ក្រុមមេធាវី និងក្រុមផ្សេងៗទៀតដែលពាក់ព័ន្ធនៅក្នុងការប្ដឹងផ្ដល់ដែលមានគោលបំណងរារាំងដល់បទបញ្ជារបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ក្នុងការកំណត់ចំនួនអ្នកធ្វើដំណើរ និងជនភៀសខ្លួនចូលមកក្នុងទឹកដីសហរដ្ឋអាមេរិក បាននិយាយថា ពួកគេកំពុងតាមដានសវនាការរបស់តុលាការសហព័ន្ធដែលនឹងធ្វើឡើងនៅថ្ងៃពុធនេះ នៅក្នុងរដ្ឋ Maryland រដ្ឋ Hawaii និងរដ្ឋ Washington ទាក់ទិននឹងការសម្រេចណាមួយ ដែលអាចប៉ះពាល់ដល់ការអនុវត្តនូវបទបញ្ជាធ្វើដំណើរនេះនៅថ្ងៃព្រហស្បតិ៍ស្អែក។
ចៅក្រមតុលាការសហព័ន្ធជាន់ខ្ពស់ កាលពីខែមុនបានគាំទ្រការសម្រេចរបស់រដ្ឋវ៉ាស៊ីនតោន ដែលសម្រេចផ្អាកបទបញ្ជាធ្វើដំណើរកាលពីលើកមុនរបស់លោក Trump ដែលបានប្រកាសឲ្យប្រើកាលពីថ្ងៃទី ២៧ ខែមករា កន្លងទៅនេះ គឺក្នុងរយៈពេលមួយសប្ដាហ៍តែប៉ុណ្ណោះ បន្ទាប់ពីលោក Trump ស្បថចូលកាន់តំណែងជាប្រធានាធិបតី។ ច្បាប់ថ្មីនៃបទបញ្ជាធ្វើដំណើរ ដែលមានការកែប្រែមួយចំនួន មានគោលបំណងធ្វើយ៉ាងណាឲ្យរួចផុតពីការប្ដឹងផ្ដល់ និងការតវ៉ានានាពាក់ព័ន្ធនឹងបទបញ្ជាធ្វើដំណើរនេះកាលពីលើកមុន។
បទបញ្ជាប្រធានាធិបតីពាក់ព័ន្ធនឹងការធ្វើដំណើរ ដែលបានចុះហត្ថលេខាឲ្យអនុវត្តកាលពីថ្ងៃទី ៦ ខែមិនា កន្លងមកនេះ មានគោលបំណងមិនផ្ដល់ទិដ្ឋាការដល់ជនជាតិមកពីប្រទេសអ៊ីរ៉ង់ លីប៊ី សូម៉ាលី ស៊ូដង់ ស៊ីរី និងយេមេន ក្នុងរយៈពេល ៩០ ថ្ងៃ និងរារាំងដល់ការផ្ដល់សិទ្ធិចូលក្នុងទឹកដីសហរដ្ឋអាមេរិកដល់ជនភៀសខ្លួននានា ក្នុងរយៈពេល ១២០ ថ្ងៃ ដែលនឹងចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃពី ១៦ ខែមីនា ស្អែកនេះ។ រដ្ឋាភិបាលសហរដ្ឋអាមេរិកអះអាងថា ពួកគេធ្វើយ៉ាងនេះ ដោយសារមានការព្រួយបារម្ភចំពោះ «បញ្ហាសន្តិសុខជាតិ»។
អ្នកដែលជំទាស់ទៅនឹងបទបញ្ជា ដែលនឹងប៉ះពាល់ដល់ប្រទេសមានប្រជាជនភាគច្រើនលើសលុបកាន់សាសនាឥស្លាមទាំង ៦ ប្រទេសខាងលើ និងប៉ះពាល់ដល់ជនភៀសខ្លួនដែលរង់ចាំការតាំងទីលំនៅថ្មីនៅក្នុងសហរដ្ឋអាមេរិក ដែលភាគច្រើនជាអ្នកកាន់សាសនាឥស្លាមនោះ នៅតែអះអាងថា បទបញ្ជាថ្មីនេះ គឺមានលក្ខណៈរើសអើងសាសនា និងផ្ទុយពីរដ្ឋធម្មនុញ្ញ ដូចនឹងបទបញ្ជាពីមុនដែរ។ ពួកគេគ្រោងនឹងបន្តវិធានការផ្លូវច្បាប់ដើម្បីប្រឆាំងនឹងគោលនយោបាយរបស់លោក Trump មួយនេះ៕