ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចំនួន​កុមារ​និង​មនុស្ស​ពេញវ័យ​ដែល​ធាត់​លើស​ទម្ងន់ បាន​កើន​ឡើង​ដប់​ដង​ក្នុង​រយៈពេល​៤ទសវត្សរ៍


កុមារ​អាយុ​ប្រាំបី​ខែ​ Santiago Mendoza អង្គុយ​នៅ​ក្នុង​គ្លីនិក​មួយ​ដែល​ព្យាបាល​មនុស្ស​ធាត់​លើស​ទម្ងន់​ក្នុង​ទីក្រុង​ Bogota កាលពី​ថ្ងៃទី​១៩ មិនា ២០១៤។
កុមារ​អាយុ​ប្រាំបី​ខែ​ Santiago Mendoza អង្គុយ​នៅ​ក្នុង​គ្លីនិក​មួយ​ដែល​ព្យាបាល​មនុស្ស​ធាត់​លើស​ទម្ងន់​ក្នុង​ទីក្រុង​ Bogota កាលពី​ថ្ងៃទី​១៩ មិនា ២០១៤។

ការ​សិក្សា​ថ្មី​មួយ​រក​ឃើញ​ថា ការធាត់​លើស​ទម្ងន់ ​ដែល​កើត​មាន​ក្នុង​ចំណោម​កុមារ​និង​មនុស្ស​ពេញ​វ័យ​ទូទាំង​ពិភពលោក​ចាប់​ពី​អាយុ​ចន្លោះ​ពី​៥ឆ្នាំ ដល់​​១៩​ឆ្នាំ បាន​កើន​ឡើង​១០​ដង​ក្នុង​រយៈពេល​៤ទសវត្សរ៍​ចុង​ក្រោយ​នេះ។ ការ​សិក្សា​ទូទាំង​សាកលលោក​ដោយ​មហា​វិទ្យាល័យ​ Imperial College London និង​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក បាន​ឲ្យ​ដឹង​ថា ការធាត់​លើស​ទម្ងន់​សម្រាប់​មនុស្ស​នៅ​ក្នុង​អាយុ​ខាង​លើ​បាន​កើន​ឡើង​ពី​១១​លាន​នាក់។

ទិន្នន័យ​បង្ហាញ​ថា អត្រា​កុមារ​និង​មនុស្ស​ពេញវ័យ​ដែល​ធាត់​លើស​ទម្ងន់ បាន​កើន​ឡើង​យ៉ាង​គំហុក​ទូទាំង​សាកល​លោក​ក្នុង​រយៈពេល​៤ទសវត្សរ៍​ចុងក្រោយ​នេះ ហើយ​នឹង​បន្ត​កើន​ឡើងនៅ​ក្នុង​បណ្តា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប​ និង​មធ្យម។ ការ​សិក្សា​នោះ​បាន​រក​ឃើញថា កម្រិត​អ្នក​ធាត់​លើស​ទម្ងន់​បាន​ធ្លាក់​ចុះ និង​នៅ​នឹង​ថ្កល់​នៅ​ក្នុង​ប្រទេស​ដែល​សម្បូរ​សប្បាយ។ តែ​ទោះជា​យ៉ាងណា​នេះ​ក្តី កម្រិត​ទាំង​នោះ​នៅតែ​ខ្ពស់​ខ្លាំង​មិន​អាច​ទទួល​យក​បាន។​

កាលពី​ឆ្នាំ​២០១៦ ​ការសិក្សា​នោះ​បាន​រក​ឃើញ​ថា អត្រា​អ្នក​ធាត់​លើស​ទម្ងន់ គឺ​ខ្ពស់​ខ្លាំង​បំផុត​នៅ​តាម​តំបន់ ​Polynesia និង​តំបន់​ Micronesia ហើយ​តំបន់​ដែល​មាន​កម្រិត​ខ្ពស់​បន្ទាប់​គឺ​តំបន់​និយាយ​ភាសា​អង់គ្លេស​ដូចជា​សហរដ្ឋ​អាមេរិក​ កាណាដា អូស្ត្រាលី នូវែលសេឡង់ អៀវឡង់​ និង​អង់គ្លេស​ជាដើម។​

អ្នក​សរសេរ​របាយការណ៍​នេះ​បាន​ព្រមាន​ថា បើសិន​ជា​ និន្នាការ​បច្ចុប្បន្ន​នៅ​តែ​បន្ត កម្រិត​កុមារ​និង​មនុស្ស​ពេញវ័យ​ធាត់​លើស​ទម្ងន់​នៅ​ក្នុង​សាកល​លោក​ នឹងកើន​លើស​កុមារ​ដែល​មិន​គ្រប់​ទម្ងន់​និង​ក្មេង​ខ្វះ​អាហារ​រូបត្ថម្ភ​មធ្យម​និង​ធ្ងន់​ធ្ងរ​ខ្លាំង គិត​ដល់​ត្រឹម​ឆ្នាំ​២០២២។ ទាំង​នេះ​ជា​បញ្ហា​ប្រឈម​ដ៏​ធ្ងន់​ធ្ងរ​នៅ​ក្នុង​ទ្វីបអាស៊ី​ និង​ផ្នែក​ខ្លះ​នៃ​តំបន់​ភាគ​ខាងត្បូង​វាល​ខ្សាច់​សាហារ៉ា​ក្នុង​ទ្វីប​អាហ្វ្រិក។

​អ្នក​ស្រី​ Fiona Bull ​អ្នក​សម្របសម្រួល​កម្មវិធី​ឃ្លាំ​មើល​និង​ការពារ​ជំងឺ​មិន​ឆ្លង​តាម​រយៈ​មនុស្ស​នៅ​អង្គការ​សុខភាព​ពិភព​លោក (WHO)​ បាន​និយាយ​ថា ​វិធានការ​ដែល​មាន​ប្រសិទ្ធភាព​ហើយ​ធូរ​ថ្លៃ​ក្នុង​ការ​បញ្ឈប់​ការធាត់​លើស​ទម្ងន់​លើ​កុមារ​និង​មនុស្ស​ពេញ​វ័យ​គឺ​មាន។ ការ​អន្តរាគមន៍​ទាំង​នេះ រួម​មាន​បទ​បញ្ញត្តិ​និង​គោល​នយោបាយ​សារពើពន្ធ។​

អ្នក​ស្រី​បាន​និយាយ​ថា៖

«ការដាក់​បទបញ្ញតិ​ក្នុង​តំបន់​ទីផ្សារ​ដែល​មាន​ការរឹតបន្តឹង ការ​ពិចារណា​លើ​គោល​នយោបាយ​សារពើពន្ធ​ដូច​ជា​ការបង់​ពន្ធ និង​គោល​នយោបាយ​ស្លាក​សញ្ញា​ម្ហូបអាហារ​ ដែល​អាច​ផ្តល់​ព័ត៌មាន​ទៅ​ដល់​អតិថិជន​អំពី​គ្រឿង​ផ្សំ​នៅ​ខាង​មុខ​កញ្ចប់​ដែល​មាន​ដូច​ជា អំបិល ខ្លាញ់ និង​ស្ករ​ជាដើម។ ដំណើរការ​នៃ​ការដាក់​បទបញ្ញតិ និង​ការ​បង្កើន​ការ​យល់​ដឹង​ទាំងនេះ គឺ​ជា​វិធានការ​បញ្ចប់​ការធាត់​លើស​ទម្ងន់​ខ្លាំង ដោយ​យក​សុខភាព​សាធារណៈ និង​គិត​ដល់ប្រជាជន​ជា​ធំ»។

ប៉ុន្តែ​អ្នក​ស្រី Bull ​និយាយ​ថា​កុមារ​គួរ​តែ​ត្រូវ​បាន​ជំរុញ​ឲ្យ​ចំណាយ​ពេល​តិច​ក្នុង​ការ​លេង​ហ្គេម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ឬ​ក៏​មើល​ទូរទស្សន៍។ ពួកគេ​គួរចំណាយ​ពេល​ច្រើន​ធ្វើ​សកម្មភាព​រាងកាយ និង​លេង​កីឡា។ អ្នក​ស្រី​និយាយ​ទៀត​ថា កុមារ​ដែល​ធាត់​ជ្រុល ទំនងជា​នឹង​ក្លាយជា​មនុស្ស​ពេញវ័យ​ដែល​ធាត់ជ្រុល​ដែរ។ ហើយ​ពួកគេ ប្រឈម​នឹង​ហានិភ័យ​ស្លាប់​មុន​អាយុដោយ​សារជំងឺ​ដែល​ទាក់ទងនឹង​ការធាត់​លើស​ទម្ងន់ ដូច​ជាជំងឺ​បេះ​ដូង ជំងឺ​ថ្លើម​ ជំងឺ​មហារីក​ និង​ជំងឺ​ដាច់សរសៃ​ឈាម​ខួរ​ក្បាល​ជាដើម៕

ប្រែសម្រួល​ដោយ​ ទុំ ម្លិះ

XS
SM
MD
LG