អង្គការ​​សុខភាព​ពិភពលោក​ថា​ខ្លួន​កំពុង​សហការ​​វាយតម្លៃ​វ៉ាក់​សាំង​ការពារ​ជំងឺកូវីដ​ចំនួន​៩​​​ប្រភេទ

រូប​ឯកសារ៖ អ្នក​វិទ្យាសាស្ត្រ​កំពុង​ធ្វើ​ការ​លើ​វ៉ាក់សាំង​សម្រាប់​ជំងឺ​កូវីដ១៩​នៅ​ក្រុមហ៊ុន Cobra Biologics ក្នុង​ក្រុង Keele ចក្រភព​អង់គ្លេស កាលពី​ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០។

អង្គការ​សុខភាព​ពិភពលោក WHO បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩​ចំនួន​៩ផ្សេង​គ្នា​ កំពុង​ត្រូវ​បាន​ធ្វើ​ការ​វាយ​តម្លៃ​ដោយ​កម្មវិធី ​COVAX របស់​អង្គការ​សុខភាព​ពិភពលោក​ ដែល​នៅ​ពេល​នេះ​ មាន​ប្រទេស​ចំនួន​១៧២​ ​ជា​ដៃ​គូ​ចូលរួម។​

កម្មវិធី​ COVAX ត្រូវ​បាន​បង្កើត​ឡើងកាល​ពី​ដើម​ឆ្នាំ​នេះ​ ដោយ​អង្គការ​សុខភាព​ពិភព​លោក​ ​ក្នុង​គោល​បំណង​សម្របសម្រួលប្រឹង​ប្រែង​រួម​គ្នា​របស់​ប្រទេស​សមាជិក​ ដើម្បី​ធានាការ​ទទួល​បាន​នូវ​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​១៩ ក្នុង​ភាព​ស្មើគ្នា​ ក៏ដូច​ជា​ថ្នាំ​ព្យាបាល​ជំងឺ​កូវីដ១៩ នៅ​ពេល​ដែល​វ៉ាក់សាំង​ការពារ ​និង​ថ្នាំ​ព្យាបាល​នេះ ត្រូវ​បាន​បង្កើត​ឡើង​និង​អនុញ្ញាត​ដាក់​ឱ្យ​ប្រើ​ប្រាស់ជា​ផ្លូវ​ការ​នោះ។​

ថ្លែង​ក្នុងសន្និសីទ​ព័ត៌មាន​មួយ​នៅ​ទី​ស្នាក់​ការ​ធំ​របស់​អង្គការ​សុខភាព​ពិភព​លោក​ ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស​នោះ​ អគ្គនាយក​អង្គការ WHO លោក Tedros Adhanom Ghebreyesus លើក​ឡើង​ថា​ កម្មវិធី​ COVAX នេះ​មាន​សារៈសំខាន់​ចំពោះ​កិច្ច​ប្រឹង​ប្រែង​បញ្ចប់​ការ​រាត្បាត​នៃ​ជំងឺ​កូវីដ១៩។ ​

លោក Tedros បញ្ជាក់ថា​ ការ​ធានា​ថា​ ប្រទេស​ទាំង​អស់​ទទួល​បាននូវ​វ៉ាក់សាំង​ការពារ​ណាមួយ​ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ប្រើ​ប្រាស់ គឺ​មានសារៈសំខាន់សម្រាប់ផ្នែក​សេដ្ឋកិច្ច។​ លោក​បន្តថា​ ប្រសិន​បើមាន​តែប្រទេស​មួយ​ចំនួន​តូច​ដែល​ជា​ប្រទេស​អ្នក​មាន​ខ្លាំង​បំផុតនោះ​ ទទួល​បាន​នូវ​វ៉ាក់សាំង​ការពារ ​ឬ​ថ្នាំ​ព្យាបាល​នោះ​ វា​នឹង​ធ្វើ​ឱ្យ​ជំងឺកូវីដ​១៩នេះកាន់​តែ​រាត​ត្បាត​ក្នុង​រយៈពេល​វែង​តទៅ​ទៀត។ ​លោក​ថា​ ជាតិ​និយម​ទាក់ទង​នឹង​រឿង​វ៉ាក់សាំង​នេះ​ ជា​ការ​ជួយ​ឱ្យ​វីរុស​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​តែ​ប៉ុណ្ណោះ៕