ករណី​ឆ្លង​ជំងឺ​កូវីដ១៩ បន្ដ​កើនឡើង​នៅ​សហរដ្ឋ​អាមេរិក​ក្នុង​អំឡុងពេល​រដូវកាល​ថ្ងៃ​បុណ្យ

រូបឯកសារ៖ បុគ្គលិក​​ការិយាល័យ​​អ្នក​ពិគ្រោះជំងឺ​នៃ​សង្កាត់​ El Paso រុញ​​សាកសព ដែលត្រូវ​បាន​គេ​​ច្រក​ថង់ ដោយ​មាន​ស្លាកសញ្ញា​សរសេរ​ថា កូវីដ ចេញ​ពី​ទូទឹកកក ក្នុង​អំឡុងពេល​ដែល​មាន​ការ​ផ្ទុះ​រាតត្បាត​ជំងឺ​កូវីដ១៩ ក្រុង El Paso រដ្ឋ Texas ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។

ករណី​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​ទូទាំង​សហរដ្ឋអាមេរិក​បន្ដ​កើនឡើង ខណៈ​ដែល​រដូវកាល​ថ្ងៃ​បុណ្យ​កាន់​តែ​ខិត​ជិត​មក​ដល់។ ការ​ជួបជុំ​ក្រុម​គ្រួសារ និង​មិត្តភក្ដិ​កាន់​តែ​កើនឡើង​អាច​ធ្វើ​ឲ្យ​ចំនួន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ កាន់​តែ​ខ្ពស់ ហើយ​មន្ទីរពេទ្យ​មិន​អាច​ទទួល​អ្នក​ជំងឺ​ក្នុង​ចំនួន​ដ៏​ច្រើន​លើសលប់​បាន។

ភាគច្រើន​នៃ​តំបន់​ប៉ែក​ខាង​ត្បូង​រដ្ឋ California និង​តំបន់​កណ្ដាល​នៃ​រដ្ឋ​នេះ បាន​ដាក់​កំហិត​ថ្មី​ទៅ​លើ​អាជីវកម្ម និង​សកម្មភាព​នានា កាល​ពី​ថ្ងៃ​សៅរ៍ ខណៈ​មន្ទីរពេទ្យ​នៅ​ក្នុង​រដ្ឋ​ដែល​មាន​ចំនួន​ប្រជាជន​ច្រើន​បំផុត​នៅ​ក្នុង​សហរដ្ឋអាមេរិក​មួយ​នេះ​ប្រឈម​នឹង​ការ​ខ្វះខាត​គ្រែ​ពេទ្យ​សម្រាប់​អ្នក​ជំងឺ។ ភោជនីយដ្ឋាន​នានា​ត្រូវ​ឈប់​ទទួល​ឲ្យ​ភ្ញៀវ​បរិភោគ​ក្នុង​ហាង ហើយ​រោងមហោស្រព ហាង​ធ្វើ​សក់ និង​អាជីវកម្ម​ជាច្រើន​ទៀត​ត្រូវ​បិទ​ដំណើរការ​នៅ​ក្នុង​ទីក្រុង San Diego ទីក្រុង Los Angeles និង​នៅ​តំបន់​មួយ​ចំនួន​នៃ​តំបន់ Central Valley។

ស្រុក​ចំនួន ៥ នៅ​តំបន់ Bay Area ក្នុង​ទីក្រុង San Francisco គ្រោង​នឹង​ដាក់​កំហិត​នៅ​ថ្ងៃ​អាទិត្យ​នេះ។

កាល​ពី​ថ្ងៃ​សុក្រ មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ ខ្ពស់​មិន​ធ្លាប់​មាន​ពី​មុន​មក​រហូត​ដល់​ជិត ២២៨.០០០ ករណី នៅ​ទូទាំង​សហរដ្ឋ​អាមេរិក។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​សាកលវិទ្យាល័យ Johns Hopkins។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ សហរដ្ឋអាមេរិក​មាន​ករណី​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ ខ្ពស់​មិន​ធា្លប់​មាន​ពី​មុន​មក​រហូត​ដល់ ២.៨៧៩ ករណី។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​សាកលវិទ្យាល័យ Johns Hopkins ដដែល​នេះ។

ករណី​ឆ្លង​និង​ស្លាប់​ដោយសារជំងឺ​កូវីដ១៩ នេះ​បាន​កើនឡើង​ក្នុង​រយៈពេល​មួយ​សប្ដាហ៍​ក្រោយ​មក បន្ទាប់ពី​ថ្ងៃ​បុណ្យ​រំឭកគុណ Thanksgiving បាន​បញ្ចប់​ទៅ នៅ​ពេល​ដែល​ពលរដ្ឋ​អាមេរិកាំង​រាប់​លាន​នាក់​មិន​អើពើ​នឹង​ការ​ដាស់តឿន​ឲ្យ​ស្នាក់នៅ​តែ​ក្នុង​ផ្ទះ និង​ប្រារព្ធ​ពិធី​បុណ្យ​នេះ​តែ​ជាមួយ​នឹង​សមាជិក​ក្រុម​គ្រួសារ​របស់​ខ្លួន៕