ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីតអភិបាលក្រុងកែបត្រូវឃុំខ្លួនពីបទរំលោភអំណាចនិងលាងសម្អាតប្រាក់


លោក ខេង យ័ន ត្រូវបានអាជ្ញាធរឃាត់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ ហើយអាជ្ញាធរកំពុងរៀបចំសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការ។ (Facebook/រដ្ឋបាល ក្រុងកែប ខេត្តកែប)
លោក ខេង យ័ន ត្រូវបានអាជ្ញាធរឃាត់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ ហើយអាជ្ញាធរកំពុងរៀបចំសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការ។ (Facebook/រដ្ឋបាល ក្រុងកែប ខេត្តកែប)

ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ឃុំ​ខ្លួន​លោក ​ខេង យ័ន​ អតីត​អភិបាល​ក្រុង​កែប ​កាល​ពី​ថ្ងៃ​ទី ១៤​ ខែ​មករា​ ឆ្នាំ​ ២០២៤​ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​រំលោភ​អំណាច​ និង​បទ​លាង​សម្អាត​ប្រាក់។ ​នេះ​បើ​តាម​អ្នក​នាំ​ពាក្យ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ​និង​តំណាង​អយ្យការ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។​

លោក ​សយ ចាន់​វិចិត្រ ​អ្នក​នាំ​ពាក្យ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​តុលាការ​ទាក់​ទង​នឹង​បទ​ចោទ​ទាំង​ពីរ​នោះ ​ដោយ​សារ​តែ​លោក ​ខេង យ័ន ​បាន​ប្រើ​ប្រាស់​អំណាច ​និង​តួនាទី​ដែល​ជា​អភិបាល​ក្រុង​កែប ​ដើម្បី​ទទួល​បាន​ប្រាក់​ក្រៅ​ច្បាប់​ពី​សេវា​នគរូបនីយ​កម្ម ​សំណង់​ និង​សូរិយោដី។​ លោក​បន្ថែម​ថា ​លោក​ ខេង យ័ន ​មិន​មាន​សិទិ្ធ​ក្នុង​ការ​យក​ប្រាក់​ពី​សេវា​ទាំង​នោះ​ឡើយ។​

លោក ​សយ ចាន់​វិចិត្រ ​ថ្លែង​ថា៖​ «គាត់​អត់​មាន​សិទិ្ធ​ទៅ​យក​លុយ​ពី​គេ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​មក​សុំ​សេវា​ទេ។ ​អ្នក​ដែល​គាត់​សុំ​ស្នើ​សេវា​ហ្នឹង ​(សេវា​នគរូបនីយ​កម្ម ​សំណង់ ​និង​សូរិយោដី) ​គាត់​អត់​មាន​សិទិ្ធ​ស្នើ​សុំ​ទេ។ ​គាត់​អត់​មាន​សិទិ្ធ​ទៅ​ធ្វើ​ចឹង​ទេ ​ប៉ុន្ដែ​ប្រើ​តួនាទី​របស់​គាត់​ហ្នឹង ​គឺ​ដើម្បី​យក​ផល​ប្រយោជន៍​ហ្នឹង»។​

លោក​បន្ដ​ថា​ ចំពោះ​បទ​ចោទ​ប្រកាន់​ទាក់​ទង​នឹង​ការ​លាង​សម្អាត​ប្រាក់ ​ដោយ​សារ​តែ​លោក​ ខេង យ័ន ​បាន​យក​ប្រាក់​ដែល​បាន​ពី​ការ​យក​ថ្លៃ​សេវា​នោះ​ទៅ​ប្រើ​ប្រាស់​ជា​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន។​

កាល​ពី​ចុង​សប្តាហ៍ ​តំណាង​អយ្យការ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​បើក​ការ​ស៊ើប​សួរ​ លោក ​ខេង យ័ន​ ក្រោម​បទ​ចោទ​រំលោភ​អំណាច ​និង​បទ​លាង​សម្អាត​ប្រាក់ ​តាម​មាត្រា ​៣៥ ​នៃ​ច្បាប់​ស្តីពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ ​ដែល​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ២​ឆ្នាំ ​ដល់​ ៥​ឆ្នាំ​ ប្រសិន​បើ​រក​ឃើញ​កំហុស ​និង​តាម​មាត្រា​ ៣ ​និង​មាត្រា​ ៣៨​ នៃ​ច្បាប់​ស្តីពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់ ​និង​ហិរញ្ញប្បទាន​ភេរវ​កម្ម ដែល​ត្រូវ​ផ្ដន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​ ២​ឆ្នាំ​ ដល់​ ៥​ឆ្នាំ។​

កាល​ពី​សប្តាហ៍​មុន ​លោក​នាយករដ្ឋ​មន្រ្ដី ​លោក​ ហ៊ុន ម៉ាណែត ​បាន​សម្រេច​បញ្ចប់​មុខ​តំណែង​របស់​លោក ​ខេង យ័ន ​ពី​អភិបាល​នៃ​គណៈ​អភិបាល​ក្រុង​កែប។ ​

លោក​ ហ៊ុន ម៉ាណែត​ បាន​បញ្ជាក់​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា៖​ «ថ្ងៃ​នេះ ​ខ្ញុំ​មាន​ការ​ចាំ​បាច់​ត្រូវ​អនុវត្ត​អភិក្រម​ទី ៥ គឺ ​«ការ​វះ​កាត់» ​តាម​រយៈ​ការ​ចុះ​ហត្ថលេខា​ដើម្បី​បញ្ចប់​មុខ​តំណែង​របស់​អភិបាល​ក្រុង​កែប​ដែល​បាន​ប្រើ​ប្រាស់​អំណាច​នៃ​តួនាទី​របស់​ខ្លួន​ប្រព្រឹត្ត​អំពើ​ដែល​នាំ​ឱ្យ​ប៉ះ​ពាល់​ដល់​ផល​ប្រយោជន៍​រដ្ឋ ​និង​ផល​ប្រយោជន៍​របស់​ប្រជា​ពលរដ្ឋ​ជា​ច្រើន។ ​ការ​សម្រេច​ចិត្ត​នេះ​គឺ​ផ្អែក​ទៅ​លើ​មូលដ្ឋាន​ច្បាស់​លាស់​នៃ​ការ​ស៊ើប​អង្កេត​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ»៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG