សាលា​ឧទ្ធរណ៍​បន្ត​ច្រាន​ចោល​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក កឹម សុខា​

រូបឯកសារ៖ លោក កឹម សុខា អំឡុងពេលចូលរួមសមាជវិសាមញ្ញគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២ ខែមិនា ឆ្នាំ២០១៧។ (អូន ឆេងប៉រ/VOA)

ក្រោយ​បញ្ចប់​សវនាការ​អសាធារណៈ​ ដោយ​មិន​​អនុញ្ញាត​ឲ្យ​អ្នក​សារ​ព័ត៌មាន​ ក៏​ដូចជា​ប្រជា​ពលរដ្ឋ​ទូទៅ​ចូល​ស្តាប់​ សាលា​ឧទ្ធរណ៍​សម្រេច​បន្ត​ឃុំ​ខ្លួន​លោក​ កឹម សុខា​​ក្នុង​ពន្ធនាគារ​​ដើម្បី​សាកសួរ​បន្ថែម។

ជាថ្មី​ម្តង​ទៀត​ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ ​សភា​ស៊ើប​សួរ​នៃ​សាលា​ឧទ្ធរណ៍បន្ត​ច្រាន​ចោល​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក​ ​កឹម សុខា​ ​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​រំលាយ​ ​ដោយ​សម្រេច​បន្ត​ឃុំ​ខ្លួន​លោក​ក្នុង​ពន្ធនាគារ​ដដែល។​ ​នេះ​បើ​តាម​ការ​បញ្ជា​ក់​របស់​មន្រ្តី​ជាន់​ខ្ពស់​សាលា​ឧទ្ធរណ៍។​

លោក​ ​ទូច ថារិទ្ធ​ ​អ្នក​នាំ​ពាក្យ​សាលា​ឧទ្ធរណ៍​ ​ប្រាប់​ ​VOA​ ​នា​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា ​ក្នុង​សវនាការ​អសាធារណៈ​លើ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក កឹម សុខា​ ចៅក្រម​សាលា​ឧទ្ធរណ៍​បាន​សម្រេច​តម្កល់​សាលក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ទុកជា​បាន​ការ​ ដោយ​បន្ត​ឃុំ​ខ្លួន​លោក​ ​កឹម សុខា​ ​ក្នុង​ពន្ធនាគារ​ជា​បន្តដើម្បីស៊ើប​សួរ។​

លោកបញ្ជាក់​ថា៖​

«មូលហេតុ​ដោយ​សារ​សាលា​ឧទ្ធរណ៍​យល់​ឃើញ​ថា​ ​អ្វីៗ​ដែល​សាលា​ដំបូង​រាជធានី​ភ្នំពេញបាន​សម្រេច​នោះ​មាន​លក្ខណៈត្រឹម​ត្រូវ​តាម​ផ្លូវ​ច្បាប់​ ​និង​គ្រប់​គ្រាន់​អស់​ហើយ​ ​ដូច​នេះ​បាន​ជា​សាលា​ឧទ្ធរណ៍​តម្កល់»។​

រហូត​មក​ដល់​ពេល​នេះ ​លោក កឹម សុខា ​ត្រូវ​បាន​ឃុំ​ខ្លួន​អស់​រយៈ​ពេលជាង​៩​ខែ ​ដោយ​មិន​ត្រូវ​បានអនុញ្ញាត​ឲ្យ​មាន​ការ​ចូល​សួរសុខ​ទុក្ខ ​ក្រៅពី​មេធាវី ​និង​ក្រុម​គ្រួសារ​របស់​លោក​នោះ​ទេ។

ក្រុម​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក​កឹម សុខា​បាន​ដាក់​បណ្ដឹង​តាម​ការស្នើ​របស់​លោក កឹម សុខា​ ទៅ​តុលា​ការ​គ្រប់​ជាន់​ថ្នាក់​ជា​បន្ត​បន្ទាប់ ​ដើម្បី​សុំ​ឲ្យ​លោក​បាន​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះ​អាសន្ន ​ដើម្បីព្យាបាល​ជំងឺ​ ដោយ​មាន​ភ្ជាប់​ជា​មួយ​វេជ្ជ​បញ្ជា​របស់​គ្រូ​ពេទ្យ​ពី​ប្រទេស​សឹង្ហបុរី ​ឲ្យ​លោក​កឹម សុខា​ទៅ​វះ​កាត់ ​និង​ព្យាបាល​ជំងឺ​ផង។​

ប៉ុន្តែ​តុលាការ​ទាំង​នោះ​បាន​ច្រាន​ចោល​សំណើ​របស់​ក្រុម​មេធាវី ​ដោយ​លើក​ហេតុ​ផល​ថា ​ការ​បន្ត​ឃុំ​ខ្លួន​លោក​កឹម សុខា​គឺ​ដើម្បីបង្ការ​កុំ​ឲ្យ​កើត​មាន​បទ​ល្មើស​ថ្មី ​និង​រក្សា​ជន​ត្រូវ​ចោទ​ទុក​ជូន​តុលាការ​ចាត់​ការ​តាម​នីតិ​វិធី។ ​ចំណែក​ការ​ព្យាបាល ​ តុលា​ការ​អះអាង​ថា ​ពន្ធនាគារ​ធ្វើ​តាម​លទ្ធភាព​ដែល​មាន ​និង​មិន​អាច​អនុញ្ញាត​ឲ្យ​លោក​កឹម សុខា​ចេញ​ទៅ​ព្យាបាល​ជំងឺ​នៅ​ក្រៅ​ប្រទេស​បាន​នោះ​ទេ។​

VOA ​មិន​អាច​ទាក់​ទង​សុំ​ការ​អធិប្បាយ​ពី​អ្នក​ស្រី ​ម៉េង សុភារី ​និង​លោក ​ចាន់ ចេន ​មេធាវី​ការពារ​ក្តី​ឲ្យ​លោក ​កឹម សុខា ​ដើម្បី​សាកសួរ​ពី​ដំណើរ​ការ​សវនាការ​នា​ព្រឹក​នេះ​បានទេ។​

លោក​ ​កឹម សុខា​ ត្រូវ​បាន​សមត្ថកិច្ច​សម្រុក​ចូល​ចាប់​ខ្លួន​ពី​ក្នុង​ផ្ទះ​ទាំង​កណ្ដាល​យប់​រំលង​អាធ្រាត្រ ​កាលពី​ដើម​ខែ​កញ្ញា​ ​ឆ្នាំ​២០១៧​ ​ដោយ​ចោទ​លោក​ពីបទ «ក្បត់​ជាតិ» ​និង​បញ្ជូនលោក​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង​ នៅ​ខេត្ត​ត្បូង​ឃ្មុំ​ ដែល​ជា​ខេត្ត​មាន​ព្រំប្រទល់​ជាប់​ប្រទេស​វៀត​ណាម។

ក្រោយ​ការ​ចាប់​ឃុំ​ខ្លួន​លោក​កឹម សុខា​ គេ​ឃើញ​ស្ថាប័ន​អន្តរជាតិធំៗ​ជា​ច្រើន​បាន​ប្រតិកម្ម​ និង​រិះគន់​រដ្ឋាភិបាល​កម្ពុជា​ជា​បន្ត​បន្ទាប់។​

កាលពី​ដើម​ខែ​ឧសភា​នេះ​ ​ក្រុម​ការ​ងារ​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​ដោះ​ស្រាយ​ការឃុំ​ខ្លួន​ដោយ​បំពាន ​និង​អង្គការ​សហ​ព័ន្ធ​អន្តរជាតិដើម្បីសិទ្ធិ​មនុស្ស​ បាន​ហៅ​ការ​ចាប់​ឃុំ​ខ្លួន​លោក​កឹម សុខា ​ថា​ ជា​ទង្វើ​ដែល​គួរ​ឲ្យ​អាម៉ាស់ ​និង​អមនុស្ស​ធម៌ ​ព្រម​ទាំង​បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ដោះលែង​លោក​ជាបន្ទាន់។​ ពួក​គេ​ថា ​ការ​ឃុំ​ខ្លួន​លោក​កឹម សុខា​គឺ​ជាការ​បំពាន​លើ​សេចក្ដី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិ​មនុស្ស ​និង​កិច្ច​ព្រម​ព្រៀង​អន្តរជាតិ។​

ក្រៅពី​ក្រុម​ការ​ងារ​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​ដោះ​ស្រាយ​ការ​ឃុំ​ខ្លួន​ដោយ​បំពាន ​និង​សហ​ព័ន្ធ​អន្តរជាតិដើម្បីសិទ្ធិ​មនុស្ស ​កន្លង​មក​ក៏​មាន​ស្ថាប័ន និង​អង្គការ​អន្តរជាតិធំៗ​ជា​ច្រើន​ទៀត ​រួម​មាន​សហគមន៍​អឺរ៉ុប ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ​(Human Rights Watch) ​ក្រុម​សមាជិក​សភា​អាស៊ានដើម្បីសិទ្ធិ​មនុស្ស ​ព្រម​ទាំង​ប្រទេស​កាន់លទ្ធិ​ប្រជា​ធិបតេយ្យ​ធំៗ​មួយ​ចំនួន​ទៀត​ក៏​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន ​ដោះលែង​លោក កឹម សុខា ​ជា​បន្ទាន់​ ដោយ​ឥត​លក្ខខណ្ឌ​ ដើម្បីធានា​ថា​ ​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នា​ពេល​ខាង​មុខ​ ប្រកប​ដោយ​សេរីភាព ​និង​យុត្តិធម៌​ពិត​ប្រាកដ។​

យ៉ាង​ណា​ក៏​ដោយ ​ក្រុម​មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​បាន​ច្រាន​ចោល​ការ​លើក​ឡើង​របស់​ស្ថាប័ន​អន្តរជាតិទាំង​នោះ ​និង​ថា​ រដ្ឋាភិបាល​កំពុង​អនុវត្តច្បាប់ ​ស្រប​តាមនីតិរដ្ឋ៕​