ចៅក្រមស៊ើបសួរនៃតុលាការខេត្តមណ្ឌលគិរី កាលពីថ្ងៃសៅរ៍សប្តាហ៍មុន បានសម្រេចឃុំខ្លួនមន្រ្តីយោធា និងនគរបាលព្រំដែនសរុបចំនួន៩នាក់ ក្រោមបទចោទសមគំនិតបើកដៃឲ្យមានការកាប់ឈើនាំទៅប្រទេសវៀតណាម។ នេះបើយោងតាមដីកាឃុំខ្លួនរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តមណ្ឌលគិរី លោក ឈឺន មករា ដែល VOA ទទួលបាន និងមន្រ្តីពាក់ព័ន្ធ។
ការឃុំខ្លួននេះ ធ្វើឡើងក្រោយក្រុមការងាររបស់គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានសហការជាមួយកម្លាំងពាក់ព័ន្ធចុះបង្រ្កាបបទល្មើសព្រៃឈើ នៅតាមបន្ទាត់ព្រំដែន(អូរហ៊ុច) ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា និងបានកសាងសំណុំរឿងនេះទៅតុលាការ។ នេះបើតាមព័ត៌មានដែលបង្ហោះនៅលើហ្វេសប៊ុករបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីថ្ងៃទី២៥ ខែមិថុនា។
បើតាមព័ត៌មាននោះ ពីដំបូងឡើយ កម្លាំងប្រតិបត្តិការបានឃាត់ខ្លួនជនសង្ស័យ៤នាក់«ដែលមានការសមគំនិត ឃុបឃិតគ្នាជាមួយជនជាតិវៀតណាម» ដើម្បីបើកផ្លូវឲ្យចូលមកកាប់ឈើក្នុងតំបន់អូរហ៊ុច ហើយដឹកជញ្ជូនទៅប្រទេសវៀតណាម។ កម្លាំង បានដកហូតវត្ថុតាងឈើមូល ប្រភេទស្រឡៅនិងសុក្រម ចំនួន២៥២កំណាត់ គ្រឿងចក្រនិងត្រាក់ទ័រ២គ្រឿង ម៉ូតូ២គ្រឿង និងរណារយន្ត១គ្រឿង។
បើតាមកងរាជអាវុធហត្ថ ជនសង្ស័យទាំង៤នាក់ រួមមានមេបញ្ជាការកងអនុសេនាធំការពារព្រំដែនលេខ២ មេបញ្ជាការរងកងអនុសេនាធំ ការពារព្រំដែនលេខ២ តំបន់អូរហ៊ុច មេបញ្ជាការកងអនុសេនាតូចការពារព្រំដែនលេខ២ ឈរជើងនៅ អូរហ៊ុច និងប៉ុស្តិ៍នគរបាលការពារព្រំដែនអូរហ៊ុច។
ប្រតិបត្តិការឃាត់ខ្លួននេះ ត្រូវបានធ្វើឡើងកាលពីសប្តាហ៍មុន ហើយតុលាការ ក៏បានបន្តការស៊ើបសង្កេត និងឃាត់ខ្លួនមនុស្សបន្ថែមទៀត។
លោក មាស ប្រុស អ្នកនាំពាក្យរបស់សាលាដំបូងខេត្តមណ្ឌលគិរី បានប្រាប់ VOA នៅថ្ងៃពុធនេះថាបុរស៩នាក់ ដែលជាមន្រ្តីយោធា និងនគរបាល ត្រូវបានបញ្ជូនទៅឃុំខ្លួនជាបណ្តោះអាសន្ន រង់ចាំការស៊ើបអង្កេតបន្តទៀត ខណៈជនជាតិវៀតណាម២នាក់ បានរត់គេចខ្លួនទៅប្រទេសវៀតណាមវិញ។ លោកបន្ថែមថានៅកន្លែងប្រព្រឹត្តបទល្មើសព្រៃឈើ កម្លាំងចម្រុះបានឃាត់ខ្លួនមនុស្ស៤នាក់ និងក្រោយមកឃាត់ខ្លួនមនុស្ស៥នាក់ទៀត ក្នុងពេលបើកការស៊ើបអង្កេត។
អ្នកនាំពាក្យរបស់សាលាដំបូងខេត្តមណ្ឌលគិរីរូបនេះបានបញ្ជាក់ថា តុលាការកំពុងស៊ើបអង្កេតរឿងនេះបន្តទៀត។
បើតាមដីកាចំនួន៩ ចុះថ្ងៃទី២៦ ខែមិថុនា ដូចគ្នា មន្រ្តីយោធា និងនគរបាលចំនួន៨នាក់ រងបទចោទចំនួន៣ដូចគ្នា រួមមានរួមគំនិតក្នុងអំពើនាំចេញផល អនុផលព្រៃឈើដែលគ្មានអាជ្ញាបណ្ណ ការអន្តរាគមន៍ផ្តល់ការអនុញ្ញាតដោយផ្ទាល់ ឬដោយប្រយោលជួយដល់អាជីវកម្មព្រៃឈើ តាមច្បាប់ស្តីពីព្រៃឈើ ដែលអាចផ្តន្ទាទោសពី១ឆ្នាំទៅ៥ឆ្នាំ។ មួយបទចោទទៀតទាក់ទងនឹងការជួយសម្រួលឲ្យជនបរទេសចូលមកមកកម្ពុជា ដោយលបលាក់ តាមមាត្រា២៩នៃច្បាប់ស្តីពីអន្តោប្រវេសន៍។
អ្នកទាំង៨នោះមាន លោក លាង ភារ័ត្ន វរៈសេនាតូចការពារព្រំដែនគោកលេខ៦២១ លោក ផន សុផល ជាយោធា លោក វ៉ាន់ ចន្ធារី មន្រ្តីយោធា លោក អ៊ុក ណាខៃ មន្រ្តីយោធា លោក អ៊ាង ចាន់ឌី មន្រ្តីយោធា លោក ឡឹក ញែក មន្រ្តីយោធា លោក ព្រំ វណ្ណៈ មន្រ្តីនគរបាល និងលោក ផាត សុខឡេង ជាមន្រ្តីនគរបាល។ ចំណែកលោក ឌួង ចាន់វីរៈ ជាមន្រ្តីយោធា ត្រូវបានចោទប្រកាន់តែមួយបទល្មើសប៉ុណ្ណោះ គឺរារាំងការអនុវត្តន៍ច្បាប់ និងមានស្ថានទម្ងន់ទោស តាមក្រមព្រហ្មទណ្ឌ ដែលអាចត្រូវផ្តន្ទាទោសពី២ឆ្នាំ ទៅ៥ឆ្នាំ។ នេះបើតាមដីការបស់តុលាការ។
អភិបាលរងខេត្តមណ្ឌលគិរី លោក ជាក់ ម៉េងហ៊ាង ថ្លែងថាមនុស្ស៩នាក់ដែលត្រូវចាប់ខ្លួននោះ ជាអ្នកចូលរួមកាប់ឈើតាមព្រំដែន។
លោកប្រាប់ VOA ថា៖ «អញ្ចឹងអ្នកដែលប្រព្រឹត្តត្រូវតែមានទោស»។
លោក សាន់ ម៉ាឡា មន្រ្តីតស៊ូមតិនៃគម្រោងការពារព្រៃឈើនៃសមាគមបណ្តាញយុវជនកម្ពុជា (CYN) ថ្លែងថា អាជ្ញាធរត្រូវមានវិធានការបន្ថែមទៅលើអ្នកផ្សេងទៀត ដែលលោកថា បានបើកដៃឲ្យមានការកាប់បំផ្លាញព្រៃឈើនៅតាមព្រំដែន ដើម្បីជាព្រមានដល់មន្រ្តីផ្សេងទៀត។ លោកបន្តថា អ្នកដែលមានសមត្ថភាពក្នុងការអនុញ្ញាតឲ្យមានការកាប់ឈើ និងដឹកឈើទៅក្រៅប្រទេស មិនមែនជាប្រជាពលរដ្ឋសាមញ្ញនោះទេ គឺពួកគេជាឈ្មួញធំៗ និងអាជ្ញាធរពាក់ព័ន្ធ។
លោកប្រាប់ VOA នៅថ្ងៃពុធនេះថា៖ «ដូច្នេះខ្ញុំលើកទឹកចិត្តឲ្យតុលាការព្យាយាមស៊ើបអង្កេតបន្ថែមទៀតរកអ្នកដែលពាក់ព័ន្ធ។ មែនទែនទៅ មានមនុស្សច្រើនណាស់ដែលបានឃុបឃិតគ្នាកាប់បំផ្លាញព្រៃឈើយើង មិនមែនមានតែមន្រ្តីយោធាតែ៩នាក់ហ្នឹងទេ»។
លោក សាន់ ម៉ាឡា បន្ថែមថា ឈើរបស់កម្ពុជានៅតែត្រូវបានបន្តនាំចេញទៅក្រៅប្រទេស ដូចកាលពីខែឧសភា ឆ្នាំ២០២១នេះ មានសេចក្តីរាយការណ៍ពីរដ្ឋបាលក្រុងហុងកុងថា មានការនាំចូលឈើរបស់កម្ពុជា ប្រមាណ២០០តោន។
លោកបន្ថែមថា៖ «យើងឃើញថាបទល្មើសនៃការនាំចេញឈើនេះនៅតែបន្តកើតមាន ជាពិសេសតាមរយៈក្រុមហ៊ុនដែលទទួលបានដីសម្បទានសេដ្ឋកិច្ច ជុំវិញតំបន់ព្រៃឡង់»។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាអ្នកនាំពាក្យគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ លោក អេង ហ៊ី ប្រាប់ VOA ថាគណៈកម្មការមាន«ការប្តេជ្ញាខ្ពស់»ក្នុងការទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រៃឈើ ចាប់តាំងពីឆ្នាំ២០១៦ ដោយបានបង្រ្កាបបទល្មើសឈើទ្រង់ទ្រាយធំៗជាច្រើន។
លោកបន្ថែមថា៖ «អ្វីដែលជាការលើកឡើងរបស់គាត់ អាហ្នឹងជាសិទ្ធិរបស់គាត់។ តែបើសិនជាមានបទល្មើសក្នុងការនាំចេញទៅក្រៅប្រទេស ក៏ដូចជាការដឹកជញ្ជូនរក្សាទុកនៅក្នុងប្រទេសដែលខុសច្បាប់ដែលមិនមានលិខិតអនុញ្ញាតត្រឹមត្រូវពីរដ្ឋបាលព្រៃឈើ គឺមានការបង្រ្កាបជាបន្តបន្ទាប់ហើយ»។
លោក បូរ៉េត កាំពី មន្រ្តីសមាគមអាដហុកប្រចាំខេត្តមណ្ឌលគិរី ប្រាប់ VOA ថា លោកមានការព្រួយបារម្ភថាការកាប់បំផ្លាញព្រៃឈើនៅបន្តមានក្នុងខេត្តមណ្ឌលគិរី ដោយមានការនាំឈើចេញទៅប្រទេសវៀតណាម។ លោកបារម្ភអំពី«ភាពហិនហោច»ព្រៃឈើនៅក្នុងខេត្តមួយនេះ ក្នុងពេលអនាគត ខណៈការកាប់ដឹកឈើដឹកតាមម៉ូតូ និងរថយន្ត នាពេលយប់ លក់ឲ្យទៅឈ្មួញវៀតណាម ក៏បន្តកើតមានផងដែរ។
លោកថ្លែងថា៖ «វាមិនយូរទេ វាអាចនឹងរលាយហិនហោចឆាប់ៗ បើសិនជាអត់មានវិធានការទប់ស្កាត់ទាន់ពេលវេលា»។
VOA មិនអាចសុំការឆ្លើយតបពីលោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននៅឡើយទេ។ VOA ក៏មិនទាន់អាចសុំការឆ្លើយតបពីលោក សុង ឃាង ប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរីបានដែរ។
លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ថ្លែងថាការបង្រ្កាបជនល្មើសក្នុងខេត្តមណ្ឌលគិរី គឺជាការអនុវត្តន៍ច្បាប់ប្រឆាំងបទល្មើសធនធានធម្មជាតិ ដោយមិនលើកលែងចំពោះអ្នកប្រព្រឹត្តល្មើសច្បាប់ឡើយ។
លោកប្រាប់ VOA ថា៖ «នេះជាការបង្ហាញពីប្រសិទ្ធភាពនៃការអនុវត្តន៍ច្បាប់ និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន និងអង្គភាពពាក់ព័ន្ធក្នុងកិច្ចការពារនិងអភិរក្សធនធានធម្មជាតិដោយឈរលើមូលដ្ឋានច្បាប់ ប្រកបដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈ។ ជនល្មើសត្រូវប្រឈមមុខច្បាប់»៕