អង្គការ​សិទ្ធិ​មនុស្ស​ថា ជំងឺ​កូវីដ ១៩ អាច​ជា​លេស​ថ្មី​ដើម្បី​ដាក់​កំហិត​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ

និស្សិត​ចិន និង​អ្នក​គាំទ្រ​របស់​ពួកគេ​កាន់​រូប​ដើម្បី​កាន់​វិញ្ញាណក្ខន្ធ​សម្រាប់​លោក​វេជ្ជបណ្ឌិត Li Wenliang នៅ​ក្នុង Westwood រដ្ឋ California កាលពី​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០។

រដ្ឋាភិបាល​នានា​នៅ​ជុំវិញ​ពិភពលោក​កំពុង​ប្រើ​វិបត្តិ​ជំងឺ​កូវីដ ១៩ ដើម្បី​បន្តឹង​ក្បួន​ច្បាប់​នានា​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​បំបិទ​មាត់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អង្គការ​សិទ្ធិ​មនុស្ស និង​អង្គការ​សិទ្ធិ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា។

ឧទាហរណ៍​អំពី​ចំណុច​នេះ​មាន​ជា​ហូរហែ​ដូចជា​ការ​ចាប់​ខ្លួន​លោក​វេជ្ជបណ្ឌិត Li Wenliang ដោយ​អាជ្ញាធរ​ចិន ការ​ចាប់​ខ្លួន​អ្នក​រាយការណ៍​ព័ត៌មាន និង​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ តួកគី និង​ថៃ និង​ក្ដី​រំពឹង​នៃ​ការ​ផាក​ពិន័យ និង​ចាប់​ដាក់​ពន្ធនាគារ​ចំពោះ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន «មិន​ពិត» នៅ​ក្រោម​ច្បាប់​គ្រា​អាសន្ន​ថ្មី​របស់​ប្រទេស​ហុងគ្រី​ជា​ដើម។

មេដឹកនាំ​នានា​បាន​ចាប់ផ្ដើម​ប្រើ​ច្បាប់​ថ្មី ដោយ​មិន​កំណត់​ថា​នឹង​បញ្ចប់​នៅ​ពេល​ណា។ ករណី​នេះ​បាន​ធ្វើ​ឲ្យ​អង្គការ​សិទ្ធិ​មនុស្ស និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​នានា​ព្រមាន​ថា រដ្ឋាភិបាល​ផ្ដាច់ការ​នានា​អាច​រំលោភ​អំណាច​ថ្មី​របស់​ខ្លួន​នេះ​ដើម្បី​បង្ក្រាប​លើ​អ្នក​រិះគន់។

អ្នក​កាសែត​នៅ​ទូទាំង​ពិភពលោក​បាន​រង​ការ​រារាំង​រួច​មក​ហើយ​នៅ​ពេល​ដែល​រាយការណ៍​អំពី​ជំងឺ​កូវីដ ១៩។ ប្រទេស​អាហ្វ្រិក​ខាង​ត្បូង និង​អ៊ីរ៉ង់​បាន​រារាំង​អ្នក​រាយការណ៍​ព័ត៌មាន​មិន​ឲ្យ​សម្ភាសន៍​ប្រភព «មិន​ផ្លូវការ»។ ប្រទេស​ហ្វីលីពីន​អនុញ្ញាត​ឲ្យតែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចូល​ក្នុង​សន្និសីទ​កាសែត​តែ​ប៉ុណ្ណោះ ដោយ​ស្នើ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេង​ទៀត​បញ្ជូន​សំណួរ​ជា​មុន៕