ប្រធានក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិអ្នកស្រី Elisabeth Tichy-Fisslberger បានប្រកាសប្រាប់ប្រតិភូនានាថា អ្នកស្រីទទួលបានលិខិតបន្ទាន់មួយពីអគ្គនាយកអង្គការសហប្រជាជាតិនៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស ដែលលើកឡើងអំពីវិធានការនានាដែលត្រូវធ្វើ ដោយសារតែស្ថានភាពនៃមេរោគកូរ៉ូណាថ្មី។
អ្នកស្រី Tichy-Fisslberger និយាយថា៖ «អគ្គនាយកអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវបញ្ជាក់ថាឲ្យលុបចោលការប្រជុំបន្ទាប់បន្សំទាំងអស់ និងបានលើកទឹកចិត្តឲ្យប្រតិភូនានាកុំធ្វើដំណើរមកកាន់ទីក្រុងហ្សឺណែវចូលរួមអង្គប្រជុំលើកនេះ [រហូតដល់ថ្ងៃទី ២០ ខែមិនា]។ អ្នកស្រីក៏បានស្នើផងដែរថា ក្រុមអ្នកជំនាញសម្រាប់កិច្ចប្រជុំពិសេសនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិរូបណា ដែលមិនទាន់មកដល់ទីក្រុងហ្សឺណែវគឺគួរតែចូលរួមនៅក្នុងអង្គប្រជុំតាមរយៈអនឡាញបែប video conference វិញ»។
កាលពីចុងសប្ដាហ៍មុន អាជ្ញាធរស្វីសបានចាត់វិធានការមិនធ្លាប់មានពីមុនមកនៅក្នុងការហាមឃាត់មិនឲ្យមានការជួបជុំសាធារណៈទ្រង់ទ្រាយធំ ក្នុងគោលបំណងដើម្បីទប់ទល់នឹងការកើនឡើងនៃចំនួនអ្នកឆ្លងមេរោគកូរ៉ូណាវីរុសថ្មី។ ជាលទ្ធផល ព្រឹត្តិការណ៍មួយចំនួនដូចជា ការតាំងពិព័រណ៍រថយន្តអន្តរជាតិ (International Motor Show) ដែលទាក់ទាញមនុស្សចូលរួមប្រហែល ៥ សែននាក់ និងព្រឹត្តិការណ៍តាំងពិព័រណ៍នាឡិកាស្វីស ដែលទាក់ទាញមនុស្សរាប់ពាន់នាក់ ត្រូវបានលុបចោល។
អ្នកនាំពាក្យសិទ្ធិមនុស្សលោក Rolando Gomez បាននិយាយថា ការប្រជុំបន្ទាប់បន្សំចំនួន ២០០ នឹងត្រូវលុបចោលរហូតដល់ចុងបញ្ចប់នៃអង្គប្រជុំលើកនេះរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៅថ្ងៃទី ២០ ខែមិនាខាងមុខ។ លោកបញ្ជាក់ថា ការធ្វើដូច្នេះគឺជារឿងដ៏គួរឲ្យសោកស្ដាយ ប៉ុន្តែនេះគឺជាវិធានការប្រកបដោយការទទួលខុសត្រូវដើម្បីរារាំងការឆ្លងរាតត្បាតនៃមេរោគនេះ។
លោកបានប្រាប់ VOA ថា ការប្រជុំបន្ទាប់បន្សំទាំងនេះជាទូទៅមានមនុស្សចូលរួមជាមធ្យមពី ៤ ពាន់ ទៅ ៦ ពាន់នាក់។ លោកថា ការប្រជុំទាំងនេះគឺមានសារៈសំខាន់ខ្លាំងណាស់។
លោក Gomez ថ្លែងដូច្នេះថា៖ «ខ្ញុំចង់បញ្ជាក់ថា ការប្រជុំបន្ទាប់បន្សំទាំងនេះមិនមែនជាការប្រជុំផ្លូវការរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនោះទេ។ ប៉ុន្តែ ការប្រជុំទាំងនេះធ្វើឡើងស្របពេលជាមួយគ្នា និងមានសារៈសំខាន់ ដោយសារតែការប្រជុំទាំងនេះអាចផ្ដល់ជាព័ត៌មានសម្រាប់ការពិភាក្សាក្នុងនីតិវិធីផ្លូវការ។»។
ការប្រជុំបន្ទាប់បន្សំទាំងនេះត្រូវបានរៀបចំឡើងដោយអង្គការក្រៅរដ្ឋាភិបាល និងប្រទេសនានា។ ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សក៏បានចំណាយពេល និងកិច្ចប្រឹងប្រែងជាច្រើនផងដែរនៅក្នុងការរៀបចំការប្រជុំមួយចំនួនក្នុងគោលបំណងដើម្បីស្វែងយល់អំពីទិដ្ឋភាពជាក់លាក់នៃបញ្ហាសិទ្ធិមនុស្ស ដែលទាមទារឲ្យមានការស្ដាប់ និងវិភាគឲ្យបានទូលំទូលាយជាងមុន។ ប៉ុន្តែការប្រជុំទាំងនេះក៏ត្រូវបានលុបចោលដែរ៕
ប្រែសម្រួលដោយ ភី សុភាដា