អាជ្ញាធរសុខាភិបាលនៅតាមបណ្តាខេត្តមួយចំនួន នៅថ្ងៃអង្គារនេះ បានរាយការណ៍ជាបន្តបន្ទាប់អំពីករណីឆ្លងជំងឺកូវីដ១៩ ដែលនេះនាំឲ្យមានការព្រួយបារម្ភបន្ថែមទៀតអំពីការឆ្លងធ្ងន់ធ្ងរតាមបណ្តាខេត្ត បន្ទាប់ពីបញ្ចប់ការរាំងខ្ទប់រាជធានីភ្នំពេញ និងការបើកឲ្យធ្វើដំណើរឆ្លងខេត្ត។
បើតាមសេចក្តីជូនដំណឹងរបស់មន្ទីរសុខាភិបាលតាមខេត្តមួយចំនួន ក្នុងនោះមានខេត្តតាកែវ កំពង់ចាម និងខេត្តព្រះសីហនុ ដែលបានផ្សព្វផ្សាយតាមអង្គភាពព័ត៌មាន Fresh News អ្នកដែលត្រូវរកឃើញមានជំងឺកូវីដនោះ គឺរួមមានកុមារ សិស្សសាលា និងមនុស្សពេញវ័យដែលជាអាជីវករ កម្មកររោងចក្រ កម្មករសំណង់ មេផ្ទះ និងប្រជាពលរដ្ឋទូទៅ។
រដ្ឋបាលខេត្តតាកែវ បានរាយការណ៍និងបង្ហាញអត្តសញ្ញាណរបស់អ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៣៩នាក់។ ចំណែកអាជ្ញាធរខេត្តកំពង់ចាម បានរាយការណ៍និងបង្ហាញអត្តសញ្ញាណរបស់អ្នកឆ្លងចំនួន២១នាក់។ រដ្ឋបាលខេត្តព្រះសីហនុ បានរាយការណ៍និងបង្ហាញអត្តសញ្ញាណអ្នកឆ្លងចំនួន២៧នាក់។
ចំណែករដ្ឋបាលខេត្តបាត់ដំបងក៏បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ១៩ ក្នុងចំណោមពលករមកពីប្រទេសថៃនិងអ្នកមកពីរាជធានីភ្នំពេញ ដែលមានសរុប២៨នាក់ កំពុងសម្រាកព្យាបាលជំងឺនេះ។
ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ លោកវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា ករណីឆ្លងថ្មីនៅក្នុងខេត្ត មានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ឆ្លងសហគមន៍២០កុម្ភៈ ពោលគឺមុនពេលមានការបើកឲ្យចរាចរណ៍ឡើងវិញនៃការធ្វើដំណើរឆ្លងពីខេត្តមួយទៅខេត្តមួយទៀត។
«អារឿងដំណើរទងឆ្លងហ្នឹង វាមានការពាក់ព័ន្ធគ្នាមកទល់ពេលនេះ និយាយទៅ វាព្រឹត្តិការណ៍ថ្ងៃ២០[កុម្ភៈ] និយាយឲ្យអស់ទៅ វាព្រឹត្តិការណ៍ថ្ងៃ២០ បាទ២០កុម្ភៈ យើងហ្នឹង។ ហើយវាពាក់ព័ន្ធគ្នារយីងរយោង រយីងរយោងទៅវាឆ្លង វាឆ្លងមកដល់ខេត្តតាកែវមកបាទ»។
បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវ ពលរដ្ឋដែលត្រូវរកឃើញមានជំងឺកូវីដ១៩ មានមុខរបរជាអាជីវករ កម្មករសំណង់ កម្មកររោងចក្រ កុមារ សិស្ស និងមានអាសយដ្ឋានក្នុងស្រុកបាទី ស្រុកសំរោង ព្រៃកប្បាស ត្រាំកក់ ទ្រាំង និងគិរីវង់។
លោក នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ មានប្រសាសន៍ថា អាជ្ញាធរកំពុងស្វែងរកអ្នកពាក់ព័ន្ធ ដើម្បីយកសំណាកមកពិនិត្យ។ យ៉ាងណាក៏ដោយ លោកឲ្យដឹងថា ស្ថានភាពរបស់អ្នកជំងឺប្រមាណ៩០% ស្ថិតក្នុងកម្រិតស្រាល។
អាជ្ញាធរមូលដ្ឋានខេត្តតាកែវ ក៏បានសម្រេចបិទខ្ទប់ភូមិ និងផ្សារមួយចំនួនផងដែរ។
គិតត្រឹមថ្ងៃទី១១ ខែឧសភា ករណីឆ្លង ដែលមានទំនាក់ទំនងនឹងព្រឹត្តិការណ៍២០កុម្ភៈ មានប្រមាណ២ម៉ឺននាក់ និងមានករណីឆ្លងថ្មីចំនួន៤៧០នាក់ ដែលត្រូវបានប្រកាសដោយក្រសួងសុខាភិបាលនៅថ្ងៃអង្គារនេះ។
លោក គឹម សួរភិរុណ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាមបានដាក់ការស្តីបន្ទោសដល់ការមិនប្រកាន់ខ្ជាប់វិធានការអនាម័យ នៅពេលវិធានការបិទខ្ទប់ភូមិសាស្ត្រភ្នំពេញ និងខេត្តកណ្តាលត្រូវបានបន្ធូរ។
លោកប្រាប់វីអូអេថា៖ «មកពីមានអ្នកផ្ទុកមេរោគហ្នឹង គាត់មកផ្ទះ គាត់ទៅ គាត់មិនបានអនុវត្តវិធានការត្រឹមត្រូវទៅ វាឆ្លងទៅក្នុងក្រុមគ្រួសារគាត់ហ្នឹង»។
ប្រធានមន្ទីរសុខាភិបាលរូបនេះនិយាយថា បន្ទាប់ពីមានការបង្ហាញអត្តសញ្ញាណរបស់អ្នកដែលឆ្លងជំងឺកូវីដ១៩ក្នុងស្រុកចំនួន៣ គឺស្រុកបាធាយ កងមាស និងចំការលើ មនុស្សដែលពាក់ព័ន្ធមួយចំនួន បានមកទទួលការពិនិត្យរោគសញ្ញា។ លោកបញ្ជាក់ថា បើមានការគេចវេះ នោះអាជ្ញាធរនឹងប្រើវិធានការច្បាប់ជាធរមាន។
នៅខេត្តព្រះសីហនុ អាជ្ញាធរបានដាក់ចេញវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ដោយការបែងចែងតំបន់ក្រហម លឿងទុំ និងលឿង ដូចដែលបានកំពុងធ្វើក្នុងរាជធានីភ្នំពេញ និងទីតាំងដែលមានកម្រិតឆ្លងខ្ពស់ផ្សេងទៀត។
លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាល ខេត្តព្រះសីហនុ មានប្រសាសន៍ថាចំណាត់ការរដ្ឋបាលនេះ គឺជាការខិតខំឈានទៅបញ្ចប់ការឆ្លងជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។
លោកបន្ថែមថា៖ «តាំងពីយើងបិទខ្ទប់ រហូតទៅដល់កំណត់ចេញជាតំបន់ក្រហម និងតំបន់លឿងទុំ មកទល់ម៉ោងនេះ គឺសម្រាប់ការចល័តចេញចូល បើគ្មានភារកិច្ចចាំបាច់។ អាហ្នឹង គឺយើងមិនអនុញ្ញាតនោះទេ ដើម្បីអាជ្ញាធររបស់យើងហ្នឹងមានលទ្ធភាពក្នុងការគ្រប់គ្រងជាពិសេសការកាត់ផ្តាច់ការចម្លងនៃវីរុសកូវីដ១៩»។
បើតាមលោក ឃាង ភារម្យ សង្កាត់លេខ៤ ពីភូមិ១ទៅភូមិ៥នៃក្រុងព្រះសីហនុ គឺត្រូវបានកំណត់ជាតំបន់ក្រហម ហើយតំបន់ផ្សេងទៀតនៃក្រុងព្រះសីហនុ គឺត្រូវបានកំណត់ជាតំបន់លឿងទុំ។ ចំណែកឃុំបិតត្រាងនៃស្រុកព្រៃនប់ ត្រូវបានកំណត់ជាតំបន់លឿង។
អ្នកសិក្សាស្រាវជ្រាវខាងការអភិវឌ្ឍន៍សង្គម លោកបណ្ឌិត មាស នី មានប្រសាសន៍ថារដ្ឋាភិបាលនៅពេលនេះ គួរត្រៀមទុកជាមុននូវវិធានការសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីដែលអាចមានការផ្ទុះឡើងនៃការឆ្លងសហគមន៍ជាបន្តបន្ទាប់ទៀតនៅតាមបណ្តាខេត្ត។
ប៉ុន្តែលោកថា ការរីកដាលនៃការឆ្លងជំងឺកូវីដ១៩ក្នុងសហគមន៍តាមបណ្តាខេត្តនោះ អាចទប់ស្កាត់បាន ប្រសិនបើអាជ្ញាធរមូលដ្ឋានមានវិធានការសុខាភិបាលតឹងរ៉ឹង និងមានការឃ្លាំមើលដិតដល់បុគ្គលដែលសង្ស័យថា មានរោគសញ្ញាឆ្លងជំងឺកូវីដ១៩ នៅតាមមូលដ្ឋានរបស់ខ្លួន។
អ្នកសិក្សាស្រាវជ្រាវខាងការអភិវឌ្ឍន៍សង្គមរូបនេះបន្ថែមថា រដ្ឋាភិបាលក៏គួរបើកទូលាយឲ្យមានការចូលរួមពីដៃគូ ក្រុមជួយសង្គ្រោះផ្សេងទៀត ប្រសិនបើការឆ្លងនៅតាមបណ្តាខេត្តមានសភាពធ្ងន់ធ្ងរ៕