ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​ម្នាក់​នៃ​អង្គការ​ WHO ​សុំ​ឱ្យ​មាន​ការ​បែង​ចែក​វ៉ាក់សាំង​កូវីដ១៩​ ប្រកប​ដោយ​សមធម៌​នៅ​​ទ្វីប​អាហ្វ្រិក​


រូ​បឯកសារ៖ គិលានុបដ្ឋាយិកាម្នាក់ត្រៀមវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន National Institutes of Health and Moderna Inc., នៅក្រុង Binghamton រដ្ឋញូវយ៉ក កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០។
រូ​បឯកសារ៖ គិលានុបដ្ឋាយិកាម្នាក់ត្រៀមវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន National Institutes of Health and Moderna Inc., នៅក្រុង Binghamton រដ្ឋញូវយ៉ក កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០។

អ្នកស្រី ​Matshidiso Moeti ​នាយិកា​អង្គការ​ WHO ​ប្រចាំ​តំបន់​អាហ្វ្រិក ​មើល​ឃើញ​សញ្ញា​នាំ​ឱ្យ​ខ្វាយខ្វល់​ថា​ ​ប្រទេស​ជាតិ​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក​អាច​ឋិត​ក្នុង​ចំណោម​ពួក​ប្រទេស​មាន​ប្រាក់ចំណូល​ទាបចុង​ក្រោយ​គេ ដែល​នឹង​ទទួល​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩។​

អ្នក​ស្រី​កត់​សម្គាល់​ថា​ ​ប្រទេស​មាន​ប្រាក់​ចំណូល​ខ្ពស់​ខ្លះ​ដែល​បាន​ផ្តល់​ប្រាក់​សម្រាប់​ការ​ផលិត​ឬ​ស្រាវជ្រាវ​វ៉ាក់សាំង​នេះ​បម្រុង​ការ​ផ្គត់ផ្គង់វ៉ាក់សាំង​នេះ​សម្រាប់​តែ​ពួក​គេ​ផ្ទាល់។​

ទោះ​ណា​ជា​មាន​ការ​យល់​ថា រដ្ឋាភិបាល​នានា​ចង់​ការពារ​ប្រជាពលរដ្ឋផ្ទាល់​របស់​ពួក​គេ​ក៏​ដោយ​ក៏​អ្នក​ស្រី​និយាយ​ប្រាប់​វីអូអេ​ថា ​អ្នក​ស្រី​សង្ឃឹម​ថា​ ​រដ្ឋាភិបាល​ទាំង​នេះ​គួរ​ពិចារណា​អំពី​សេចក្តី​ត្រូវ​ការ​របស់​ប្រទេស​ឯ​ទៀតៗ​ផង​ដែរ។​ អ្នកស្រី ​Matshidiso Moeti ​បាន​និយាយ​ថា៖​

«យើង​កំពុង​បន្ត​វិភាគ​ថា​ ​តើ​វា​ដំណើរការ​បែប​ណា។ ​យើង​កំពុង​បន្ត​ជំរុញ​ខ្លាំង​ណាស់​ឱ្យ​មាន​គោល​ការណ៍​សមធម៌ដែល​ត្រួវតែ​កាន់​ខ្ជាប់​និង​គោរព​ដោយ​មនុស្ស​គ្រប់គ្នា​ហើយ​ថា​ យើង​ធ្វើការ​ជា​មួយ​គ្នា​ ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ប្រជា​ថា​ ​ពួក​ប្រទេស​មាន​ប្រាក់​ចំណូល​ទាប​និង​ពួក​ប្រទេស​អភិវឌ្ឍន៍​តិច​បំផុត​ បាន​ទទួល​ផល​ប្រយោជន៍​នៅ​ពេល​មាន​វ៉ាក់សាំង​នេះ»។​

អ្នកស្រី ​Matshidiso Moeti​ ព្រមាន​ថា​ ជា​ការ​មិន​គិត​វែង​ឆ្ងាយ​ដែល​ពួក​ប្រទេស​មាន​ធន​ធាន​ច្រើន​គិត​តែ​ពី​ខ្លួន​ឯង។​ អ្នកស្រី​និយាយ​ថា​ ​នៅ​ក្នុង​ពិភពលោក​នេះ​ដែល​មាន​ការ​ទាក់ទង​គ្នា​ទៅ​វិញ​ទៅ​មក​ គ្មាន​នរណា​មួយ​មាន​សុវត្ថិភាព​ទេ​រហូត​ដល់​ពេល​ណា​ដែល​មនុស្ស​គ្រប់​គ្នា​មាន​សុវត្ថិភាព។​ អ្នក​ស្រី​បាន​និយាយ​បន្ថែម​ថា​ ​វីរុស​នេះ​មិន​ស្គាល់​ព្រំដែន​ទេ។​ អ្នក​ស្រី​ថ្លែង​ថា​ ជំងឺ​កូវីដ១៩​នឹង​បន្ត​រាលដាល​ជុំវិញ​ពិភពលោក​រហូត​ដល់​ពេល​មនុស្ស​គ្រប់​គ្នាមាន​ការ​ការពារ​ពី​ជំងឺ​ដ៏​ប្រល័យ​នេះ។​

អ្នកស្រី ​Matshidiso Moeti ​និយាយ​ថា​ វ៉ាក់សាំង​មិន​មែន​ជា​គ្រាប់​កាំភ្លើង​ទិព្វ​ទេ​ហើយ​ប្រទេស​ជាតិ​នានា​មិន​គួរ​បង្អែបង្អង់​សកម្មភាព​រង់ចាំ​វ៉ា់ក់សាំង​មាន​សុវត្ថិភាព​និង​ប្រសិទ្ធ​ភាព​នោះ​ទេ​ ព្រោះ​ផលិត​វ៉ា់ក់សាំង​បែប​នេះ​ជា​ដំណើរ​ការ​ស៊ី​ពេល​ច្រើន​ខែ។ នៅ​ពេល​ជា​មួយ​គ្នា​នេះ​ដែរ ​អ្នក​ស្រី​បាន​ថ្លែង​ថា​ ​ជា​ការ​មាន​សារៈ​សំខាន់​ចាំបាច់ ដែល​ប្រទេស​នានា​បន្ត​រក​អត្តសញ្ញាណ​អ្នក​ជំងឺ តាម​ដាន​ការ​ទាក់ទង​របស់​អ្នក​ជំងឺ​ជាមួយ ជន​ឯ​ទៀតៗ​ ដាក់​ឱ្យ​អ្នក​ជំងឺ​នៅ​ដាច់​ពី​គេ​និង​ធ្វើ​ឱ្យ​ការ​ឆ្លង​វីរុស​នេះ​មានតិច​បំផុត​ផង​ដែរ។​ អ្នកស្រី ​Matshidiso Moeti ​និយាយ​ថា៖​

«អ្វី​ដែល​មាន​សារៈ​សំខាន់​ជាង​នេះ​គឺ​ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋ ការ​ចេះ​ដឹង​និង​ឥរិយាបថ​ការពារ​ខ្លួន​ឯង​ បញ្ចៀស​មិន​ឱ្យ​មាន​វីរុស​ ​ ចៀសវាង​កុំឱ្យ​ពួក​គេ​ចម្លងជំងឺ​នេះ​ទៅ​មនុស្ស​ឯ​ទៀត​ដោយ​ពាក់​ម៉ាស់​ ​ ដោយ​រក្សា​គម្លាត​ពី​គ្នា​ ​ដែល​អាច​ធ្វើ​បាន​ ដោយ​ធ្វើ​តាម​វិធានការ​ អនាម័យដោយ​លាង​ដៃ ​និង​សម្អាត​ផ្ទៃ​វត្ថុ​នានា​ដែល​ជា​ការ​មាន​សារៈ​សំខាន់ណាស់»។​

អ្នកស្រី ​Matshidiso Moeti ​កត់​សម្គាល់​ថា​ ​ទោះ​ណា​ជា​មាន​វ៉ាក់សាំងហើយ​មាន​ប្រាក់​សម្រាប់​ចាក់​ថ្នាំ​នេះ​ក៏​ដោយ​ ​ក៏​ការ​ចាក់ថ្នាំ​នេះ​ឱ្យ​បាន​គ្រប់គ្រាន់​នឹង​ត្រូវ​ការ​ពេល។​ ​អ្នកស្រី​បាន​ថ្លែង​ទៀត​ថា​ ទម្រាំ​ដល់​ពេល​នោះ​ គេ​ត្រូវ​មាន​វិធានការ​បញ្ចៀស​មិន​ឱ្យ​មាន​ជំងឺ​នេះ​ត​ទៅ​ទៀត។​

របាយ​ការណ៍​ថ្មីៗ​បំផុត​បង្ហាញ​ថា​ ករណី​អ្នក​មាន​វីរុស​កូរ៉ូណា​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក​មាន​ជិត​១​លាន​១​សែន​នាក់ដោយ​មាន​អ្នក​ជំងឺ​ស្លាប់​ជាង​២​ម៉ឺន​៣​ពាន់​នាក់។​ អ្នកស្រី​ Moeti ​និយាយ​ថា​ ​ចំនួន​អ្នក​ជំងឺ​នេះ​កំពុង​កើន​ឡើង​ថែម​ទៀត​នៅ​ពេល​វីរុស​កូរ៉ូណា​រាល​ដាល​ពី​តំបន់​ទីក្រុង​មាន​ដង់ស៊ីតេ​មនុស្ស​ច្រើនទៅ​តំបន់​ជនបទ​ដែល​មាន​ដង់ស៊ីតេ​ប្រជាពលរដ្ឋ​ទាប​និង​នៅ​ពេល​សហគមន៍​បន្ធូរ​ការ​រឹតត្បិត​នៃ​ការ​បិទ​ប្រទេស។​

អ្នកស្រី​ថ្លែង​ថា​ ​ប្រទេស​ទាំងឡាយ​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ត​ទៅ​ទៀត​ ​ពីព្រោះ​ការ​កាត់​បន្ថយ​ជំងឺ​កូវីដ១៩​អាច​ប្រដូច​បាន​ជា​មួយ​ការ​រត់ម៉ារ៉ាតុង​រយៈពេល​យូរ​ ​មិនមែន​រត់​ប្រណាំង​យ៉ាងលឿន​តែ​ឆាប់​ឈប់​នោះ​ទេ៕

ប្រែសម្រួល​ដោយ​លោក​ឈឹម សុមេធ

XS
SM
MD
LG