សាលាឧទ្ធរណ៍នៅព្រឹកថ្ងៃព្រហស្បតិ៍នេះបានសម្រេចទាត់ចោលបណ្តឹងរបស់លោក មាជ សុវណ្ណារ៉ា មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និងសកម្មជនគណបក្សនេះ១០នាក់ផ្សេងទៀត ដែលប្តឹងទាស់ការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ កាត់ទោសឲ្យពួកគេជាប់ពន្ធនាគារម្នាក់ៗពី៧ទៅ២០ឆ្នាំ។ នេះបើតាមការបញ្ជាក់របស់មន្រ្តីជាន់ខ្ពស់សាលាឧទ្ធរណ៍។
លោក ទូច ថារិទ្ធ អ្នកនាំពាក្យសាលាឧទ្ធរណ៍ប្រាប់ VOA នារសៀលថ្ងៃព្រហស្បតិ៍នេះថា លោកប្លង់ សំណាង ប្រធានក្រុមប្រឹក្សាអង្គជំនុំជម្រះសាលាឧទ្ធរណ៍ បានសម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញទុកជាបានការ ដោយយោងមូលហេតុថា ការសម្រេចរបស់សាលាដំបូងមានភាពត្រឹមត្រូវតាមច្បាប់។ លោកបន្ថែមថា សវនាការនៅព្រឹកថ្ងៃព្រសហ្បតិ៍នេះ ជាសវនាការអសាធារណៈ មិនអនុញ្ញាតឲ្យសាធារណជន ឬអ្នកសារព័ត៌មានចូលស្តាប់នោះទេ។
លោកបញ្ជាក់ថា៖
«តុលាការសាលាឧទ្ធរណ៍ហ្នឹងគេតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញហ្នឹងទុកជាបានការដដែល។ ក្រោមមូលហេតុដោយសារតែបទល្មើសហ្នឹងមានហេតុផល និងមានការផ្តើមចោទរបស់ព្រះរាជអាជ្ញាហ្នឹងស្របតាមគោលការណ៍ច្បាប់អស់ហើយ។ អីចឹងសាលាឧទ្ធរណ៍យល់ឃើញថា ការសម្រេចរបស់តុលាការក្រុងភ្នំពេញហ្នឹងស្របតាមច្បាប់ អីចឹងគេតម្កល់សាលក្រមទុកជាបានការដដែល»។
លោក មាជ សុវណ្ណារ៉ា មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន២០ឆ្នាំពីបទដឹកនាំ និងចូលរួមក្នុងចលនាកុប្បកម្មទាក់ទងនឹងការប្រើហិង្សានៅទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី១៥កក្កដាឆ្នាំ២០១៤ ដែលបណ្ដាលឲ្យកងសន្តិសុខខណ្ឌ និងអ្នកតវ៉ាជិត៤០នាក់រងរបួស ក្នុងការប៉ះទង្គិចគ្នាជាមួយក្រុមបាតុករគាំទ្រគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការរំលាយកាលពីឆ្នាំមុន។ ចំណែកសកម្មជនគណបក្សសង្គ្រោះជាតិចំនួន៧នាក់ទៀតត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារក្នុងម្នាក់ៗចាប់ពី៥ឆ្នាំដល់៧ឆ្នាំពីបទចូលរួមធ្វើកុប្បកម្មពាក់ព័ន្ធនឹងអំពើហិង្សាដូចគ្នា។
ការសម្រេចរបស់សាលាឧទ្ធរណ៍ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពេលអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ដែលមានទីស្នាក់ការនៅសហរដ្ឋអាមេរិកនៅសប្ដាហ៍នេះ បានអំពាវនាវសារជាថ្មី ដោយទាមទារឲ្យអាជ្ញាធរកម្ពុជាទម្លាក់ចោលការធ្វើទុក្ខបុកម្នេញតាមប្រព័ន្ធតុលាការ លើក្រុមសមាជិកសកម្មជន និងតំណាងរាស្ត្រគណបក្សប្រឆាំង។ អង្គការដដែលក៏បានចាត់ទុកការចាប់ក្រុមសមាជិកគណបក្សប្រឆាំងទាំងនោះមកកាត់ទោសថា បានធ្វើឡើងដោយមានហេតុផលនយោបាយ និងជាយុទ្ធសាស្ត្ររបស់លោក ហ៊ុន សែន ក្នុងការធ្វើឲ្យក្រុមប្រឆាំងចាញ់ការបោះឆ្នោតខែកក្កដា ឆ្នាំ២០១៨ខាងមុខ។
លោក អំ សំអាត មន្រ្តីជាន់ខ្ពស់ផ្នែកអង្កេតរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ លើកឡើងថា លោកសោកស្តាយចំពោះការសម្រេចរបស់សាលាឧទ្ធរណ៍នាព្រឹកនេះ។ លោកបន្ថែមថា ជាការកត់សម្គាល់របស់លោក រៀងរាល់សំណុំរឿងរបស់មន្រ្តី ឬសកម្មជននយោបាយ និងសកម្មជនសិទ្ធិមនុស្សផ្សេងៗ តុលាការគ្រប់ជាន់ថ្នាក់តែងសម្រេចដូចៗគ្នា រហូតមានការដោះស្រាយតាមផ្លូវនយោបាយ។
លោកមានប្រសាសន៍ថា៖
«ទាក់ទងជាមួយនឹងសកម្មជនគណបក្សនយោបាយហ្នឹង ភាគច្រើនគេច្រើនតែដោះស្រាយគ្នាតាមរបៀបនយោបាយ។ ដូចយើងឃើញហើយ ករណីហ្នឹងដែរពីដំបូងឡើយយើងឃើញថា មានការចាប់ម្តងទៅហើយ ហើយមានការចចាផ្នែកនយោបាយ ឬក៏ស្ថានភាពនយោបាយមានការធូរស្រាលទៅ ក៏មានការដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្នអីអីចឹងទៅ»។
ទំព័រហ្វេសប៊ុក និងគេហទំព័ររបស់អង្គការការពារសិទ្ធិមនុស្សលីកាដូនៅថ្ងៃព្រហស្បតិ៍នេះ បញ្ជាក់ថា នីតិវិធីបណ្តឹងឧទ្ធរណ៍របស់អ្នកទាំង១១រូបបានអនុវត្តយ៉ាងយូរ ដែលត្រូវបានចាប់ផ្តើមតាំងពីឆ្នាំ២០១៦ ហើយត្រូវបានបញ្ចប់ក្នុងសវនាការរយៈពេល៣ថ្ងៃគឺពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨នេះ។
អង្គការលីកាដូបន្ថែមថា អំឡុងពេលសវនាការលាលាឧទ្ធរណ៍ ការផ្តល់សក្ខីកម្មដោយផ្ទាល់គឺត្រូវបានគេកំហិតយ៉ាងខ្លាំង។ ក្នុងនោះភាគីដើមបណ្តឹងមិនបានចំណាំថា ជនជាប់ចោទទាំងនោះជាអ្នកប្រព្រឹត្តអំពើហិង្សាលើរូបគាត់ ឬក៏អត់នោះទេ។ សេចក្តីថ្លែងហេតុរបស់សមាជិកសន្តិសុខខណ្ឌដូនពេញស្ទើរតែដូចគ្នាទាំងស្រុង ហើយសេចក្តីថ្លែងហេតុរបស់សមាជិកសន្តិសុខខណ្ឌដូនពេញដែលអវត្តមានចំនួន៤០នាក់ ត្រូវបានថតទុកនិងអានជំនួស ដែលនេះជាការរារាំងមិនឲ្យមាននីតិវិធីសួរដេញដោលពីសំណាក់មេធាវីជនជាប់ចោទ។ ចំណែកភស្តុតាងជាវីដេអូ ដែលត្រូវបានដាក់ជូនតុលាការ បានបង្ហាញថា ជនជាប់ចោទមួយចំនួនមានភាពសកម្មក្នុងការព្យាយាមរារាំងមិនឲ្យមានអំពើហិង្សាកើតឡើង៕