វិបត្តិជំងឺកូវីដ១៩ ធ្វើឲ្យក្រុមហ៊ុនអាកាសចរណ៍អូស្រ្តាលីធ្លាក់ចូលក្នុងបំណុល

  • Phil Mercer

រូបឯកសារ៖ អ្នកដំណើរឈរនៅបញ្ឈររបស់ក្រុមហ៊ុនអាកាសចរណ៍ Virgin អូស្រ្តាលី នៅព្រលានយន្តហោះ Kingsford Smith International Airport នៅក្រុងស៊ីដនី ​ប្រទេសអូស្រ្តាលី កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០។

ក្រុមហ៊ុនអាកាសចរណ៍ Virgin អូស្រ្តាលីបានក្លាយជាក្រុមហ៊ុនសាជីវកម្មធំទី១របស់អូស្រ្តាលី ដែលរងការខាតបង់ដោយសារការរាលដាលជាសាកលនៃជំងឺកូវីដ១៩។ ក្រុមហ៊ុនអាកាសចរណ៍ធំទី២របស់អូស្រ្តាលីបានស្ថិតនៅក្នុងកណ្តាប់ដៃរដ្ឋបាលស្ម័គ្រចិត្ត​កាលពីថ្ងៃអង្គារ បន្ទាប់ពីរដ្ឋាភិបាលសហព័ន្ធបានបដិសេធពុំផ្តល់ប្រាក់ជំនួយដល់ក្រុមហ៊ុនអាកាសចរណ៍ដែលមានបញ្ហានេះ។

ក្រុមហ៊ុនអាកាសចរណ៍ Virgin អូស្រ្តាលី បានបញ្ឈប់ជើងហោះហើររបស់ខ្លួនស្ទើរតែទាំងអស់ នៅពេលដែលរដ្ឋាភិបាលនៅក្នុងរដ្ឋធានីកង់បេរ៉ា បានបិទព្រំដែនអន្តរជាតិ ពីព្រោះតែការរាលដាលជាសាកលនៃជំងឺកូវីដ១៩ ។ ពួកអ្នកធ្វើដំណើរបរទេសត្រូវហាមឃាត់មិនឲ្យចូលក្នុងប្រទេសអូស្រ្តាលី ហើយពលរដ្ឋអូស្រ្តាលីត្រូវហាមឃាត់មិនឲ្យចាកចេញពីប្រទេស។

ផលប៉ះពាល់របស់វីរុស​កូរ៉ូណាលើក្រុមហ៊ុនអាកាសចរណ៍ធំទី២របស់អូស្រ្តាលីមាន​ទំហំ​ធំធេង​ណាស់។ នាយកប្រតិបត្តិជាន់ខ្ពស់ម្នាក់និយាយថា វាជាវិបត្តិមួយដែលហួសពីការគ្រប់គ្រងរបស់ក្រុមហ៊ុន។

ក្រុមហ៊ុនអាកាសចរណ៍នេះកំពុង​តែត្រដាបត្រដួសរួចហើយដោយមានបំណុលជាង​៣ពាន់លានដុល្លារ ហើយឥឡូវនេះ ក្រុមហ៊ុននេះស្ថិតនៅក្នុងកណ្តាប់ដៃពួករដ្ឋបាលឯករាជ្យ។

ពួកគេនឹងព្យាយាមស្វែងរកអ្នកទិញនិងអ្នកវិនិយោគទុនថ្មី បន្ទាប់ពីមិនបានទទួលប្រាក់កម្ចីថ្មីពីរដ្ឋាភិបាល។ រដ្ឋមន្រ្តីទទូចថា ប្រសិនបើក្រុមហ៊ុនអាកាសចរណ៍ Virgin អូស្រ្តាលីបានទទួលប្រាក់ជំនួយ ការណ៍នេះនឹងលើកទឹកចិត្តក្រុមហ៊ុនផ្សេងទៀត​ស្វែង​រក​ការគាំទ្រដែរ។

ការងាររបស់ក្រុមហ៊ុនអាកាសចរណ៍ប្រហែល១ម៉ឺន៥ពាន់នឹងបាត់បង់ ក៏ប៉ុន្តែលោក Anthony Albanese មេដឹកនាំគណបក្សការងារដែលជាគណបក្សប្រឆាំង និយាយថា ផលប៉ះពាល់នៃការដួលរលំរបស់ក្រុមហ៊ុនអាកាសចរណ៍នេះ នឹងមានទំហំធំធេងខ្លាំងណាស់។ លោកបានថ្លែងថា៖

«ផលប៉ះពាល់នោះមិនមែនមនុស្សតែ១ម៉ឺន៥ពាន់នាក់ដែលពឹងផ្អែកផ្ទាល់លើការងាររបស់ខ្លួននៅក្រុមហ៊ុនអាកាសចរណ៍ Virgin អូស្រ្តាលីនោះទេ វាក៏បានប៉ះពាល់ដល់ពលរដ្ឋអូស្រ្តាលី​ប្រមាណ​១សែននាក់ដែលពឹងផ្អែកលើវិស័យ ទេសចរណ៍សម្រាប់ការងាររបស់ខ្លួន វា មានផលប៉ះពាល់ដល់ពលរដ្ឋអូស្រ្តាលីរាប់លាននាក់ដែលពឹងផ្អែកលើក្រុមហ៊ុនអាកាសចរណ៍ធំ​ទាំង២នោះដើម្បីអាចឲ្យពួកគេធ្វើដំណើរជុំវិញប្រទេសនេះ»។

ក្រុមអ្នកធ្វើដំណើរ មានការព្រួយកង្វល់ថា បើក្រុមហ៊ុនអាកាសចរណ៍ Virgin អូស្រ្តាលីមិនអាចត្រូវបានជួយសង្គ្រោះទេ ក្រុមហ៊ុនអាកាសចរណ៍ក្វាន់តាស (Qantas) ដែលជាក្រុមហ៊ុនអាកាសចរណ៍ដ៏ធំបង្អស់របស់អូស្រ្តាលី នឹងកាន់កាប់ជិតផ្តាច់មុខនៅក្នុងប្រទេសដ៏ធំនេះដែលការធ្វើដំណើរតាមអាកាស ជាការចាំបាច់នោះ។សំបុត្រយន្តហោះទំនង​ជា​នឹង​កាន់តែថ្លៃឡើងសម្រាប់ពួកអ្នកធ្វើដំណើរ។

ក្រុមហ៊ុនអាកាសចរណ៍ Virgin របស់អូស្រ្តាលី កំពុងធ្វើការរចរចាជាមួយរដ្ឋាភិបាលនៅក្នុងរដ្ឋ New South Wales និង Queensland ក៏ប៉ុន្តែ មិនទាន់បានការជួយឧបត្ថម្ភហិរញ្ញវត្ថុនៅឡើយទេ។

ក្រុមហ៊ុនអាកាសចរណ៍នេះ បានកាន់កាប់មួយផ្នែកដោយក្រុម​ហ៊ុន​មួយចំនួន រួមមានរដ្ឋាភិបាលប្រទេសអារ៉ាប់រួមអេមីរ៉ាតឬ United Arab Emirates សហគ្រាសចិននិងក្រុមហ៊ុនអាកាសចរណ៍សឹង្ហបូរី។

ការធ្លាក់ចុះរបស់ក្រុមហ៊ុនអាកាសចរណ៍នោះ ជារោគសញ្ញានៃវិបត្តិក្នុងវិស័យអាកាសចរណ៍សាកលលោក។

ការរំលាយក្រុមហ៊ុននោះ ជាដំណើរការមួយដែលក្រុមហ៊ុនមិនអាចសងបំណុលបាន ដែលត្រូវបានស្ថិតនៅក្នុងកណ្តាប់ដៃរបស់ពួកអ្នកជំនាញខាងហិរញ្ញវត្ថុដែលអាចស៊ើបអង្កេតថាតើក្រុមហ៊ុននោះ អាចត្រូវជួយសង្គ្រោះដែរឬទេ ឬត្រូវលក់ហើយសងប្រាក់ទៅឲ្យម្ចាស់បំណុលវិញ៕

ប្រែសម្រួលដោយជឹង ប៉ូជីន