អាច​ទេ​ដែល​ថា​ចំណាយ​ពេល​ច្រើន​ប្រើ​ទូរស័ព្ទ​បណ្ដាល​ឲ្យ​ឡើង​ទម្ងន់?

  • Elizabeth Lee

រូបឯកសារ៖ បុរស​ម្នាក់​ដែល​មានបញ្ហា​លើស​ទម្ងន់ពាក់​អាវ​មាន​រូប​ទង់​ជាតិ​អាមេរិក មក​ទស្សនា​នៅ​អាគារ​ពាណិជ្ជកម្ម​ពិភពលោក ក្នុង​ទីក្រុង​ញូវយ៉ក។

ទំហំ​នៃ​ចង្កេះ​មនុស្ស​ប្រហែល​ជា​មាន​ការ​ជាប់​ទាក់​ទង​នឹង​ស្មាតហ្វូន ​ថេប្លែត​​ និង​កុំព្យូទ័រ​យួរ​ដៃ។ នេះ​បើ​តាម​ការ​ស្រាវ​ជ្រាវ​ថ្មី ​ដឹក​នាំ​ដោយ​សាកល​វិទ្យាល័យ​ Rice University ​នៅ​ក្នុង​ទី​ក្រុង​ Houston។

អ្នកវិទ្យាសាស្ត្រ​កត់​សម្គាល់​ថា​ និន្នាការ​នេះ​ទាក់​ទងនឹង​ការ​កើន​ឡើង​នៃ​ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​នៅ​ក្នុង​សង្គម។ ខណៈ​ពេល​ដែល​ឧបករណ៍​ឌីជីថល​កំពុងតែរីក​រាល​ដាល​ខ្លាំង​ឡើងៗ មនុស្ស​ម្នា​កាន់​តែ​ធាត់​ទៅៗ។​ ចំនួន​មនុស្ស​ធាត់​ហួស​ហេតុ​ទូទាំង​ពិភព​លោក​បាន​កើន​ឡើង​បី​ដង ​ចាប់​តាំង​ពី​ឆ្នាំ ១៩៧៥។​ នេះ​បើ​តាម​អង្គការ​សុខភាព​ពិភព​លោក។

ស្រប​ពេល​ដែល​ការ​ផ្លាស់​ប្ដូរ​ទម្លាប់​ទទួល​ទាន​របស់​មនុស្ស និង​សកម្ម​ភាព​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ រួម​ចំណែកបង្កើត​ឲ្យ​មាន​និន្នាការ​នេះ លោក ​Richard Lopez​ អ្នក​ស្រាវ​ជ្រាវ​កម្រិត​ថ្នាក់​ក្រោយ​ឧត្ដម​សិក្សា​មួយ​រូប​មក​ពី​សាកល​វិទ្យាល័យ​ Rice University ​ចោទ​ជា​សំណួរ​ថា​ តើ​ការ​ឡើង​ទម្ងន់ មាន​ការ​ជាប់​ទាក់​នឹង​ការ​ប្រើ​ប្រាស់​ឧបករណ៍​ឌីជីថលច្រើន​ឧបករណ៍ក្នុង​ពេល​តែ​មួយ​ដែរ​ឬ​ទេ។

លោក Lopez បាន​លើក​ឡើង​ថា៖ «នៅ​ពេលយើង​និយាយ​ពី​ការ​ធ្វើ​ការ​ច្រើន​មុខ​ក្នុង​ពេល​តែមួយ​នៅ​លើ​ឧបករណ៍​ឌីជីថល​នៅ​ទី​នេះ គឺ​មិន​មែន​និយាយ​ពី​ប្រសិទ្ធភាព​នៃ​ការ​ធ្វើ​ការ​ងារ​ច្រើន​មុខ​ ឧទាហរណ៍​អ្នក​កំពុងគ្រប់​គ្រង​រឿង​មួយ ហើយ​អ្នក​ធ្វើ​រឿង​មួយ​ទៀត ហើយ​ធ្វើ​បាន​ជោគជ័យ​ទាំងពីរ​រឿង​នោះ​ទេ។ វា​គឺ​សំដៅ​ទៅ​លើ​ការ​ជក់​ប្រើ​ឧបករណ៍​ទាំង​នោះ ដោយ​មិន​ដឹង​ខ្លួន ឧទាហរណ៍​ពេល​វេលា​ដើរ​យ៉ាង​លឿន​ដោយ​មិន​ដឹង​ខ្លួន​នៅ​ពេល ខ្ញុំ​កំពុង​មើល Instagram ឬ Twitter។ ​

លោក Lopez និង​អ្នក​ស្រាវជ្រាវ​ផ្សេងៗ​ទៀត​ មក​ពី​សាកល​វិទ្យាល័យ Dartmouth University និង Ohio State University បាន​ធ្វើ​ការ​សិក្សា​មួយ​ ដែល​មាន​ការ​ចូល​រួមដោយ​និស្សិត​ពេញ​វ័យ​ចំនួន ១៣២ នាក់​ ដែល​មាន​អាយុ​ចន្លោះ​ពី ១៨ ទៅ ២៣ឆ្នាំ​ ឆ្លើយ​សំណួរ​មួយ​ចំនួន​ដូច​ជា តើ​ញឹក​ញាប់​ប៉ុណ្ណា​ដែល​ពួក​គេ​ត្រូវ​បាន​រំខាន​ដោយ​សារ​ការ​បញ្ជូន​ក្នុង​ទូរស័ព្ទ។ អ្នក​ស្រាវជ្រាវ​ក៏​វាស់កម្រិត​ខ្លាញ់​ក្នុងខ្លួន​របស់​អ្នក​ចូល​រួម​ផង​ដែរ។​

លោក​ Lopez ដែល​ជា​អ្នក​បណ្ដុះ​បណ្ដាល​ផ្នែក​សរសៃ​ប្រសាទ និង​ចិត្ត​វិទ្យា បាន​និយាយបន្ថែម​ទៀត​ថា៖ «យើង​បាន​រក​ឃើញ​ថា​ អ្នក​ដែល​បាន​រាយ​ការណ៍​ថា​ បាន​ជក់​ចិត្ត​ប្រើ​ជាមួយ​ឧបករណ៍​ឌីជីថល​របស់​ពួក​គេ មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​មាន​ជំងឺ​ធាត់​ជ្រុល ដោយ​ផ្អែក​លើ​ការ​វាស់​សមាមាត្រ​រាង​កាយ និង​ភាគ​រយ​នៃ​ជាតិ​ខ្លាញ់​ក្នុង​រាង​កាយ ឬ​ BMI»។

បន្ទាប់មក​អ្នក​ចូលរួម​ចំនួន ៧២ នាក់​ឆ្លង​កាត់​ការ​ថត​ខួរ​ក្បាល ស្រប​ពេល​ដែល​ពួក​គេ​ត្រូវ​បាន​បង្ហាញ​រូប​ភាព​មិន​ពាក់​ព័ន្ធ​មួយ​ចំនួន រួម​ទាំង​រូប​ភាព​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់។ ការ​សិក្សា​បង្ហាញ​ថា​ នៅ​ពេល​ឃើញ​រូប​ភាព​ម្ហូប​អាហារ​ទាំង​នោះ រូបភាព​សកម្មភាព​ខួរ​ក្បាល​របស់​អ្នក​ដែល​ជក់ប្រើ​ឧបករណ៍​ឌីជីថល​ខ្លាំង មាន​ប្រតិកម្ម​ខុស​គេ។

លោក ​Lopez ​បន្ថែម​ថា៖ «យើង​រក​ឃើញ​ទំនាក់​ទំនង​មួយ ដែល​ថាអ្នក​ដែល​ជក់​នឹង​ឧបករណ៍​ឌីជីថល​ខ្លាំង​មាន​សកម្មភាព​ច្រើន​នៅ​ក្នុង​ប្រព័ន្ធ​ខួរ​ក្បាល​របស់​ពួក​គេ ដែល​បង្កើន​អាកប្បកិរិយាចង់​បរិភោគ និង​បន្ថយ​ការ​ធ្វើ​សកម្មភាព​នានាដែល​ជួយ​ដល់​ការ​គ្រប់​គ្រង​ខ្លួន​ឯង»។

លោក​បន្ត​ថា៖ «ខ្ញុំ​មិន​ភ្ញាក់​ផ្អើល​នោះ​ទេ ខ្ញុំ​អាច​និយាយ​បាន​ថា អ្នក​ដែល​ជក់​នឹង​ឧបករណ៍​ឌីជីថល​ច្រើន​ ក៏​មាន​បញ្ហា​ក្នុង​ការ​គ្រប់​គ្រង​អារម្មណ៍​ ផ្នែកផ្សេងៗ​ទៀត​ផង​ដែរ»។

អ្នក​ដែល​ជក់​នឹង​ឧបករណ៍​ឌីជីថល​ខ្លាំង សំដៅ​ទៅ​លើ​អ្នក​ដែល​ជក់​ប្រើ​ឧបករណ៍​ឌីជីថល ឬ​ចំណាយ​ពេល​លើ​ប្រព័ន្ធ​ផ្សាយច្រើន​ពេក​ដោយ​មិន​ដឹង​ខ្លួន ឧទាហរណ៍​ដូច​ជា​មើល​កុំព្យូទ័រ​ បន្ទាប់​មក​មើល​ទូរស័ព្ទ។​

​អ្នក​ស្រាវជ្រាវ​មិន​ដឹង​ច្បាស់​ទេ​ថា​ តើ​អ្នក​ដែលជក់​នឹង​ឧបករណ៍​ឌីជីថលអាច​គ្រប់​គ្រង​ខ្លួន​ឯង​បាន​តិច ដោយ​សារ​តែ​ការ​វិវឌ្ឍ​ខួរ​ក្បាល​របស់​ពួក​គេ​ត្រូវ​បាន​ប៉ះពាល់ ឬខួរ​ក្បាល​របស់មនុស្ស​មួយ​ចំនួន​មាន​ទំនោរ​ស្រាប់ទៅលើការ​ជក់ប្រើ​ប្រាស់​ឧបករណ៍​ឌីជីថល។​

លោក​ Lopez បាន​និយាយ​ថា ជំហាន​បន្ទាប់ ​គឺ​ត្រូវ​ធ្វើ​ការ​ស្រាវជ្រាវ​បន្ថែម ដែល​តាម​ដាន​ទម្លាប់​របស់​មនុស្សពី​ពេល​មួយ​ទៅ​ពេល​មួយ​ ដើម្បី​ឲ្យ​ដឹង​ថា​ជំងឺ​ធាត់​ជ្រុល ជា​កត្តាបង្ក​ឲ្យ​មនុស្ស​ជក់​នឹង​ការ​ប្រើ​ប្រាស់​ឧបករណ៍​ឌីជីថល ឬ​អ្នក​ជក់​នឹង​ឧបករណ៍​ឌីជីថល​អាច​បណ្ដាល​ឲ្យ​មាន​ជំងឺ​ធាត់​ជ្រុល៕

ប្រែ​សម្រួល​ដោយ​ សឿន វឌ្ឍនា​ VOA