គូប្រជែងនយោបាយដ៏ធំជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែនគឺលោក កឹម សុខាត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃព្រហស្បតិ៍នេះសម្រេចបន្តឃុំខ្លួនចំនួន៦ខែទៀតដើម្បីសាកសួរក្រោមបទចោទ «ក្បត់ជាតិ» បន្ទាប់ពីត្រូវបានឃុំខ្លួនអស់រយៈពេលជិតមួយឆ្នាំមកហើយ។
លោក គី ឫទ្ធី ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានបើកសវនាការនៅក្នុងពន្ធនាគារត្រពាំងផ្លុង នាខេត្តត្បូងឃ្មុំ ដើម្បីបន្តឃុំខ្លួនលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ខណៈដែលការឃុំខ្លួនរយៈពេល១ឆ្នាំជិតដល់ពេលកំណត់។ មានការរាយការណ៍ថាអំឡុងសវនាការនៅពន្ធនាគារត្រពាំងផ្លុងនាព្រឹកនេះ សមត្ថកិច្ចបានបិទផ្លូវជាច្រើនកន្លែង និងឆែកឆេរយ៉ាងតឹងរ៉ឹង ក្រោយទទួលបានបញ្ជាពីលោកនាយករដ្ឋមន្រ្តីហ៊ុន សែនឲ្យតាមឃ្លាំមើលអ្នកដែលមានបំណងទៅគាំទ្រលោកកឹម សុខា នៅខាងមុខពន្ធនាគារ។
លោក ផែង ហេង មេធាវីមួយរូបក្នុងចំណោម៤រូប ដែលបានចូលទៅក្នុងពន្ធនាគារការពារក្តីឲ្យលោកកឹម សុខា ប្រាប់ VOA នារសៀលថ្ងៃព្រហស្បតិ៍នេះថា បន្ទាប់ពីសវនាការក្នុងពន្ធនាគារអស់រយៈពេលជិត៣ម៉ោង ចៅក្រមបានសម្រេចបន្តឃុំខ្លួនលោកកឹម សុខាក្នុងពន្ធនាគាររយៈពេល៦ខែទៀត ដើម្បីសាកសួរ។ លោកបន្ថែមថា មេធាវីមានការសោកស្តាយចំពោះការសម្រេចនេះ ដោយថា ការស៊ើបសួរអស់ជិតមួយឆ្នាំទៅហើយនោះ មានរយៈពេលវែង និងថា កូនក្តីរបស់លោកត្រូវស្ថិតនៅក្រៅឃុំដើម្បីព្យាបាលជំងឺជាច្រើនមុខ។
លោកមានប្រសាសន៍ថា៖
«ការឃុំខ្លួនបណ្តោះអាសន្នរយៈពេលអស់១២ខែមកហើយ ហើយចៅក្រមបានសួរ ស៊ើបអង្កេតរឿងក្តីនេះទាំងសាក្សី ទាំងកូនក្តីរបស់យើងខ្ញុំ ល្មមនឹងបញ្ចប់ការឃុំខ្លួនបណ្តោះអាសន្នហើយ។ យើងក៏បានលើកទឡ្ហីករណ៍ [ការអះអាង]សំអាងហេតុជូនតុលាការដែរ ដើម្បីឲ្យបាននៅក្រៅឃុំ ប៉ុន្តែទីបំផុតយើងទទួលបានលទ្ធផលមិនគួរឲ្យគាប់ចិត្ត។ យើងសម្តែងការសោកស្តាយ»។
លោក ផែង ហេងបន្ថែមថា ក្រុមមេធាវីនឹងចូលជួបលោកកឹម សុខា នាពេលខាងមុខដើម្បីពិភាក្សាថា នឹងត្រូវធ្វើបែបណាបន្តទៀត។
VOA មិនអាចទាក់ទងសុំការអធិប្បាយពីលោកអ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ និងលោកសៀង សុខ ព្រះរាជអាជ្ញារងក្នុងសំណុំរឿងរបស់លោកកឹម សុខា បានទេ រហូតដល់ល្ងាចថ្ងៃព្រហស្បតិ៍នេះ។
គិតត្រឹមដើមសប្ដាហ៍ក្រោយ លោកកឹម សុខានឹងត្រូវបានឃុំខ្លួនអស់រយៈពេលមួយឆ្នាំគត់ បន្ទាប់ពីលោកត្រូវបានចាប់ខ្លួនចេញពីក្នុងផ្ទះទាំងមានអភ័យឯកសិទ្ធិ នៅពេលសមត្ថកិច្ចសម្រុកចូលទាំងកណ្ដាលរាត្រី នៅបីខែ ក្រោយពីគណបក្សសង្គ្រោះជាតិរបស់លោកដណ្ដើមបានការគាំទ្រប្រហាក់ប្រហែលនឹងគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតនៅថ្នាក់មូលដ្ឋាន កាលពីឆ្នាំ២០១៧។
លោកកឹម សុខាត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីយប់កណ្តាលអាធ្រាត្រឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ដោយចោទលោកថា បានឃុបឃិតជាមួយបរទេស រៀបចំគម្រោងផ្តួលរំលំរដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តីហ៊ុន សែន។ លោកត្រូវបានតុលាការបញ្ជូនទៅឃុំក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ក្រោមការចោទប្រកាន់ពីបទសន្ទិដ្ឋិភាពជាមួយបរទេស តាមមាត្រា៤៤៣នៃក្រមព្រហ្មទណ្ឌ។
ទាំងលោកកឹម សុខា ទាំងគណបក្សសង្គ្រោះជាតិ និងទាំងសហរដ្ឋអាមេរិក សុទ្ធតែបានបដិសេធបទចោទទាំងនោះថា ជារឿងមិនពិត។ ជាមួយនឹងការគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងទណ្ឌកម្មបុគ្គលផង បណ្ដារដ្ឋាភិបាលលោកខាងលិចក៏បានថ្កោលទោសសកម្មភាពបង្ក្រាបនេះផងដែរ ដោយពួកគេ និងអ្នកឃ្លាំមើលផ្សេងទៀតថា ចាត់ទុកថា វាជាវិធីផាត់ចេញនូវគូប្រជែងផ្នែកនយោបាយនៅមុនការបោះឆ្នោតឈានចូលមកដល់។
កន្លងមក ក្រុមមេធាវីការពារក្តីឲ្យលោកកឹម សុខាបានប្តឹងទៅតុលាការគ្រប់ជាន់ថ្នាក់ដើម្បីសុំធ្វើមោឃភាពការចាប់ឃុំខ្លួនលោកកឹម សុខា ដោយអះអាងថា ការចាប់អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាមទាំងកណ្តាលយប់ និងមានអភ័យឯកសិទ្ធិសភាបែបនេះគឺជាអំពើខុសច្បាប់កំពូលរបស់កម្ពុជា។ មេធាវីទាំងនោះក៏បានប្តឹងសុំឲ្យលោកកឹម សុខាបាននៅក្រៅឃុំដើម្បីព្យាបាលជំងឺលើសឈាម ទឹកនោមផ្អែម និងវះកាត់ជំងឺឆ្អឹងត្បៀតសរសៃទៅតាមវេជ្ជបញ្ជារបស់គ្រូពេទ្យជំនាញ ប៉ុន្តែបណ្តឹងរបស់មេធាវីទាំងនោះត្រូវបរាជ័យជាច្រើនដង។
លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ដែលកាន់អំណាចជាង៣០ឆ្នាំមកហើយនោះ បានប្រកាសយ៉ាងដាច់អហង្ការជាច្រើនដងថា លោកកឹម សុខានឹងមិនត្រូវបានដោះលែងឲ្យនៅក្រៅឃុំនោះទេ។
ការប្រកាសនេះធ្វើឡើងខណៈមានការរំពឹងថា លោកកឹម សុខាអាចនឹងត្រូវបានដោះលែងឲ្យនៅក្រៅឃុំនាថ្ងៃទី៣០ខែនេះ បន្ទាប់ពីអ្នកជាប់ឃុំដែលត្រូវបានគេហៅថាជា«ចំណាប់ខ្មាំងនយោបាយ»ជាច្រើនរូប ត្រូវបានដោះលែង និងលើកលែងទោសជាបន្តបន្ទាប់។
លោក ស៊ឹង សែនករុណា មន្រ្តីអង្កេតនៃសមាគមការពារសិទ្ធិមនុស្សលើកឡើងថា ការបន្តឃុំខ្លួនលោកកឹម សុខាជាបន្តបន្ទាប់ដើម្បីស៊ើបសួរ ដោយមិនអនុញ្ញាតឲ្យលោកទទួលបានការព្យាបាលជំងឺគឺជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ លោកបន្ថែមថា តាមច្បាប់ ជម្រើសដំបូងដែលត្រូវអនុវត្តសម្រាប់ជនសង្ស័យគឺត្រូវអនុញ្ញាតឲ្យជននោះស្ថិតនៅក្រៅឃុំដើម្បីស៊ើបអង្កេត មិនមែនឃុំខ្លួនអស់រយៈពេលយ៉ាងយូរនោះទេ។
លោកបញ្ជាក់ថា៖
«បើការឃុំខ្លួនទាំងឡាយណាដែលចេះតែឃុំខ្លួនទៅតាមអំពើចិត្ត ទោះបីដឹងថា បុគ្គលរូបនោះគាត់អាចបំពេញតាមកាតព្វកិច្ច និងអនុវត្តទៅតាមច្បាប់ដែលមានចែង ហើយដែលសម្របសម្រួលខ្លួន ឬក៏សហការជាមួយសមត្ថកិច្ចដើម្បីបន្តនីតិវិធីក្នុងការអនុវត្តច្បាប់ហ្នឹង អាហ្នឹងវាជារឿងមួយដែលរំលោភទៅលើសិទ្ធិធ្ងន់ធ្ងររបស់មនុសុ្សណាស់បាទ ពីព្រោះថា យើងដឹងហើយ គោលការណ៍ឃុំខ្លួននេះមិនមែនជាលក្ខខណ្ឌតម្រូវចាំបាច់ចេះតែឃុំខ្លួនមនុស្សនោះទេ»។
ក្រោយការចាប់ឃុំខ្លួនលោកកឹម សុខា គេឃើញស្ថាប័នអន្តរជាតិធំៗជាច្រើនបានប្រតិកម្ម និងរិះគន់រដ្ឋាភិបាលកម្ពុជាជាបន្តបន្ទាប់។ កាលពីដើមខែឧសភា ក្រុមការងារអង្គការសហប្រជាជាតិទទួលបន្ទុកដោះស្រាយការឃុំខ្លួនដោយបំពាន និងអង្គការសហព័ន្ធអន្តរជាតិដើម្បីសិទ្ធិមនុស្ស បានហៅការចាប់ឃុំខ្លួនលោកកឹម សុខាថា ជាទង្វើដែលគួរឲ្យអាម៉ាស់ និងអមនុស្សធម៌ ព្រមទាំងបានទាមទារឲ្យអាជ្ញាធរកម្ពុជាដោះលែងលោកជាបន្ទាន់។
ចំណែកស្ថាប័ន និងអង្គការអន្តរជាតិធំៗជាច្រើនទៀត រួមមានសហគមន៍អឺរ៉ុប អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស ព្រមទាំងប្រទេសកាន់លទ្ធិប្រជាធិបតេយ្យធំៗមួយចំនួនទៀតក៏បានអំពាវនាវឲ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោះលែងលោកកឹម សុខាជាបន្ទាន់ ដោយឥតលក្ខខណ្ឌផងដែរ។
ប៉ុន្តែមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាអះអាងថា ការចាប់លោកកឹម សុខាឃុំក្នុងពន្ធនាគារគឺធ្វើឡើងទៅតាមច្បាប់ ស្របតាមលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕