អធិការបតី​​អាល្លឺម៉ង់​រំពឹង​ថា ​ការ​​គ្រប់គ្រង​​កូវីដ១៩​នៅ​​​​ខែ​ត្រជាក់​ខាង​មុខ​កាន់​តែ​លំបាក

អធិការបតី​អាល្លឺម៉ង់​ លោកស្រី ​Angela Merkel នៅ​ឯ​សន្និសីទ​សារព័ត៌មាន​មួយ នៅ​ទីក្រុង​ប៊ែឡាំង ប្រទេស​អាល្លឺម៉ង់ កាល​ពី​ថ្ងៃ​ទី១៩ សីហា ២០២០។

អធិការបតី​អាល្លឺម៉ង់​លោកស្រី ​Angela Merkel ​ថ្លែង​កាល​ពី​ថ្ងៃសុក្រ​ថា​ លោកស្រី​រំពឹង​ថា ការ​គ្រប់គ្រង​ស្ថានភាព​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩​នឹង​កាន់​តែ​មាន​ការ​លំបាក​នៅ​ប៉ុន្មាន​ខែ​ ឈាន​ដល់​ចុង​ឆ្នាំ​នេះ។

លោកស្រី​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​ក្នុង​សន្និសីទ​ព័ត៌មានប្រចាំ​ឆ្នាំ​នា​រដូវ​ក្តៅ ដោយ​លោកស្រីបញ្ជាក់​ការ​ដោះស្រាយ​វិបត្តិ​សុខភាព​នេះ​បាន​ក្តោបក្តាប់​ពេលវេលា​ការងារ​របស់​លោកស្រី​ស្ទើរ​ទាំង​ស្រុង​ក្នុង​ពេល​នេះ​ហើយ​នឹង​ប៉ុន្មាន​ខែ​ខាង​មុខ​ទៀត។ លោកស្រី​ថា​ការ​គ្រប់គ្រង​ស្ថានភាព​រាតត្បាត​នៃ​ជំងឺ​នេះនៅ​ក្នុង​ខែ​ក្តៅ​មាន​ភាព​ងាយ​ស្រួល​ជាង​ខែ​ត្រជាក់​ ព្រោះ​ខែក្តៅមនុស្ស​ម្នា​ចេញ​ទៅ​ក្រៅ​ផ្ទះ​ច្រើន​ជាង​ខែ​ត្រជាក់។​

ប៉ុន្តែ​លោកស្រី​ថា​លោកស្រី​រំពឹង​ថា​ នៅ​ពេល​រដូវ​ត្រជាក់​ចូល​មក​ដល់ ស្ថានភាព​គ្រប់គ្រង​ជំងឺ​នេះ​កាន់​តែ​លំបាក​ដោយ​សារ​ពលរដ្ឋ​ត្រូវ​នៅ​ក្នុង​ផ្ទះ​ឬ​អគារ​ច្រើន​ជាង​ខែក្តៅ​ ហើយ​នៅ​ពេល​នេះ​មាន​មនុស្ស​ជា​ច្រើន​ដែល​បាន​បាត់បង់​ការងារ​ហើយ​ក៏​ត្រូវ​នៅ​ក្នុង​ផ្ទះ​ដែរ។​

អធិការបតី​អាល្លឺម៉ង់​រូប​នេះ​ក៏​និយាយ​ថា មាន​ផ្នែក​ជា​ច្រើន​នៃ​វីរុស​ដែល​បង្ក​ជំងឺ​កូវីដ១៩​នេះ​ ដែល​អ្នក​ជំនាញ​មិន​ទាន់​យល់​ច្បាស់​និង​ធ្វើ​ឲ្យ​ការ​គ្រប់គ្រង​ក្នុង​ប៉ុន្មាន​ខែ​ខាង​មុខ​មាន​ភាព​មិន​ប្រាកដ​ប្រជា។​

នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​នេះ លោកស្រី Merkel ​ក៏​បាន​សម្តែង​ការ​សោកស្តាយ​ចំពោះ​ដំណឹង​ដែលនាយករដ្ឋមន្ត្រី​ជប៉ុន​លោក Shinzo Abe សម្រេច​លាលែង​ពី​តំណែង​កាល​ពី​ថ្ងៃ​សុក្រ​ដោយ​សារ​បញ្ហា​សុខភាព។ លោកស្រី​ថា ទំនាក់ទំនង​អាល្លឺម៉ង់​និង​ជប៉ុន​មាន​ភាពល្អ​ប្រសើរ​អំឡុងលោក​ Abe​ កាន់​តំណែង​នេះ៕