ប្រទេសអ៊ីរ៉ង់បានប្រកាសនៅថ្ងៃចន្ទថា ក្នុងរយៈពេល២ថ្ងៃជាប់ៗគ្នា ប្រទេសនេះមានអ្នកស្លាប់ពីជំងឺកូវីដ១៩ក្នុងមួយថ្ងៃខ្ពស់បំផុត គឺចំនួន២៧២នាក់។
អ្នកនាំពាក្យក្រសួងសុខាភិបាលអ៊ីរ៉ង់លោកស្រី Sima Sadat Lari បានប្រកាសថា ប្រទេសអ៊ីរ៉ង់ក៏មានករណីអ្នកឆ្លងជំងឺកូវីដថ្មីក្នុងមួយថ្ងៃខ្ពស់បំផុតផងដែរ គឺចំនួន៤.២០៦នាក់។
ប្រទេសអ៊ីរ៉ង់ បានទទួលរងពីការផ្ទុះរាតត្បាតនៃជំងឺកូវីដ១៩ខ្លាំងជាងគេនៅតំបន់មជ្ឈិមបូព៌ា ដោយមានអ្នកឆ្លងដោយសារជំងឺនេះសរុបជាង៥០០.០០០នាក់រហូតមកដល់ពេលនេះ ដែលក្នុងនោះមានអ្នកស្លាប់ជាង២៨.៨០០នាក់ និងមានអ្នកជាសះស្បើយវិញចំនួន៤០៩.០០០នាក់។
ស្ថានភាពជំងឺកូវីដ១៩ក្នុងរដ្ឋធានីតេហេរ៉ង់ កាន់តែធ្លាក់ដុនដាប ដោយបានបង្ខំឲ្យមន្រ្តីអាជ្ញាធរ បង្កើនភាពរឹតបន្តឹងនៅដើមខែតុលានេះ ដែលក្នុងនោះរួមមានវិធានការបិទសាកលវិទ្យាល័យ សាលារៀន បណ្ណាល័យ ព្រះវិហារសាសនា រោងកុន សារមន្ទីរ និងហាងកែសម្ផស្សជាដើម។ កាលពីថ្ងៃសៅរ៍ រដ្ឋាភិបាលអ៊ីរ៉ង់ បានបញ្ជាឲ្យពលរដ្ឋអ៊ីរ៉ង់ទាំងអស់ត្រូវតែពាក់ម៉ាស់នៅពេលចេញក្រៅតាមទីសាធារណៈ ហើយព្រមានថា អ្នកដែលរំលោភលើបទបញ្ជានេះ នឹងត្រូវផាកពិន័យ។
ទន្ទឹមគ្នានេះដែរ នៅពេលដែលការឆ្លងក្នុងប្រទេសកំពុងមានសន្ទុះហក់ឡើងខ្លាំងនោះ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីលោក Ali Rabiei សន្យាថា អ្នកដែលធ្វើតេស្តវិជ្ជមានថាមានកូវីដ១៩នោះ នឹងត្រូវគេតាមដានដោយយកចិត្តទុកដាក់៕