប្រយុទ្ធ​គ្នានៅ​គ្រប់​កន្លែង។​ ឥឡូវ​នេះ​ជា​ពេល​ដែល​គ្រួសារ​មនុស្ស​ជាតិ​របស់​យើង​ត្រូវ​បញ្ឈប់​ការ​បាញ់​គ្នា ​ជាង​ពេល​ណាៗ​ទាំងអស់»។​

នៅ​ពេល​ដែល​ការ​រាតត្បាត​នៃ​ជំងឺ​នេះ​បាន​រាលដាល​នៅ​ទូទាំង​ពិភព​លោក​កាល​ពី​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​ សង្គ្រាម​នៅក្នុង​ប្រទេស​ស៊ីរី​បាន​ចូល​ដល់​ឆ្នាំ​ទី​១០​ហើយ ​ ហើយ​វិបត្តិ​នៅ​ក្នុង​ប្រទេស​យ៉េមែន ​ក៏​ចូល​ដល់​ឆ្នាំទី​៦​ដែរ។ ​សង្គ្រាម​នៅ​ក្នុង​ទ្វីប​ អាហ្វ្រិក​ក៏មាន​តទៅ​ទៀត​ដោយ​មាន​រួម​បញ្ចូល​សង្គ្រាម​នៅ​ក្នុង​ប្រទេស​លីប៊ី​ផង​ដែរ។​ នៅ​ក្នុង​ប្រទេស​ស៊ូដង់​ខាង​ត្បូង​ ​អ.ស.ប.​បាន​សម្តែង​កង្វល់​កាល​ពី​ពេល​ថ្មីៗ​នេះ​អំពី​កំណើន​អំពើ​ហិង្សា​រវាង​សហគមន៍​នានា​នៅ​ក្នុង​ផ្នែក​ខ្លះ​នៃ​ប្រទេស​នេះ។ ​នៅពេល​ជាមួយ​គ្នា​នេះ​ ​មនុស្ស​រាប់សិប​លាន​នាក់​បាន​ខ្ចាត់​ព្រាត់​ពី​ផ្ទះ​សំបែង​នៅក្នុង​ប្រទេស​ពួក​គេ​ ​ ហើយ​ខ្លះ​ទៀត​បាន​ក្លាយ​ទៅជា​ជន​ភៀស​ខ្លួន​នៅ​ទូទាំង​ពិភព​លោក។​

អ.ស.ប.​នៅ​តែ​បន្ត​បើក​ការិយាល័យ​ក្នុង​ពេល​ប្រឈម​នឹង​ការ​រាតត្បាត​ជំងឺ​នេះ។​ លោក​ Guterres ​បាន​ឲ្យបុគ្គលិក​ទាំង​អស់​ចេញ​ទីស្នាក់ការ​ធំ​របស់​អ.ស.ប.​នៅ​ក្រុង​ញូយ៉ក​ឲ្យទៅ​ធ្វើការ​ពីផ្ទះ​ លើក​លែង​តែ​ពួក​បុគ្គលិក​ចាំ​បាច់​បំផុត។​

លោក​អគ្គលេខាធិការ​អ.ស.ប.​បាន​ធ្វើ​ការ​ទាក់ទង​គ្នា​តាម​វីដេអូ​ជាមួយបុគ្គលិក​ជាន់ខ្ពស់​ទាំង​អស់​តាម​ប្រព័ន្ធ​អ.ស.ប.​ដើម្បី​ធ្វើ​ឱ្យ​កិច្ច​ប្រតិបត្តិការ​ខាង​មនុស្ស​ធម៌​ ខាង​ការ​ថែរក្សា​ សន្តិភាព​ និង​កិច្ច​ប្រតិបត្តិ​ការ​ទប់ទល់​នឹង​ជំងឺ ​CLOVID-19​ អាច​ដំណើរការ​ល្អ​ ​នៅ​ពេល​មាន​ការពារ​ពួក​បុគ្គលិក​និង​ក្រុម​មនុស្ស​ដែល​ពួក​គេ​ជួយ៕​

ប្រែសម្រួល​ដោយ​ ខ្ញុំ​ពិន ស៊ីសុវណ្ណ​