ប្រទេសជាច្រើននៅទូទាំងពិភពលោកចាត់វិធានការមោះមុតដើម្បីប្រយុទ្ធប្រឆាំងនឹងការរាលដាលនៃមេរោគវីរុសកូរ៉ូណាដែលបានឆ្លងដល់មនុស្ស៩ម៉ឺន៥ពាន់នាក់នៅក្នុងប្រទេសជាង៧៥នៅពេលដែលចំនួនករណីថ្មីៗចាប់ផ្តើមចុះថយនៅក្នុងប្រទេសចិន។
អង្គការសុខភាពពិភពលោកបាននិយាយថាមានករណីថ្មីៗនៃមេរោគ COVID-19 ជិត១៧ដងនៅខាងក្រៅប្រទេសចិនច្រើនជាងនៅខាងក្នុងព្រំដែនចិន។
កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសអូស្ត្រាលីបានចូលរួមជាមួយប្រទេសចិននិងប្រទេសអ៊ីរ៉ង់ហាមប្រាមការធ្វើដំណើរពីប្រទេសកូរ៉េខាងត្បូងដែលមានករណីជាង៦ពាន់ដែលជាចំនួនច្រើនបំផុតនៅខាងក្រៅប្រទេសចិន។
នៅក្រោយហាមប្រាមការធ្វើដំណើរពីប្រទេសចិន ប្រទេសឥណ្ឌូណេស៊ីបានប្រកាសអំពីការរឹតត្បិតលើពួកអ្នកដំណើរមកពីតំបន់ខ្លះនៃប្រទេសកូរ៉េខាងត្បូង ប្រទេសអ៊ីរ៉ង់ និង ប្រទេសអ៊ីតាលី។ ប្រទេសអ៊ីរ៉ង់និងប្រទេសអ៊ីតាលីជាកន្លែងមានអ្នកជំងឺនេះច្រើនជាងគេបន្ទាប់ពីប្រទេសចិននិងប្រទេសកូរ៉េខាងត្បូង។
ប្រទេសអ៊ីរ៉ង់ដែលមានករណីអ្នកមានជំងឺនេះជាង៣ពាន់៥រយនាក់បាននិយាយថាសាលារៀននិងសាកលវិទ្យាល័យនឹងនៅតែបិទទ្វាររហូតដល់ថ្ងៃទី២០ខែមីនា។ប្រទេសអ៊ីតាលីដែលបានរាយការណ៍ថាមានករណីអ្នកជំងឺនេះជាងបីពាន់នាក់បានបិទសាលារៀននិងសាកលវិទ្យាល័យរហូតដល់ថ្ងៃទី១៥ខែមិនាហើយបានហាមប្រាមមិនឱ្យមានពួកអ្នកទៅទស្សនាការប្រកួតកីឡាសម្រាប់ខែក្រោយ។
អ.ស.ប.បាននិយាយថារហូតមកដល់ពេលនេះមេរោគវីរុសនេះបានបង្អាក់ការសិក្សាអប់រំរបស់សិស្សានុសិស្សជិត៣រយលាននាក់នៅទូទាំងពិភពលោកពីមត្តេយ្យសាលារហូតដល់ថ្នាក់ទី១២។
កាលពីថ្ងៃព្រហស្បតិ៍ប្រទេសអេមីរ៉ាតអារ៉ាប់រួម បានណែនាំដល់ពលរដ្ឋនិងជនបរទេសដែលរស់នៅទីនោះកុំឱ្យធ្វើដំណើរទៅក្រៅប្រទេសនៅក្នុងពេលមានការរាលដាលមេរោគវីរុសកូរ៉ូណា៕