តុលាការ​ថៃ​សម្រេច​ថា​ ជន​​​ជាប់​សង្ស័យ​អ៊ុយហ្គ័រ​ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​ឃុំឃាំង​​សិន

  • Steve Herman

ជន​ជាប់​សង្ស័យ​អ៊ុយហ្គ័រ​ ត្រូវ​បាន​បញ្ជូន​ត្រលប់​ទៅ​មណ្ឌល​ឃុំឃាំង​នៅក្រុង​ Songkhla នៅ​ភាគខាង​ជើង​ប្រទេស​ថៃ​វិញ​ បន្ទាប់​ពី​មក​ជួប​ស្រ្តី​ និង​កុមារ​នៅ​មណ្ឌល​ឃុំឃាំង​ដោយ​ឡែក​មួយ​ នា​ថ្ងៃ​ទី​២៦​ ខែ​មីនា​ ឆ្នាំ​២០១៤។ តុលាការ​ថៃ​សម្រេច​ថា​ ជន​​​ជាប់​សង្ស័យ​អ៊ុយហ្គរ​ត្រូវ​ស្ថិត​នៅ​ក្នុង​ការ​ឃុំឃាំង​​សិន។

តុលាការ​នៅប្រទេសថៃបាន​ចេញ​សេចក្តី​សម្រេច​ថា​ គ្រួសារ​មួយ​ដែល​មាន​សមាជិក​១៧នាក់​ ដែល​ជាប់​ការ​សង្ស័យ​ថា​ជា​ជន​មូស្លីមអ៊ុយហ្គ័រ​ ​(Uighur)​ ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​ឃុំឃាំង​បណ្តោះ​អាសន្ន​ ​រហូត​ដល់​ពេល​សញ្ជាតិ​របស់​ពួកគេ​ត្រូវ​បាន​បញ្ជាក់​។ រឿងក្តី​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​ប្រឈម​គ្នារវាង​ប្រទេស​តួកគី​ និង​ចិន​ ខណៈដែល​ប្រទេសថៃ​ហាក់ដូច​ជា​ស្ទាក់ស្ទើរ​នឹង​ការធ្វើ​សេចក្តី​សម្រេចចិត្ត​មួយ​ដែល​អាច​នឹង​ធ្វើឲ្យ​ប្រទេស​ណាមួយ​នៅ​ក្នុង​ចំណោម​ប្រទេស​ទាំងពីរ​ខាង​លើ​ច្រាល​កំហឹង។

តុលាការ​នៅប្រទេសថៃ​បាន​បដិសេធ​ទឡ្ហីករណ៍​គ្រួសារ​ជនភៀស​ខ្លួន​ដែលថា​ ការ​ឃុំខ្លួន​ដោយ​មិន​មាន​ពេលវេលា​ជាក់លាក់​ក្នុង​រាជាណាចក្រ​ថៃ ​គឺ​ខុសច្បាប់។

តុលាការ​បានបន្ត​ថា​ អាជ្ញាធរ​ប្រទេសថៃ​ត្រូវតែ​បន្តឃុំខ្លួន​ពួកគេ​រហូត​ដល់​អាជ្ញាធរ​ទទួល​បាន​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ដែល​ផ្ញើមក​ទាំង​ពី​ប្រទេសចិន​ និង​តួកគី។

មេធាវី​របស់​គ្រួសារ​នោះ​ លោក​ Worasit Piriyawiboon ​បាន​ថ្លែង​ថា​ សមាជិក​ទាំង១៧នាក់មាន​សាច់ញាតិ​ និង​ផ្ទះ​មួយ​ខ្នង​នៅប្រទេស​តួកគី​ ហើយ​សញ្ជាតិ​របស់​ពួកគេ​គួរតែ​មិនមែនជា​ប្រធានបទ​ជម្លោះ​ត​ទៅ​ទៀត​ទេ​។

មេធាវី​រូប​នោះ​បាន​បន្តទៀតថា​ ពួកគេ​មានលិខិត​ឆ្លងដែន​ពី​ក្រសួង​មហាផ្ទៃ​របស់​ប្រទេស​តួកគី​ ដែល​ធ្វើឲ្យ​ពួកគេ​ជា​«ប្រជាពលរដ្ឋ​ផ្លូវការ​នៃប្រទេស​តួកគី​»។

ប៉ុន្តែ​រដ្ឋាភិបាល​ចិន​បានអះអាងថា​ ជនភៀសខ្លួន​ទាំងនោះ​ គឺ​មកពី​តំបន់​ Xinjiang ​នៃប្រទេស​ចិន​ ហើយ​ត្រូវតែ​បញ្ជូនត្រលប់​ទៅ​មាតុប្រទេស​វិញ។

អ្នកនាំពាក្យ​នៃ​ក្រសួង​ការបរទេស​របស់ប្រទេស​ថៃ​ លោក​ Sek Wannamethee ​បាន​ប្រាប់​វីអូអេ​ថា​ រដ្ឋាភិបាល​នឹង​គោរព​តាម​សេចក្តីសម្រេច​របស់​តុលាការ​ក្នុងការ​ឃុំខ្លួន​ពួកគេ​បណ្តោះ​អាសន្ន។

«ពួកគេ​ត្រូវតែ​ស្នាក់នៅ​ប្រទេសថៃ​ដើម្បី​បញ្ជាក់​សញ្ជាតិ។ ដូចនេះ​ គ្មានអ្វី​ត្រូវបាន​កែប្រែ​ទេ»។

សមាជិក​១៥នាក់​នៃ​គ្រួសារ​ Teklimankan ​ត្រូវបាន​ឃាត់ខ្លួន​ដោយ​ប៉ូលិស​មួយឆ្នាំមុន​ បន្ទាប់​ពី​បាន​ធ្វើ​អន្តោប្រវេសន៍​ខុសច្បាប់​ពីប្រទេសកម្ពុជា​ទៅប្រទេសថៃ​។ ចាប់​ពីពេល​នោះ​មកទល់​បច្ចុប្បន្ន​ ក្រុម​គ្រួសារ​នោះបាន​បង្កើតកូន​២នាក់​ហើយ​។

មេធាវី​នៃ​គ្រួសារ​នោះ​ និយាយថា​ក្រុមគ្រួសារ Uighurs​ត្រូវតែ​ចំណាយ​ថ្លៃ​រស់នៅ​ក្នុង​មណ្ឌល​ឃុំឃាំង​ ក៏ដូចជា​ម្ហូបអាហារ​ ទឹក​ និង​ឱសថ​ ក្នុងករណី​ចាំបាច់​។

នាយករង​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស (Human Rights Watch) ​ប្រចាំទ្វីប​អាស៊ី​ លោក​ Phil Robertson​បាន​និយាយថា​ សេចក្តី​សម្រេច​របស់​តុលាការ​ប្រទេសថៃ​ ដែល​មិនដោះលែង​ពួកគេ​ទៅ​អាជ្ញាធរ​ប្រទេសតួកគី​ គឺ​«គួរឲ្យ​ព្រួយ​បារម្ភ​ជាខ្លាំង»​។

«យើង​កំពុង​និយាយ​អំពី​ក្មេងតូចៗ​។ យើង​កំពុង​និយាយ​អំពី​ទារក​ ដែល​ត្រូវបាន​ថ្កោលទោស​ឲ្យ​ស្នាក់នៅ​មណ្ឌល​ឃុំឃាំង​ជន​អន្តោប្រវេសន៍​ ដែល​ណែនណាន់​តាន់តាប់​ និង​គ្មានអនាម័យ​ ដោយ​មិនមាន​ពេលវេលា​ច្បាស់លាស់​។ នេះគឺ​ពីព្រោះ​រដ្ឋាភិបាល​ប្រទេសថៃ​មិនចង់​ជឿជាក់លើ​រដ្ឋាភិបាល​ប្រទេស​តួកគី​ ដែល​និយាយថា​មនុស្សទាំងនេះ​ជា​ប្រជាពលរដ្ឋ​តួកគី»។

លោក​ Robertson ​ដែល​ឆ្លងឆ្លើយ​មក​វីអូអេ​ពី​ទីក្រុង​ប៊ែឡាំង​ បាន​កត់​សម្គាល់​ថា​សេចក្តីសម្រេច​របស់​រដ្ឋាភិបាល​ប្រទេសថៃ​ក្នុង​ករណី​ដែលទទួល​ការ​តាមដាន​យ៉ាង​ជិតដិត​នេះ​ មាន​ផល​ប៉ះពាល់​ទៅ​ដល់​ជន​រង​ការ​ឃុំឃាំង​កាន់​តែ​ច្រើន​ជាង​នេះ​ទៅ​ទៀត​ មិន​ត្រឹម​តែ​គ្រួសារ​តែ​មួយ​នេះ​ទេ​។

«នៅពេលនេះ​ មាន​មនុស្ស​ប្រមាណ​ជាង​៣០០​នាក់​ ដែល​ស្ថិត​ក្នុង​ស្ថានភាព​ជាប់គាំង​បែបនេះ​ ដែល​បាន​បង្អាក​កិច្ចប្រឹងប្រែង​វិល​ត្រលប់​ទៅ​ប្រទេស​តួក​គី​វិញ​នៃក្រុម​មនុស្ស​ ដែលបាន​អះអាងថា​ខ្លួន​ជាប្រជាពលរដ្ឋ​តួកគី​ ក៏​ដូច​ជា​ក្រុមមនុស្ស​ដែល​ទទួល​បាន​ការ​ធ្វើ​បទ​សម្ភាសន៍​ និង​វាយ​តម្លៃ​ដោយរដ្ឋាភិបាល​តួកគី។ ម្យ៉ាង​វិញ​ទៀត​ រដ្ឋាភិបាល​តួកគី​បាន​និយាយថា​ «ពិតណាស់​ ពួកគេ​ជា​ប្រជាពលរដ្ឋ​យើង​ ហើយ​យើង​ចង់​ឲ្យ​ពួកគេ​ត្រលប់ទៅវិញ»។

ដោយ​រង​សម្ពាធ​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ប្រទេស​នៅ​អាស៊ី​មួយចំនួន​ដែលរួម​មានកម្ពុជា​ ​ម៉ាឡេស៊ី​ បាគីស្ថាន​ និង​ថៃ​ បាន​បញ្ជូន​ជនភៀស​ខ្លួន​ Uighurs​ទៅ​ប្រទេស​ចិន។

តាម​ការប៉ានប្រមាណ​ នៅមាន​ Uighurs ​ប្រហែល​១០លាន​នាក់​ទៀត​កំពុង​រស់នៅ​ខេត្ត​ Xinjiang​។ ជន​កុលសម្ព័ន្ធ​ភាគតិច​ដែល​និយាយ​ភាសា​ Turkic​ មិនទាន់​ទទួល​យក​ច្បាប់​ចាត់​ឡើង​ដោយ​រដ្ឋាភិបាល​ចិន​នៅ​ឡើយ​ទេ​ ដែល​ត្រូវបាន​ចោទ​ប្រកាន់ពី​ការ​គាបសង្កត់​វប្បធម៌​ និង​សាសនា​របស់​ជនកុលសម្ព័ន្ធ Uighurs ៕

ប្រែសម្រួលដោយ វិញ​ សុជាតា