រហូតមកដល់ពេលនេះ គេរាយការណ៍ថា ចំនួនមនុស្សស្លាប់មានច្រើនបំផុតនៅក្នុងប្រទេសមានធនធានច្រើននៅក្នុងទ្វីបអឺរ៉ុបនិងស.រ.អា.។
នៅលើផែនទីមួយរៀបចំដោយសាកលវិទ្យាល័យ Johns Hopkins ដែលគេប្រើជាទូទៅនោះចំណុចក្រហមដែលតំណាងចំនួនករណីអ្នកជំងឺនេះបង្ហាញឱ្យឃើញការខុសគ្នារវាងពួកប្រទេសមានធនធានច្រើននិងពួកប្រទេសក្រីក្រ។ជាពិសេសតំបន់សាហារ៉ាខាងត្បូងក្នុងទ្វីប អាហ្វ្រិកហាក់ដូចជាមានការឆ្លងជំងឺនេះតិចតួច។
មានការពិភាក្សាគ្នាក្នុងចំណោមអ្នកវិទ្យាសាស្ត្រដែលថា គ្មានភ័ស្តុតាងនៃការរកឃើញមិនមែនមានន័យ គ្មានការឆ្លងជំងឺទេ។ ប្រទេសជាច្រើនដែលមានប្រាក់ចំណូលទាបនិងមានប្រាក់ចំណូលមធ្យមខ្វះសមត្ថភាពធ្វើតេស្ត និងខ្វះសមត្ថភាពរកពួកមនុស្សដែលឆ្លងជំងឺនេះ។ ជំងឺនេះអាចរាលដាលដោយគេមិនដឹង។
ការភ្ជាប់ការទាក់ទងគ្នាតិច
កន្លែងដែលមេរោគកូរ៉ូណាទៅដល់ដំបូងគឺជាកន្លែងដែលមានការភ្ជាប់ការទាក់ទងច្រើនបំផុតជាមួយប្រទេសដែលជាប្រភពនៃជំងឺនេះគឺប្រទេសចិន។អ្នកស្រី Megan Murray ជាអ្នកជំនាញខាងជំងឺឆ្លងនៅឯសាកលវិទ្យាល័យ Harvard។អ្នកស្រីបាននិយាយថាការធ្វើដំណើរទៅកាន់តំបន់សាហារ៉ាខាងត្បូងក្នុងទ្វីបអាហ្វ្រិក«ទោះណាវាជាការធ្វើដំណើររហ័សក៏ដោយ ក៏វាមានតិចជាងការធ្វើដំណើររវាងទ្វីបអឺរ៉ុបនិងស.រ.អា.និងប្រទេសចិនដែរ»។
អ្នកជំនាញនិយាយថាការរាតត្បាតជាសាកលនៃជំងឺនេះទំនងជាទៅដល់អាហ្វ្រិកពីរបីអាទិត្យយឺតជាងទៅដល់តំបន់ដែលមានការទាក់ទងខាងការធ្វើដំណើរច្រើនក៏ប៉ុន្តែជំងឺនេះនឹងទៅដល់។
មនុស្សតិចជាងប្រឈមហានិភ័យនឹងជំងឺនេះ
នៅពេលមានការរាតត្បាតជាសាកលនៃជំងឺនេះ ពួកប្រទេសកំពុងអភិវឌ្ឍន៍ប្រហែលមានប្រៀបបន្តិចដោយសារកត្តាប្រជាសាស្ត្ររបស់ពួកគេ។ពួកមនុស្សចាស់ងាយរងគ្រោះ ដោយសារជំងឺ COVID-19 ជាងមនុស្សវ័យក្មេង ហើយប្រជាសាស្ត្របង្ហាញថាពួកប្រទេសកំពុងអភិវឌ្ឍន៍មានប្រជារាស្ត្រវ័យក្មេងច្រើនជាងនៅក្នុងប្រទេសអភិវឌ្ឍន៍។ធនាគារពិភពលោកឲ្យដឹងថា ចំនួនជាង៦០%នៃប្រជារាស្ត្រនៅក្នុងទ្វីបអាហ្វ្រិកមានអាយុតិចជាង២៥ឆ្នាំហើយមានតែ៥%ប៉ុណ្ណោះដែលមានអាយុ៦០ឆ្នាំនិងច្រើនជាងនេះ។
ផ្ទុយពីនេះ ទ្វីបអឺរ៉ុបមានមនុស្សប្រមាណ២៤%ដែលមានអាយុ៦០ឆ្នាំនិងចាស់ជាងនេះហើយនៅក្នុងផ្នែកខាងជើងនៃទ្វីបអាមេរិកប្រជារាស្ត្រចំនួន២១%ជាមនុស្សចាស់។
ដង់ស៊ីតេប្រជារាស្ត្រ
ប្រទេសកំពុងអភិវឌ្ឍន៍ខ្លះមានទីក្រុងធំៗដែលមានដង់ស៊ីតេប្រជារាស្ត្រខ្ពស់ដែលនាំឱ្យមានការឆ្លងជំងឺបានដោយងាយ។ក៏ប៉ុន្តែពួកប្រទេសកំពុងអភិវឌ្ឍន៍មានតំបន់ជនបទធំធេងដែលនៅទីនោះគេរស់នៅឃ្លាតពីគ្នាដែលជារបៀបរស់នៅរបស់ប្រជារាស្ត្រនៅទីនោះ ដោយមិនចាំបាច់មានអនុសាសន៍ខាងសុខាភិបាលសាធារណៈ។ការណ៍នេះប្រហែលបានធ្វើឱ្យការរាតត្បាតនៃជំងឺនេះមានភាពធូរស្រាលនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ខ្លះ។
ម្យ៉ាងវិញទៀត នៅក្នុងពួកប្រទេសមានឧស្សាហកម្មលូតលាស់ គ្រួសារនីមួយៗប្រហែលមានមនុស្សវ័យចំណាស់ច្រើន។ ការណ៍នេះអាចបង្កើនផលប៉ះពាល់នៅពេលជំងឺនេះទៅដល់។
តើជំងឺនេះបណ្តាលមកពីធាតុអាកាសឬទេ?
មេរោគនេះប្រហែលរាលដាលដោយងាយនៅរដូវត្រជាក់ក្នុងតំបន់មានធាតុអាកាសត្រជាក់និងមានខ្យល់ស្ងួត។ អ្នកជំនាញកត់សម្គាល់ថាធាតុអាកាសក្តៅនិងសំណើមមិនបានរារាំងមេរោគនេះមិនឱ្យរាលដាលទេនៅក្នុងកន្លែងនានាដូចជាប្រទេសសិង្ហបុរីនិងក្រុងហុងកុងជាដើម។
នៅពេលដែលពួកប្រទេសកំពុងអភិវឌ្ឍន៍មិនទាន់បានរងគ្រោះខ្លាំងដោយសារជំងឺCOVID-19នោះពួកអ្នកជំនាញនិយាយថា ផលវិបាកអាចមានធ្ងន់ធ្ងរនៅពេលណាជំងឺនេះទៅដល់ពីព្រោះប្រព័ន្ធសុខាភិបាលមានកម្រិត។
លោក Kingsley Ndoh ជាអ្នកជំនាញខាងសុខភាពសាកលនៅឯសាកលវិទ្យាល័យរដ្ឋវ៉ាស៊ីនតោន ។ លោកបានសរសេរអត្ថបទមួយនៅក្នុងកាសែតThe Seattle Timesថា ការលាងដៃនិងការនៅឃ្លាតពីគ្នាខាងសង្គមជាយុទ្ធសាស្ត្រពួកប្រទេសមានឧស្សាហកម្មលូតលាស់អនុវត្តដើម្បីបង្ការការរាតត្បាតនៃជំងឺនេះ។ តែវិធាននេះ«មិនបានត្រូវអនុវត្តទេនៅក្នុងប្រទេសភាគច្រើននាតំបន់សាហារ៉ាខាងត្បូងក្នុងទ្វីបអាហ្វ្រិក»។
តំបន់ជនបទក្រីក្រនិងតំបន់ជនក្រីក្ររស់នៅក្នុងទីក្រុងមានទឹកតិចតួចសម្រាប់ការលាងសម្អាតខ្លួនប្រាណ។
បទបញ្ជាឱ្យឋិតនៅក្នុងផ្ទះបានធ្វើឱ្យសេដ្ឋកិច្ចនៅបស្ចឹមប្រទេសមានដំណើរយឺតយូរ។ បទបញ្ជាបែបនេះអាចបង្កើតឱ្យមានការស្រេកឃ្លានរាលដាលនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ដែលនៅទីនោះមានភាពក្រីក្រច្រើនរួចទៅហើយ។
លោក Tedros Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោកបានកត់សម្គាល់ថា៖«តើលោកអ្នកអាចរស់នៅបែបណានៅពេលមានការបិទប្រទេសនៅពេលលោកអ្នកពឹងពាក់លើការងារពលកម្មប្រចាំថ្ងៃដើម្បីឱ្យមានអាហារបរិភោគ?»
លោក Ndoh បាននិយាយថាការលើកទឹកចិត្តប្រជារាស្ត្រឱ្យពាក់ម៉ាស់អាចបន្ថយការរាលដាលនៃជំងឺនេះ។ ការពាក់ម៉ាសនេះមិនមែនជាជម្រើសអាចអនុវត្តបានទេនៅកន្លែងឯទៀតៗដែលក្រីក្រមិនអាចចំណាយលុយទិញម៉ាសបាន។ លោកបាននិយាយថាពួកមេដឹកនាំសាសនាមានការទុកចិត្តពីប្រជារាស្ត្រច្រើនជាងពួកមន្ត្រីរដ្ឋាភិបាលនៅក្នុងកន្លែងជាច្រើន។
លោក Ndoh បានចង្អុលបង្ហាញថាការធ្វើ តេស្ត អស់សោហ៊ុយតិចដែលកំពុងត្រូវអភិវឌ្ឍនៅក្នុងប្រទេសសេណាហ្គាល់ និងរោងចក្រអេតាណុលមួយក្នុងប្រទេសនីហ្សេរីយ៉ា ដែលផលិតវត្ថុរាវសម្រាប់សម្អាតដៃគឺជាវិធានការល្អប្រពៃរ៍។
លោក Ndoh បាននិយាយបន្ថែមថា នៅពេលដែលករណីអ្នកជំងឺនេះនៅមានទាបគួរសម«ក៏នៅមានឱកាសសម្រាប់រដ្ឋាភិបាលទាំងឡាយក្នុងទ្វីបអាហ្វ្រិកអនុវត្តដំណោះស្រាយ«បែប អាហ្វ្រិក»ក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជាសាកលនៃជំងឺCOVID-19៕
ប្រែសម្រួលដោយឈឹម សុមេធ