អំពើពុករលួយនៅតែជាក្តីបារម្ភសម្រាប់ប្រទេសកម្ពុជា ខណៈនៅឆ្នាំ ២០២៣ កម្ពុជាទទួលជាប់ចំណាត់ថ្នាក់ ១៥៨ក្នុ ងចំណោមប្រទេស និងដែនដី ១៨០ នៅលើពិភពលោក។ នេះបើតាមសន្ទស្សន៍អំពើពុករលួយដែលចេញផ្សាយដោយអង្គការតម្លាភាពកម្ពុជា នៅថ្ងៃអង្គារនេះ។
បើតាមសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយឆ្នាំ ២០២៣ កម្ពុជាទទួលបានពិន្ទុចំនួន ២២ ស្ថិតនៅលេខរៀងទី ១៥៨ ក្នុងចំណោមប្រទេស ១៨០ លើពិភពលោក។ រីឯក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន កម្ពុជាស្ថិតនៅចំណាត់ថ្នាក់បាតតារាង នៅក្រោមតែប្រទេសមីយ៉ាន់ម៉ាមួយប៉ុណ្ណោះ ដែលទទួលបាន ២០ ពិន្ទុ។ ចំណាត់ថ្នាក់របស់កម្ពុជាអន់ថយបន្តិច បើធៀបនឹងឆ្នាំ ២០២២ ដោយកាលពីឆ្នាំ ២០២២ កម្ពុជាទទួលបាន ២៤ ពិន្ទុ នៅលេខរៀងទី ១៥០។
បើតាមរបាយការណ៍ដដែល លទ្ធផលនេះបង្ហាញពីនិន្នាការដ៏គួរឱ្យព្រួយបារម្ភ ដោយសារតែពិន្ទុរបស់កម្ពុជាបន្តប្រែប្រួលឡើងចុះក្នុងចន្លោះពិន្ទុ ២០ បន្តិចបន្តួច ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ជាពិន្ទុដែលទាប បើទោះបីមានភាពប្រសើរឡើងនៅឆ្នាំខ្លះក្តី។
ថ្លែងនៅក្នុងកម្មវិធីផ្សព្វផ្សាយលទ្ធផលនៃការសិក្សារបាយការណ៍ខាងលើ នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី លើកឡើងថា អំពើពុករលួយនៅកម្ពុជាមានទាំងខ្នាតតូច និងខ្នាតធំ ដែលលោកថា អំពើពុករលួយខ្នាតធំប៉ះពាល់ខ្លាំងដល់កម្ពុជា។ លោកបន្ថែមថា ការកែទម្រង់អំពើពុករលួយជាលក្ខណៈប្រព័ន្ធជារឿងចាំបាច់ ហើយអំពើពុករលួយនយោបាយក៏ត្រូវការដោះស្រាយដើម្បីឱ្យផ្នែកផ្សេងទៀតអាចដើរទៅមុខបាន។
លោកថ្លែងថា៖ «ទាក់ទងនឹងអំពើពុករលួយផ្នែកនយោបាយក៏ជាបញ្ហាដែរ ដែលយើងត្រូវតែ Address (ដោះស្រាយ) ដើម្បីឱ្យផ្នែកដទៃទៀតអាចដើរទៅរកភាពល្អប្រសើរបាន រួមទាំងការដោះនូវបញ្ហានីតិរដ្ឋ ការបើកលំហលទ្ធិប្រជាធិបតេយ្យ ការគោរពនូវគោលការណ៍សិទ្ធិមនុស្ស និងការធានានូវគោលការណ៍គណនេយ្យភាពដោយប្រើប្រាស់ប្រព័ន្ធ Check and balance (ត្រួតបែងចែកអំណាច) ដែលយើងជាប្រទេសប្រជាធិបតេយ្យត្រូវមាន»។
បើតាមលោក ប៉ិច ពិសី អំពើពុករលួយបំផ្លាញនូវសន្តិភាព ស្ថិរភាព និងរារាំងមិនឱ្យប្រជាពលរដ្ឋទទួលបានយុត្តិធម៌ ជាពិសេសក្នុងចំណោមជនងាយរងគ្រោះ។
អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ លោក សយ ចាន់វិចិត្រ ប្រាប់វីអូអេថា របាយការណ៍របស់អង្គការតម្លាភាពកម្ពុជាមិនឆ្លុះបញ្ចាំងអំពីស្ថានភាពពិតនៅកម្ពុជាឡើយ។ ទោះជាយ៉ាង លោកថា អង្គភាពប្រឆាំងអំពើពុករលួយអាចចាត់ទុកជាព័ត៌មានមួយដើម្បីពិចារណា។
លោកថ្លែងថា៖ «ប៉ុន្តែសម្រាប់ការណ៍ពិតនៅកម្ពុជា គឺរបាយការណ៍នោះខ្ញុំអាចជម្រាបបានថា មិនបានឆ្លុះបញ្ចាំងអំពីអ្វីជាក់ស្តែងដែលកើតឡើងនៅកម្ពុជាទេ។ អ៊ីចឹងយើងក៏មិនមានអ្វីធ្វើការអត្ថាធិប្បាយទៅលើរបាយការណ៍នេះដែរ»។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា ប្រាប់វីអូអេថា ការចេញរបាយការណ៍នានារបស់អង្គការជាសិទ្ធិរបស់ពួកគេ ដោយលោកថា ប្រទេសណាក៏មានបញ្ហាដែរ ប៉ុន្តែកម្ពុជាបានខិតខំធ្វើកំណែទម្រង់ដោយស្របទៅតាមគោលការណ៍អភិបាលកិច្ចល្អជាដើម។
លោកបញ្ជាក់ថា៖ «ហើយសួរថា តើយើងស្កប់ស្កល់ត្រឹមប៉ុណ្ណឹងទេ? អត់ទេ! សូមមើលយុទ្ធសាស្ត្របញ្ចកោណដែលដាក់ចេញដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នៅតែមានកំណែទម្រង់ និងអភិបាលកិច្ចល្អជាស្នូលដដែល។ រាជរដ្ឋាភិបាលនៅតែបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យមានអភិបាលកិច្ចល្អ កាន់តែប្រសើរឡើងៗបន្ថែមទៀត»។
ប្រទេសដែលទទួលបានចំណាត់ថ្នាក់ល្អជាងគេ ឬហៅថា ប្រទេសស្អាតស្អំពាក់ព័ន្ធនឹងអំពើពុករលួយ រួមមានប្រទេសដាណឺម៉ាក ហ្វ្រាំងឡង់ នូវែលហ្សេឡង់ ន័រវែស និងសិង្ហបុរី ខណៈប្រទេសដែលមានចំណាត់ថ្នាក់ទាបបំផុតរួមមានប្រទេសសូម៉ាលី វ៉េណេស៊ុយអេឡា ស៊ីរី និងស៊ូដង់។
របាយការណ៍ក៏បានផ្តល់អនុសាសន៍មួយចំនួនផងដែរ រួមមានរដ្ឋាភិបាលត្រូវផ្តន្ទាទោសរាល់អំពើពុករលួយ ពង្រឹងគណនេយ្យភាព និងត្រួតពិនិត្យ ធ្វើទំនើបកម្មក្របខណ្ឌច្បាប់ប្រឆាំងអំពើពុករលួយ លើកកម្ពស់តម្លាភាព និងត្រួតពិនិត្យសាធារណៈ និងកម្រិតនៃការប្រកួតប្រជែងសម្រាប់អាជីវកម្ម៕